ជប៉ុន​បាញ់​បង្ហោះ​យាន​អវកាស​ដឹក​ទំនិញ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ ISS (វីដេអូ)

ជប៉ុន​បាញ់​បង្ហោះ​យាន​អវកាស​ដឹក​ទំនិញ​ទៅកាន់​ ISS

យាន​អវកាស​ដឹក​ទំនិញ​ HTV ចុង​ក្រោយ​របស់​ប្រទេស​ជប៉ុន​ កាល​ពីម្សិល​មិញ​(20ឧសភា) ​ត្រូវ​បាន​បាញ់​បង្ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​(ISS) ដែល​តាម​គម្រោង​ យាន​នេះ​នឹង​ទៅ​ដល់​គោល​ដៅ​នៅ​ដើម​សប្ដាហ៍​ក្រោយ​។

យាន​អវកាស​​មានឈ្មោះ​ថា HTV-9 ដែល​ត្រូវ​បាន​បំពាក់​​នៅ​ផ្នែក​ខាងមុខ​នៃ​​កាំជ្រួច​ H-IIB ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​ Tanegashima របស់​ប្រទេស​ជប៉ុន​កាលពី​វេលា​ម៉ោង​2​និង​31​នាទី​ព្រឹក​(ម៉ោង​ក្នុង​ស្រុក)។ នេះ​គឺជា​ការ​ហោះ​ហើរ​លើក​ចុង​ក្រោយ​បង្អស់​របស់​យាន​អវកាស​ដឹក​ទំនិញ​ HTV ក៏ដូចជា​រ៉ុកកែត​ H-IIB របស់​ទីភ្នាក់​ងារ​អវកាស​ជប៉ុន​(JAXA)។

អ្នក​នាំ​ពាក្យ​របស់​ NASA លោក Rob Navias បាន​ឱ្យ​ដឹង​ថា “ការ​បាញ់​បង្ហោះ​នេះ​ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ ហើយ​យាន​​នេះ​កំពុង​ឆ្ពៅ​ទៅកាន់​គោល​ដៅ​​តាម​ផែន​ការ​ដែល​បាន​កំណត់​”។

ក្នុង​បេសក​កម្ម​ចុង​ក្រោយ​នេះ HTV-9 ដឹក​ទំនិញ​ទម្ងន់​3,600​គីឡូក្រាម​ រួម​មាន​សម្ភារ​សម្រាប់​អវកាស​យានិក​ ឧបករណ៍​វិទ្យា​សាស្ត្រ​ និង​ថ្ម​ lithium-ion ចំនួន​6​ដុំ។

ក្នុង​ចំណោម​ឧបករណ៍​ខាង​លើ ក៏​មាន​កែវ​ពង្រីក​​ Confocal ថ្មី​ ​សម្រាប់​​ធ្វើ​ការ​​សិក្សា​ស្រាវ​ជ្រាវ​ទៅលើ​​គំរូ​ ឬ​សំណាក​ជីវសាស្ត្រ​​នៅ​ក្នុង​អវកាស​ និង​កែវ​យឹត​អវកាស​ភ្នែក​ពីរ​ iSIM សម្រាប់​សង្កេត​មើល​ផែន​ដី​​ផងដែរ។

HTV គឺជា​យាន​អវកាស​ដឹក​ទំនិញ​ដែល​​ប្រើ​ប្រាស់​តែ​ម្ដង និង​អាច​ដឹក​ទំនិញ​ទម្ងន់​​5.4​តោន​ឯណោះ​។ យាន​នេះ​មាន​ប្រវែង​ប្រហែល​10​ម៉ែត្រ​ និង​ទទឹង​4.4​ម៉ែត្រ​។

ក្នុង​ការ​ហោះ​ហើរ​លើកទី​9​នេះ HTV-9 នឹង​ពិសោធ​ប្រព័ន្ធ​ទំនាក់​ទំនង​អត់​ខ្សែ​មួយប្រភេទ​ ​ដែល​ជា​បច្ចេកវិទ្យា​មួយ​នឹង​ជួយ​ឱ្យ​​ JAXA​ របស់​ជប៉ុន​អាច​ផលិត​យាន​អវកាស​ជំនាន់​ថ្មី​ដែល​មាន​មុខ​ងារ​ចូល​ចត​ដោយ​ស្វ័យ​ប្រវត្ត​ ដែលវា​មាន​ឈ្មោះ​ថា HTV-X។ ប្រទេស​នេះ​ក៏កំពុង​អភិវឌ្ឍ​កាំជ្រួច​រុញ​ច្រាន​ H-III ផងដែរ​ ដើម្បី​ជំនួស​ឱ្យ H-IIB។ តាម​គម្រោង​ យាន​អវកាស​ និង​រ៉ុកកែត​ថ្មី​របស់​ជប៉ុន​ នឹង​ធ្វើ​ការ​ហោះ​ហើរ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​2022​ខាង​មុខ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement