ខឹង​រុស្ស៊ី​មិន​ឱ្យ​ឈ្លប​យក​ការណ៍ Trump ​ដក​អាមេរិក​ចេញ​ពី​សន្ធិសញ្ញា​ “​បើក​​ចំហ​ជើង​មេឃ”! NATO នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​នេះ

ខឹង​រុស្ស៊ី​មិន​ឱ្យ​ឈ្លប​យក​ការណ៍ Trump ​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​

ប្រធានាធិបតីអាមេរិកាំង​ លោក​ Donald​ Trump បាន​ប្រកាស​ថា​ សហរដ្ឋអាមេរិក​នឹង​ចាក​ចេញ​ពី​សន្ធិសញ្ញា​ Open Skies Treaty ​(បើក​​ចំហ​ជើង​មេឃ) ដែល​ត្រូវ​បាន​​ចុះ​ហត្ថ​លេខា​ដោយ​ប្រទេស​ចំនួន​34​ ដោយ​មូលហេតុ​ថា រុស្ស៊ី​បាន​រំលោភ​ជា​ច្រើន​ដង​លើ​សន្ធិសញ្ញា​នេះ​។

មន្ត្រី​នៅ​សេតវិមាន​បាន​ឱ្យ​ដឹង​ថា ដំណើរ​ការ​នៃ​ការ​ចាក​ចេញ​ពី​សន្ធិសញ្ញា​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​រួច​រាល់​ក្នុង​រយៈ​ពេល​6​ខែ​ទៅ​មុខទៀត​​ ប៉ុន្តែ ប្រធានា​ធិបតី​អាមេរិកាំង​នៅ​តែ​ទុក​ផ្លូវ​សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​។ លោក​ Donald Trump បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ម្សិល​មិញ​ (21​ឧសភា​) ថា “ខ្ញុំ​យល់​ថា យើង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ ក៏ប៉ុន្តែ​​ពួក​គេ​មិន​គោរព​តាម​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​។ យើង​នឹង​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ រហូត​ដល់​ពួក​គេ​គោរព​អនុវត្ត​តាម​វា​ (សន្ធិសញ្ញា)”។

សន្ធិសញ្ញា​ “បើក​ចំហ​ជើង​មេឃ” (Open Skies Treaty) ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សហរដ្ឋ​អាមេរិក​ រុស្ស៊ី និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​កាល​ពី​ឆ្នាំ​1992​ និង​មាន​សុពល​ភាព​ចាប់​ពី​ឆ្នាំ​2002​។ សន្ធិសញ្ញា​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ​មាន​តម្លា​ភាព​អំពី​សកម្ម​ភាព​យោធា​របស់​បណ្ដា​ប្រទេស​។ យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ ប្រទេស​ចំនួន​35​ដែល​ជា​ហត្ថាលេខី​ អាច​ធ្វើការ​ឈ្លប​យក​ការណ៍​នៅ​លើ​ដែន​អាកាស​រវាង​គ្នា​នឹង​គ្នា​ ប៉ុន្តែ​ត្រូវ​រាយ​ការណ៍​ប្រាប់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ឱ្យ​បាន​72​ម៉ោង​​ មុន​នឹង​ធ្វើសកម្ម​ភាព​ ដើម្បី​ឱ្យ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​មាន​ពេល​ប្រតិកម្ម​ឆ្លើយ​តប​។

ការ​ចាក​ចេញ​ពី​សន្ធិសញ្ញា​ខាងលើ​នេះ ត្រូវ​​បាន​លើក​ឡើងបន្ទាប់​ពី​ការ​វាយ​តម្លៃ​រយៈ​ពេល​6​ខែ​ ក្នុង​នោះ​​រដ្ឋាភិបាល​របស់​លោក​ Trump បាន​ចោទ​ភាគី​រុស្ស៊ី​ថា បាន​រំលោភ​​កិច្ច​ព្រម​ព្រៀង​ជា​បន្ត​បន្ទាប់​ ដូច​ជា​ការ​រារាំងយន្ត​ហោះ​​​របស់​សហរដ្ឋ​អាមេរិក​មិន​ឱ្យ​ចូល​​ក្នុង​ដែន​អាកាស​ Gruzia និង​ដែន​ដី​ Kaliningrad របស់​សហព័ន្ធ​រុស្ស៊ីជា​ដើម​។ ទីក្រុង​វ៉ាស៊ីង​តោន​ក៏បាន​ចោទ​ទីក្រុង​ម៉ូស្គូ​ថា បាន​ប្រើ​ប្រាស់​សន្ធិសញ្ញា​នេះ​ដើម្បី​​កំណត់​ទីតាំង​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​​សំខាន់​​ៗ​នៅ​សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប​ ក្នុង​បំណង​បង្កើត​សេនារីយោ​សម្រាប់​ការ​វាយ​ប្រហារ​ នៅ​ពេល​សង្គ្រាម​ផ្ទុះ​ឡើង​។

ក៏ប៉ុន្តែ អនុរដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី លោក​ Alexander Grushko បាន​អះអាង​ថា សហព័ន្ធ​រុស្ស៊ី​មិន​បាន​រំលោភ​លើ​កកិច្ច​ព្រម​ព្រៀង​​ខាង​លើ​នេះ​ទេ​ ហើយ​ថា​ “គ្មាន​អ្វី​រារាំង​ការ​ចរចា​លើ​បញ្ហា​បច្ចេក​ទេស​នានា​ដែល​ភាគី​អាមេរិកាំង​បាន​ហៅ​ថា​ ជា​សកម្មភាព​រំលោភ​លើ​​សន្ធិសញ្ញា​នេះ​នោះ​ដែរ​”។

មន្ត្រី​ការ​បរទេស​មួយ​រូប​នៅ​អឺរ៉ុប​បាន​ឱ្យ​សារ​ព័ត៌មាន​ AFP ដឹង​ថា ឯកអគ្គរដ្ឋ​ទូត​ទាំង​អស់​របស់​អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង​ NATO (North Atlantic Treaty Organization) នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នាថ្ងៃទី​22​ឧសភា​នេះ​ បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​ Trump។ កិច្ច​ប្រជុំ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ Brussels ប្រទេស​បែលហ្សិក​​ ដើម្បី​វាយ​តម្លៃ​អំពី​ផល​វិបាក​ដែល​អាច​កើត​ឡើង​ដោយ​សារ​ការ​ចាក​ចេញ​ពី​ “សន្ធិសញ្ញា​បើក​ចំហ​ជើង​មេឃ​” របស់​សហរដ្ឋ​អាមេរិក​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Advertisement