នាយក​ធនាគារ​ម្នាក់​ ​រួច​ផុត​ពី​​​ការ​ស្លាប់​ក្នុង​ករណី​ធ្លាក់​យន្ត​ហោះ​នៅ​ប៉ាគីស្ថាន

នាយក​ធនាគារ​​ និង​អ្នក​ដំណើរ​ម្នាក់ទៀត​បាន​រួច​ផុត​ពី​ការ​ស្លាប់​ដ៏អស្ចារ្យ​ នៅក្នុង​ករណី​ធ្លាក់​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ប៉ាគីស្ថាន​។

លោក Zafar Masood ដែលជា​​គនាយក​ធនាគារ​ខេត្ត​ Punjab នៅ​ប្រទេស​ប៉ាគីស្ថាន​ ត្រូវ​បាន​រំដោះ​ខ្លួន​​ចេញ​ពី​កន្លែង​កើត​ហេតុ​​ភ្លាម​ៗ​ និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ បន្ទាប់​ពី​យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​អន្តរ​ជាតិ​ប៉ាគីស្ថាន PIA (Pakistan International Airlines) បាន​ធ្លាក់​​ទៅ​លើ​​ទី​ក្រុង​ការ៉ាជី (Karachi)​កាល​ពី​ម្សិល​មិញ​។

“សូម​អរគុណ​ច្រើន​ដល់​អ្នក​រាល់​គ្នា​។ ទេវតា​មាន​មេត្តា​ចំពោះ​ខ្ញុំ” Zafar Masood ថ្លែង​បែប​នេះ​ចំពោះ​ក្រុម​មន្ត្រី​ដែល​បាន​មក​សួរ​សុខ​ទុក្ខ​គាត់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។

យន្តហោះ​មាន​ស្លាក​លេខ​ PK 8303 ដែល​បាន​ហោះ​ចេញ​ពី​ Lahore ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​ Jinnah ក្នុង​ទី​ក្រុង​ ការ៉ាជី និង​​មាន​ដឹក​អ្នក​ដំណើរ​ជិត​100​នាក់​ បាន​ធ្លាក់​ទៅលើ​ទីប្រជុំ​ជន​ក្បែរ​អាកាសយានដ្ឋាន​។ ភាគី​ក្រុម​ហ៊ុន​ PIA សង្ស័យ​ថា គ្រោះ​ថ្នាក់​នេះ​បណ្ដាល​មក​ពី​កំហុស​បច្ចេក​ទេស​។

ក្រុម​មន្ត្រី​រដ្ឋា​ភិបាល​ប៉ាគីស្ថាន​បាន​ឱ្យ​ដឹង​ថា មនុស្ស​2​នាក់​​នៅ​មាន​ជីវិត​ក្នុង​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​នេះ​ ខណៈ​ដែល​ទូរទស្សន៍​ក្នុងស្រុក​ផ្សាយ​ថា មាន​មនុស្ស​3​នាក់​បាន​រួច​ផុត​ពីការ​ស្លាប់​​ ដោយ​ពួកគេ​សុទ្ធ​តែ​អង្គុយ​នៅ​ផ្នែក​ខាង​មុខ​របស់​យន្ត​ហោះ​៕

Advertisement