អាមេរិកាំង​៖ ពិភពលោក​ខាត​បង់ប្រាក់​ 9លាន​លាន​ដុល្លារ​​ដោយ​សារ​តែ​ចិន

អាមេរិកាំង​៖ ពិភពលោក​ខាត​បង់ប្រាក់​ 9លាន​លាន​ដុល្លារ​​ដោយ​សារ​តែ​ចិន

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ថ្លែង​ថា ខ្ទង់​ប្រាក់​2​ពាន់​លាន​ដុល្លារ​ដែល​ប្រទេស​ចិន​សន្យាថា​នឹង​យក​មក​ជួយ​ដល់​ពិភពលោក​ក្នុងការ​ទប់​ទល់​នឹង​វិបត្តិ​សុខ​ភាព​​ នោះគឺ​វា “មិន​គ្រប់​គ្រាន់​”​ នោះ​ទេ​ បើ​ធៀប​នឹង​ការ​ខាតបង់​ដែល​បង្ក​ឡើង​ដោយវីរុស​COVID-19។

សារ​ព័ត៌មាន​ Reuters បាន​ចេញ​ផ្សាយ​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​ លោក Mike Pompeo កាលពី​ថ្ងៃទី​20​ឧសភា​​បាន​បន្ត​ប្លោង​​សម្ដី​ដាក់​ប្រទេស​ចិន​ ក្នុង​គ្រា​ដែល​ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ប្រឈម​នឹង​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដោយ​សារ​​ COVID-19។

មេដឹកនាំ​វិស័យ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ថ្លែង​ថា ទឹក​ប្រាក់​ចំនួន​2​ពាន់​លាន​ដុល្លារ​​ដែល​ទីក្រុងប៉េកាំង​សន្យា​​ថា​នឹង​យក​មក​ជួយ​ដល់​សកម្ម​ភាព​ទប់​ទល់​នឹង​វីរុស​កូរ៉ូណា​ គឺ​មិនមាន​តម្លៃ​​គ្រប់គ្រាន់​នោះ​ឡើយ​បើ​ធៀបជា​មួយ​នឹង​អាយុ​ជីវិត​មនុស្ស​រាប់សែន​នាក់​ និង​ប្រាក់​រាប់​លាន​លាន​ដុល្លារ​ ដែល​បាន​បាត់​បង់​ពី​ពិភពលោក​ដោយ​សារ​វីរុស​COVID-19។

ប្រាក់​2ពាន់​លាន​ដុល្លារ​ដែល​លោក Pompeo លើក​ឡើង​នោះ​គឺជា​ខ្ទង់​ប្រាក់​ដែល​ប្រធានាធិបតី​ចិន​ ស៊ី ជីនភីង​ បាន​សន្យា​នៅក្នុង​មហាសន្និបាតសុខភាពពិភពលោក​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​តាម​អនឡាញ​កាល​ពី​ថ្ងៃទី​18​ឧស​ភា​កន្លង​ទៅ​។

“ជំងឺ​រាត​ត្បាត​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណជា​90,000​នាក់​បាន​ស្លាប់ មនុស្សជាង​36​លាន​នាក់​នៅ​អាមេរិក​បាន​បាត់​បង់​ការ​ងារ​​រាប់​ចាប់​ពី​ខែ​មីនា​ និង​ធ្វើ​ឱ្យ​មនុស្ស​​300,000​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​បាត់​បង់ជីវិត​។ តាម​ការ​គណនា​របស់​ខ្ញុំ ពិភពលោក​បាន​ខាត​បង់ប្រាក់​​ប្រមាណជា​ 9,000,000,000,000​ (9​លាន​លាន​) ដុល្លារ​អាមេរិក​ ដោយ​សារ​តែ​កំហុស​​របស់​ប្រទេស​ចិន​” នេះ​ជា​សម្ដី​របស់​លោក Mike Pompeo។

លោក​ Pompeo ក៏បាន​ចោទ​ប្រទេស​ចិន​ថា បាន​គំរាម​អូស្ត្រាលី​ទាក់​ទិន​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេតឯករាជ្យ​អំពី​ប្រភព​របស់​COVID-19។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាង​ក៏ចោទ​ប្រធានអង្គ​ការ​​ WHO ថា មាន​ទំនាក់​ទំនង​ “ជិត​ស្និទ្ធ​ខុស​ធម្មតា​ជាមួយ​ទីក្រុង​ប៉េកាំង​ចាប់​ពី​មុន​​មេរោគ​​COVID-19កើត​ឡើ​ងផងដែរ។

WHO និង​ស្ថានទូត​ចិន​​នៅ​សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​មិ​ន​ទាន់​មាន​ប្រតិកម្ម​អ្វី​ចំពោះ​ការ​ចោទ​ប្រកាន់​ខាងលើ​របស់​លោក​ Mike Pompeo នៅ​ឡើយ​។

គិត​មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​ជិត​1.6​លាន​នាក់​ ក្នុង​នោះ​មាន​ជិត​95,000​នាក់​បាន​បាត់​បង់ជីវិត​ ដែល​នេះ​ជា​ស្ថិតិ​របស់​គេហទំព័រ​ Worlddometers៕

Advertisement