ចិន​​ “ត្រៀម​ខ្លួន​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​” ដែល​ប្រទេស​ជាតិ​​អាច​​ជួប​ប្រទះនា​ពេល​ខាងមុខ

ចិន​​

រដ្ឋាភិបាល​​​ចិន​ដែល​កំពុង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ដើម្បី​ផ្លាស់​ប្ដូរ​​ការ​ផ្ដោត​លើ​ការ​នាំ​ចេញទៅ​កាន់​ទីផ្សារ​បរទេស​​ ហើយ​ងាក​មក​ផ្ដោត​លើ​ទីផ្សារ​ក្នុង​​ស្រុក​ជា​ចម្បង​ បាន​បង្ហាញ​ថា លោក​ស៊ី ជីន​ភីង​កំពុង​ត្រៀម​​ខ្លួន​សម្រាប់​ទប់​ទល់​នឹង​សេនារីយោ​អាក្រក់​បំផុតនា​ពេល​អនាគត​។ ​​​នេះ​បើ​តាមការ​យល់​ឃើញ​របស់​​​សេដ្ឋ​វិទូនានា។

នៅ​ចំពោះ​មុខ​ទីប្រឹក្សា​​កំពូល​ៗ​រាប់សិប​នាក់​នា​​ទីក្រុង​ប៉េកាំង​កាល​ពីថ្ងៃទី​23​ឧសភា​កន្លង​ទៅ​ ប្រធានាធិបតី​ចិន​ លោក​ស៊ី​ ជីនភីង​ មាន​ប្រសាសន៍​ថា ប្រទេស​ចិន​កំពុង​តែ​តាម​ចាប់​គម្រោង​អភិវឌ្ឍន៍​ថ្មី ក្នុង​នោះ​ “ចរាចរណ៍​(ទីផ្សារ​) ក្នុង​ស្រុក​ នឹងដើរ​តួនាទី​សំខាន់​បំផុត​”។

លោក ស៊ី​ ជីនភីង​ បន្ត​ថា “អនាគត យើង​ត្រូវ​តែ​ចាត់​ទុក​តម្រូវ​ការ​នៃ​ទីផ្សារ​ក្នុង​ស្រុក​ជា​ចំណុច​ចាប់​ផ្ដើម​ និង​ជា​គ្រឹះ​ដ៏រឹងមាំ​នៅ​ពេល​យើង​ពន្លឿន​ការ​កសាង​ប្រព័ន្ធ​តម្រូវ​ការ​ក្នុង​ស្រុក​ និង​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា​ និង​វិស័យ​ផ្សេង​ៗ​ទៀត​”។

សុន្ទរកថា​របស់​លោក​ស៊ី ជីន​ភីង​ បាន​បង្ហាញ​ថា ទីក្រុង​ប៉េកាំង​កំពុង​តែ​បោះ​បង់​យុទ្ធ​សាស្ត្រ​ “វាយ​លុក​ទីផ្សារ​បរទេស​​”​ ដែល​ត្រូវ​បាន​អនុវត្ត​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​1990​ ដែល​ធ្លាប់​​បាន​ជួយ​លើក​ស្ទួយ​កំណើន​សេដ្ឋ​កិច្ច​ និង​នាំ​ឱ្យចិន​ក្លាយ​ជា​ខឿន​សេដ្ឋ​កិច្ច​ធំ​ទី​2​ក្នុង​ពិភពលោកអំឡុង​ប៉ុន្មាន​​​ឆ្នាំ​ចុង​ក្រោយ​នេះ​។

“នោះ​គឺជា​ការ​ត្រៀម​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​ ដែល​រួម​ទាំង​ការ​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​អាមេរិកាំង​ ឬ​ជាមួយ​ពិភព​អឺរ៉ុប​ទាំង​មូល​” នេះ​បើ​តាម​ Hu Xingdou ដែល​ជា​អ្នក​ឯកទេស​ផ្នែក​សេដ្ឋកិច្ចឯក​រាជ្យ​មក​ពី​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​​ប៉េកាំង​។

លោក​ Hu ថ្លែង​ថា ប្រទេស​ចិន​មិន​មាន​ជម្រើស​ណា​ក្រៅ​ពី​ការ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​នោះ​ទេ​ ប៉ុន្តែ លោក Hu បាន​ព្រមាន​ថា​ ប្រទេស​ចិន​មិន​អាច​បំផ្លាញ​កំណែ​ទម្រង់​ទីផ្សារ​ ឬ​វិល​ត្រឡប់​ទៅ​កាន់​ធាតុ​ដើម​​ដែល​ប្រកប​ដោយ​ការ​បិទ​បាំង​ផ្នែក​​ទីផ្សារ​​ ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋ​អំណាច​នោះ​ដែរ​។​ លោក Hu យល់​ថា​ ប្រទេស​ចិន​គួរ​តែ​ប្រឹង​ប្រែង​​បញ្ចុះ​បញ្ចូល​​ផ្នែក​ដែល​នៅ​សល់​របស់​ពិភពលោក​​ ដោយ​បញ្ជាក់​ថា​ ប្រទេស​ចិន​នឹង​មិន​មាន​គម្រោង​កសាង​រូប​មន្ត​សេដ្ឋកិច្ច​ផ្ទុយ​ពី​ប្រព័ន្ធ​ទី​ផ្សារ​សេរី​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។

