អាមេរិកាំង​ត្រៀម​បង្កើត​ “ប្រព័ន្ធ​ភ្នែក​ទិព្វនៅលើ​មេឃ” ដើម្បី​តាម​ដាន​អាវុធ​មហាលឿន​របស់​ចិន​និង​រុស្ស៊ី

អាមេរិកាំង​ត្រៀម​បង្កើត​

សហរដ្ឋ​អាមេរិក​កំពុង​រៀប​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​​​រាប់​រយគ្រឿង​ឡើង​ទៅ​កាន់​គម្លង​គោចរ​ផែន​ដីក្នុង​រយៈ​ពេល​5​ឆ្នាំ​ទៀត​​ ដើម្បី​​តាម​ដាន​អាវុធ​មហា​លឿន និង​ឧបករណ៍​បច្ចេក​វិទ្យា​ទំនើប​​​របស់​ប្រទេស​រុស្ស៊ី​ និង​​ប្រទេស​ចិន​។

សារព័ត៌មាន SCMP (South China Morning Post) ដកស្រង់​ឯកសារ​មួយ​របស់​អង្គភាព​អភិវឌ្ឍ​អវកាស​អាមេរិកាំង SDA (Space Development Agency) ឱ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​មាន​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ចំនួន150​គ្រឿង​ឡើងទៅ​កាន់​គន្លង​គោចរ​របស់​ផែន​ដី​ គិត​ត្រឹម​ឆ្នាំ​2024​។ “ភ្នែក​ទេព​” ទាំង​នេះ​​ នឹង​មាន​សមត្ថ​ភាព​ក្នុង​ការ​តាម​ដាន​អាវុធ​មហាលឿន​(hyper-sonic weapons)​ដែល​ត្រូវ​បាន​បាញ់​ចេញ​ពី​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​។ ក្រុម​អ្នក​តាម​ដាន​សភាព​ការណ៍​ពិភពលោក​យល់​ថា អាមេរិកាំង​ធ្វើ​បែប​នេះ​គឺដើម្បី​ជួយ​ឱ្យ​មន្ទីរ​បញ្ច​កោណ​អាច​គ្រប់​គ្រង​ឧបករណ៍​ទាំង​ឡាយ​ដែល​ពួកគេ​បាន​បាញ់​បង្ហោះ​ទៅក្នុង​ទីអវកាស​ និង​ដើម្បី​តាម​ដាន​សកម្ម​ភាព​របស់​ប្រទេស​ចិន និង​រុស្ស៊ី​ ដែល​ជា​គូ​ប្រជែង​សំខាន់​បំផុត​របស់​ខ្លួន។

SCMP ឱ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​កំពុង​ស្វែង​រក​​អ្នក​វិនិយោគ​ដើម្បី​រចនា​ និង​ផលិត​ផ្កាយ​រណប​ដែល​មាន​បំពាក់​ឧបករណ៍​ចាប់​ពន្លឺ​អ៊ីនហ្វ្រារ៉េដ​ដើម្បី​អាច​តាម​ដាន​អាវុធ​ដែល​មាន​ល្បឿន​មហា​លឿន​។ ​ផ្កាយ​រណប​ទាំង​នេះ​នឹង​ស្ថិត​ក្នុង​ក្រុម​ឧបករណ៍​ដំបូង​ទាំង​20​ដែល​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុងការ​បំពេញ​បេសក​កម្ម​ចាប់​ពី​ឆ្នាំ​2022 ដែល​វា​នឹង​បើក​ផ្លូវ​ឱ្យ​មាន​ការ​បាញ់បង្ហោះ​ផ្កាយ​រណប​រាប់​រយ​គ្រឿង​ទៅក្នុង​គន្លង​គោចរ​រយៈ​កម្ពស់​ទាប​របស់​ផែន​ដី​នា​ពេល​ខាងមុខ​។
អាមេរិកាំង​ត្រៀម​បង្កើត​ "ប្រព័ន្ធ​ភ្នែក​ទិព្វនៅលើ​មេឃ" ដើម្បី​តាម​ដាន​អាវុធ​មហាលឿន​របស់​ចិន​និង​រុស្ស៊ីHe Qisong អ្នកជំនាញ​ផ្នែក​សន្តិសុខ​អវកាស​មក​ពី​សាកល​វិទ្យា​ល័យ​ច្បាបនិង​វិទ្យា​សាស្ត្រនយោបាយ​សៀង​ហៃ​បាន​ឱ្យ​ដឹង​ថា គម្រោង​របស់​អាមេរិកាំង​ខាងលើ​នេះ​ អាច​ជួយ​ឱ្យ​ពួកគេ​តាម​ដាន​អាវុធ​ដែល​ប្រទេស​រុស្ស៊ី និង​ចិន​បាន​អភិវឌ្ឍ​។

He Qisong អះអាង​ថា “ប្រព័ន្ធ​ផ្កាយ​រណប​150​គ្រឿង​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ជាង​42,000​គ្រឿង​ទៅក្នុង​ទី​អវកាស​របស់​អាមេរិកាំង​ដើម្បី​តាម​ដាន​រាល់​សកម្ម​ភាព​ តាំង​ពី​កាំជ្រួច​ប្លោង​ល្បឿន​មហា​លឿន​ រ៉ុកកែត​ប្រឆាំង​ផ្កាយ​រណប​ រួម​នឹង​បច្ចេក​វិទ្យា​ទំនើប​ផ្សេង​​ទៀត​របស់​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន​”។

អ្នកជំនាញ​ខាងលើ​បាន​បន្ត​ថា SDA អាច​នឹង​សហការ​ជាមួយ​ក្រុម​ហ៊ុន​​អវកាស​ SpaceX របស់​មហាសេដ្ឋី​ Elon Musk (នៅ​សហរដ្ឋ​អាមេរិក)​ ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ផ្កាយ​រណប​ដ៏​ច្រើន​នេះ​។

ថ្មី​​ៗ​នេះ ​ប្រធានាធិបតី​អាមេរិកាំង លោក Donald Trump បាន​បង្ហើប​ឱ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​កំពុង​អភិវឌ្ឍ​កាំជ្រួច​ប្លោង​ “មហា​អស្ចារ្យ” ដែល​មាន​​ល្បឿន​លឿន​ជាង​​17​ដង​​បើ​ធៀប​ជាមួយ​នឹង​ល្បឿន​របស់​កាំជ្រួច​ប្លោង​ល្បឿន​លឿន​បំផុត​របស់​អាមេរិកាំង​នា​បច្ចុប្បន្ន៕

ប្រភព៖ SCMP

Advertisement