ឆេះ​កំពង់ផែ​នៅ​សហរដ្ឋ​អាមេរិក(មាន​វីដេអូ)

ឆេះ​កំពង់ផែ​នៅ​សហរដ្ឋ​អាមេរិក

កាលពីថ្ងៃទី​23​ឧសភា​កន្លងទៅ​​ ក្រុម​ពន្លត់​អគ្គិភ័យ​ជាង​100​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​កន្លែង​​មាន​​អគ្គិភ័យ​​​កើត​ឡើង​ ដែល​ស្ថិត​ក្នុង​កំពង់​ផែ Pier 45 នា​ទីក្រុង​ San Francisco រដ្ឋ​ California នៃ​សហរដ្ឋ​អាមេរិក​។

អណ្ដាត​ភ្លើង​បាន​ឆេះសន្ធោ​សន្ធៅ​នៅវេលា​ម៉ោង​7​និង​17​នាទី​ម្សិល​មិញនៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​(ម៉ោង​18​និង​17​នាទី​នៅកម្ពុជា​) បាន​បណ្ដាល​ឱ្យ​ស្រុត​អគារ​មួយ​ក្នុង​កំពង់​ និង​បាន​ឆេះ​រាលដាល​ដល់​អគារ​មួយ​ចំនួន​ផ្សេង​ទៀត​។ មក​ដល់​បច្ចុប្បន្ន សមត្ថកិច្ច​មិន​ទាន់​រកឃើញ​មូលហេតុ​នៃ​ហេតុ​ការណ៍​នេះ​នៅ​ឡើយ​។

អ្នក​នាំ​ពាក្យ​របស់​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​​នៅ​ San Francisco បាន​ឱ្យ​ដឹង​ថា កប៉ាល់​ពន្លត់​អគ្គិភ័យ​ St. Francis ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ហើយ​ក៏​បាន​ការ​ពារ​​ SS Jeremiah O’Brien (នាវា​ប្រវត្តិ​សាស្ត្រ​ដែល​ត្រូវ​បាន​សាង​សង់​​ឡើង​កាល​ពី​សង្គ្រាម​លោក​លើក​ទី​2) ដោយ​ជោគ​ជ័យ​។ ក្រៅ​ពី​នេះ នាវា​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត​ក៏​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ផងដែរដើម្បី​ជួយ​ដល់​សកម្ម​ភាព​អន្លត់​ភ្លើង​​។

សូម​បញ្ជាក់​ថា SS Jeremiah O’Brien គឺជា​នាវា​ចម្បាំង​មួយ​គ្រៀង​ដែល​ត្រូវ​​បាន​កងទ័ពជើង​ទឹក​សហរដ្ឋ​អាមេរិក​ផលិត​ឡើង​កាល​ពី​សង្គ្រាម​លោក​លើក​ទី​2​ ដែល​ឈ្មោះ​របស់​វា​ត្រូវ​បាន​ដាក់​ទៅ​តាម​ឈ្មោះ​​របស់​មេបញ្ជា​ការ​នាវា​នេះ គឺលោក Jeremiah O’Brien។ នេះ​គឺជា​នាវា​មួយ​ក្នុង​ចំណោម​នាវា​ដ៏តិច​តួច​ដែល​នៅ​​​សល់​របស់​ក្រុម​​នាវា​ទាំង​6,939​គ្រឿង​ដែល​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​ Normandy ប្រទេស​បារាំង​កាល​ពី​ឆ្នាំ​1944​ ក្នុង​ការ​បើក​យុទ្ធ​នាការ​ទ្រង់​ទ្រាយ​ធំ​ ប្រឆាំង​នឹង​ណាស៊ី​​របស់​​អាល្លឺម៉ង់​​នៅក្នុង​សមរភូមិ​អឹរ៉ុប​ខាង​លិច​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Advertisement