ថតបានរូបភាពច្បាស់ត្រជាក់ភ្នែក​នៃ​ភព​ចំនួន​2​ដែលកំពុង ​“ចាប់​កំណើត”​ ​(វីដេអូ)

ថតបានរូបភាពច្បាស់ត្រជាក់ភ្នែកនៃភពចំនួន2ដែលកំពុង “ចាប់កំណើត

រូបភាពទាំងនេះបង្ហាញអំពីភពចំនួន2ដែលមានម៉ាស់(ទម្ងន់នៅក្នុងទីអវកាស) ធ្ងន់ជាងភពព្រហស្បតិ៍ច្រើនដង និងស្ថិតនៅក្នុងប្រព័ន្ធផ្កាយ PDS 70។

ក្រុមអ្នកវិទ្យសាស្ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យា California ថតបានរូបភាពនៃភពចំនួន2ដែលកំពុង “ចាប់កំណើត” នៅក្នុងប្រព័ន្ធផ្កាយ PDS 70 ដែលមានចម្ងាយពីផែនដីប្រមាណជា370ឆ្នាំពន្លឺ។

ភព PDS 70b មានម៉ាស់ធ្ងន់ជាងភពព្រហស្បតិ៍ប្រមាណពី4ទៅ17ដង ខណៈដែលភព PDS 70c មានម៉ាស់ធ្ងន់ជាងប្រមាណពី1ទៅ10ដង បើធៀបនឹងភពព្រហស្បតិ៍ក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្សលោក។

ប្រព័ន្ធផ្កាយ PDS 70
ប្រព័ន្ធផ្កាយ PDS 70

PDS 70 គឺជាប្រព័ន្ធផ្កាយដែលមានភពច្រើនដំបូងគេបង្អស់ដែលក្រុមអ្នកវិទ្យាសាស្ត្រសង្កេតឃើញភពរបស់វាកំពុងស្ថិតក្នុងដំណាក់កាលនៃការកកើត។

មុននោះ ក្រុមអ្នកវិទ្យាសាស្ត្រក៏ធ្លាប់បានថតយករូបភាពភព PDS 70b និង PDS 70c ខាងលើនេះ ប៉ុន្តែរូបភាពមិនបានច្បាស់ល្អដូចពេលនេះ។

ថតបានរូបភាពច្បាស់ត្រជាក់ភ្នែកនៃភពចំនួន2ដែលកំពុង “ចាប់កំណើត"
ស្ថានីយសង្កេតអវកាស W.M.Keck

ឧស្ម័ន និងធីលីអវកាសព័ទ្ធជុំវិញភពទាំង2 បង្កើតបានជាថាសអវកាសដ៏មហិមាដែលបិទបាំងភពទាំង2 ធ្វើឱ្យក្រុមតារាវិទូមានការលំបាកក្នុងការសង្កេត។

រូបភាព និងលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Astronomical Journal។ រូបភាពថ្មី និងច្បាស់ទាំងនេះ ត្រូវបានថតជាប់ដោយស្ថានីយសង្កេតអវកាស W.M.Keck នៅលើកោះ Hawaii សហរដ្ឋអាមេរិក៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement