រកឃើញ​កាឡាក់ស៊ី​មួយ​​ដែល​មាន​អាយុ​កាល​ចាស់​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល(វីដេអូ)

រកឃើញ​កាឡាក់ស៊ី​មួយ​​ដែល​មាន​អាយុ​កាល​ចាស់​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល

ក្រុមអ្នក​វិទ្យា​សាស្ត្រ​ទើប​តែ​បាន​រកឃើញ​កាឡាក់ស៊ី​ដែល​មាន​រូប​រាង​ដូច​ថាសមួយ​ និង​មាន​ចម្ងាយ​ពី​ផែន​ដី​ប្រមាណ​ជា12.5​ពាន់​លាន​ឆ្នាំ​ពន្លឺ​ ដែល​នេះ​ជិត​ស្មើ​នឹង​សម័យ​ដំបូង​នៃ​ការ​កកើត​ចក្រវាល​​។

នៅក្នុង​លម្ហ​អវកាស​​ដែល​មាន​អាយុ​កាល​​13.8​ពាន់​លាន​ឆ្នាំ​ពន្លឺ​ កាឡាក់ស៊ី​ស្ទើរ​តែ​ទាំង​អស់​បាន​កកើត​ឡើង​បន្តិច​ម្ដង​ៗ​ក្នុង​រយៈ​ពេល​រាប់​ពាន់​លាន​ឆ្នាំ និង​បានពង្រីក​​មាឌ​រហូត​ដូច​បច្ចុប្បន្ន គឺ​វា​ហាក់​បាន​ហួស​ពេល​បន្តិច​ហើយ​។ ឧទាហរណ៍​ដូចជា​ កាឡាក់ស៊ី​​ Milky Way របស់​មនុស្ស​ វា​បាន​ឆ្លង​កាត់​ព្រឹត្តិ​ការណ៍​ “ច្របាច់​បញ្ចូល​គ្នា​” ជា​ច្រើន​លើកមក​ហើយ​ក្នុង​រយៈ​ពេល​6​ពាន់​លាន​ឆ្នាំ​ដំបូង​រាប់​ចាប់​ពី​ការផ្ទុះ​ Big Bang (Big Bang គឺ​ជា​ព្រឹត្តិការណ៍​ផ្ទុះ​​​ដ៏មហិមាក្នុង​លម្ហ​អវកាស​​ ដែលជា​យុគសម័យ​ដំបូង​បំផុត​នៃ​ការ​ចាប់​កំណើត​របស់​ចក្រវាល)។

ក៏ប៉ុន្តែ របក​គំហើញ​ថ្មី​មួយ​ត្រូវ​បា​នធ្វើ​ឡើង​នៅ​ឯ Atacama Large Millimiter Array (ALMA) ដែល​ជា​ស្ថានីយ​សង្កេត​តារា​ដោយ​រលក​វិទ្យុ​ធំបំផុត​ក្នុង​ពិភពលោក​ ក្នុង​ប្រទេស​ឈីលី​ បានធ្វើ​ឱ្យ​របក​គំហើញ​កាលពី​អតីត​​កាល​ស្ដីអំពី​ការ​ចាប់់កំណើត​របស់​កាឡាក់ស៊ី ហាក់ងាក​ចេញ​ពី​ភាព​ជាក់​ស្ដែង​​បន្តិច​។ នៅក្នុង​របាយការណ៍​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​​ Nature កាលពីថ្ងៃ​ទី​20​ឧសភា​កន្លង​ទៅ​​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​រកឃើញ​កាឡាក់ស៊ី​មួយ​ដែល​មាន​រូប​រាង​ដូច​ថាស​​ និង​ត្រូវបាន​ដាក់​ឈ្មោះឱ្យ​ថា DLA0817g ឬ Wolfe Disk ដែល​វា​បាន​ចាប់​កំណើត​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​ចាប់​កំណើត​របស់​ចក្រវាល​​។

“ដោយ​មាន​ ALMA ពេល​នេះ​យើង​រក​ឃើញ​ភ័ស្ដុតាង​យ៉ាង​ច្បាស់​ដែល​បង្ហាញ​ថា កាឡាក់ស៊ី DLA0817g មាន​វត្តមាន​តាំង​ពី​ 1.5​ពាន់​លាន​ឆ្នាំ​មុន បន្ទាប់​ពី​ការ​ផ្ទុះ​ Big Bang” នេះ​បើតាម Marcel Neeleman ដែលជា​​​ប្រធាន​ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៃ​វិទ្យាស្ថាន​តារាសាស្ត្រ​ Max Planck នៅ​ក្នុង​តំបន់ Heidelberg ប្រទេស​អាល្លឺម៉ង់។​ នេះ​គឺជា​កាឡាក់ស៊ី​រូប​ថាស​​​មាន​វ័យ​ចំណាស់​បំផុត​ដែល​មិន​ធ្លាប់​បាន​រកឃើញ​ពី​មុន​មក​។

កាឡាក់ស៊ី DLA0817g មាន​ចម្ងាយ​12.5​ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ភព​ផែន​ដី​ និង​មាន​ទម្ងន់​ ឬ​ម៉ាស់​ធ្ងន់​ជាង​ព្រះអាទិត្យ​ចំនួន​72​ពាន់​លាន​ដង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា កាឡាក់ស៊ី​នេះ​កំពុង​តែ​វិល​ក្នុង​ល្បឿន​​272​គីឡូម៉ែត្រ​ក្នុង​1វិនាទី​ ពោល​គឺ​ប្រហាក់​ប្រហែល​នឹង​ល្បឿន​របស់​កាឡាក់ស៊ី​ Milky Way​ របស់​យើង​។

រកឃើញ​កាឡាក់ស៊ី​មួយ​​ដែល​មាន​អាយុ​កាល​ចាស់​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល

លោក Neeleman ថ្លែង​ថា “ស្ទើរ​តែ​ទាំង​អស់​នៃ​កាឡាក់ស៊ី​វ័យ​ចំណាស់​ដែល​យើង​បាន​រកឃើញ​​កន្លង​មក សុទ្ធ​តែ​កកើត​ឡើង​បន្ទាប់​ពី​​ការ​ “ច្របាច់​បញ្ចូល​គ្នា​” ដ៏ខ្លាំង​ក្លា​រវាង​បណ្ដា​កាឡាក់ស៊ី​តូច​ៗ និង​ពពក​ឧស្ម័ន​យក្ស​នានា​។ នោះ​គឺជា​ក្រុម​ដ៏​ច្របូកច្របល់​។ រូបមន្ត​នេះ​មិន​អាច​បង្កើត​បាន​ជា​ “ថាស​វិល​ត្រជាក់” និង​មាន​របៀបរៀប​រយ​​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​កាឡាក់ស៊ី DLA0817g នោះ​ទេ​”។

យោង​ទៅ​តាម​ការ​វិភាគ​នៅលើ​កុំព្យូទ័រ​ ក្រុម​អ្នកវិទ្យា​សាស្ត្រ​យល់​ថា ប្រព័ន្ធ​វត្ថុ​ធាតុ​ងងឹត​ដ៏​មហិមា​ក្នុង​អវកាស​ នា​សម័យ​កកើត​ដំបូង​ អាច​ជាអ្នក​បង្កើត​ឱ្យ​មាន​កាឡាក់ស៊ី​ត្រជាក់​នានា​។

“យើង​គិត​ថា​ Wolfe Disk មាន​ការ​វិវឌ្ឍន៍​តាម​រយៈ​ការ​ប្រមូល​ផ្ដុំ​នៃ​ឧស្ម័ន​ត្រជាក់​​ដែល​កើត​មាន​ឡើង​ពី​​បណ្ដាញ​វត្ថុ​ធាតុ​ងងឹត។ ប៉ុន្តែ សំណួរ​សួរ​ថា​ តើ​ធ្វើ​បែប​ណា​ទើប​​ផ្ទាំង​ឧស្ម័ន​ដ៏មហិមា​ដូច្នេះ​អាច​កើត​ឡើង​បាន​ ខណៈ​ដែល​វា​នៅ​តែ​អាច​រក្សា​ថាស​យក្ស​ឱ្យ​​វិល​ក្នុងល្បឿន​ប្រកប​ដោយ​ស្ថិរ​ភាព​បែប​នេះ​?​”។

Neeleman និង​ក្រុម​ការ​ងារ​បាន​រកឃើញ​កាឡាក់ស៊ី​ DLA0817g នេះ​ នៅ​ពេល​ពួក​គេ​ពិនិត្យ​ទៅលើ​ពន្លឺ​នានា​នៃ​វត្ថុ​អវកាស​ដែល​នៅ​​សែន​ឆ្ងាយ​ និង​ភ្លឺ​ខ្លាំង​ (quasar)។ ពន្លឺពី​ quasar ត្រូវ​បាន​ស្រូប​យក​នៅ​ពេល​វា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ “ផ្ទាំង​ឧស្ម័នអ៊ីដ្រូសែន​យក្ស” ដែល​ព័ន្ធ​ជុំ​វិញ​កាឡាក់ស៊ី​។ នោះ​គឺជា​វិធី​ប្រយោល​​ដែល​​ជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​រកឃើញ​កាឡាក់ស៊ី​ដែល​នៅ​សែន​ឆ្ងាយ​ពី​ភព​ផែន​ដី​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស

Advertisement