លោក​ ស៊ី ជីន​ភីង​ មាន​ប្រសាសន៍​ថា ចិន​នឹង​មិន​វិល​ត្រឡប់​ទៅ​រក​ទីផ្សារ​ផែន​ការ​ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋាភិបាល​នោះ​ទេ

យោង​តាម​យុទ្ធ​សាស្ត្រ​កំណត់​ទិស​ដៅ​ក្នុងការ​នាំ​ចេញ​កន្លង​មក​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​បក​ប្រែ​តាម​ភាសា​ចិន​ថា “ចូល​ធំ ចេញ​ធំ” ដោយ​ប្រទេស​ចិន​កំណត់​គោល​ដៅ​ទីផ្សារ​ទូទាំង​ពិភពលោក​ និង​អនុវត្ត​ផែន​ការ​របស់​ខ្លួន​ ដោយ​ការ​នាំ​ចូល​គ្រឿង​បន្លាស់ ហើយ​ក្រោយ​មក​ដំឡើង​ជា​ផលិត​ផល​សម្រេច​ រួច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​វិញ។

យន្ត​ការ​ ឬ​យុទ្ធ​សាស្ត្រ​ខាង​លើ​នេះ បាន​បង្ហាញ​ប្រសិទ្ធ​ភាព​​បន្ទាប់​ពី​ប្រទេស​ចិន​បានក្លាយ​ជា​សមាជិក​នៃ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO)កាល​ពី​ឆ្នាំ​2001 ហើយវា​ក៏​​បាន​ជួយ​ប្រទេស​នេះ​ក្លាយ​ជា​ “រោងចក្រ” របស់​ពិភពលោក​។ ប៉ុន្តែ រូប​មន្ត​នេះ​ កាន់​តែ​បាត់​បង់​ឥទ្ធិពល​​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ នៅ​ពេល​ចិន​ត្រូវ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​ពី​បណ្ដា​ប្រទេស​ រួម​នឹង​សង្គ្រាម​ពាណិជ្ជ​កម្ម​​ជាមួយ​អាមេរិកាំង​។ល។ ទាំង​នេះ កំពុង​ជំរុញ​ឱ្យ​ប្រទេស​ចិន​មាន​គោលបំណង​ពង្រីក​ និង​ពង្រឹង​ភាព​ម្ចាស់​ការ​នា​ពេល​ខាង​មុខ​។

លោក​ ស៊ី ជីន​ភីង​ បាន​ថ្លែង​ថា “ពេល​នេះ​ យើង​ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​រីកចម្រើន​នៅក្នុង​ពិភព​មួយ​ដែល​ពោរពេញ​ដោយ​អស្ថិរភាព​ និង​ប្ដូរ​ផ្លាស់​ជា​ប្រចាំ​”។

លោក ស៊ី ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ចិន​ខ្លួន​ឯង​ មាន​ម្ចាស់​ការ​ជាង​នេះ ទៅ​លើ​បច្ចេក​វិទ្យា​ និង​ទីផ្សារ​ ពិសេស​លោក​បាន​លើក​ឡើង​អំពី​វិស័យ​សេដ្ឋ​កិច្ច​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា​ឌីជីថល ផលិត​កម្ម​ឆ្លាតវៃ វិទ្យា​សាស្ត្រសុខាភិបាល​ និង​វត្ថុ​ធាតុ​ថ្មី​ ​ជា​បណ្ដា​វិស័យ​ដែល​ប្រទេស​ចិន​ត្រូវ​ការ​លើក​ស្ទួយ​ជា​អាទិភាព។ លោក ស៊ី ជីន​ភីង​ ថា ប្រទេសចិន​នឹង​ឈរ​នៅ​ខាង​​ “ភាព​ត្រឹម​ត្រូវ​របស់​ប្រវត្តិ​សាស្ត្រ” ដើម្បី​បញ្ជាក់​អំពី​លទ្ធិ​ពហុ​ភាគី​និយម​ និង​មិន​បិទ​ទ្វារ​បង្ខាំង​ខ្លួន​ពី​ពិភពលោក​ខាង​ក្រៅ​។ ជំនួស​មក​វិញ ប្រទេស​ចិន​នឹង​នៅ​តែ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ទៅ​តាម​រូបម​ន្ត “បើក​ទូលាយជើង​មេឃ”។

Raymond Yeung សេដ្ឋវិទូ​ចិន​មក​ពី​ធនាគារ ANZ បាន​ឱ្យ​ដឹង​ថា​ ការ​ប្ដូរ​ផ្លាស់​យុទ្ធ​សាស្ត្រ​របស់​ចិន​ កើត​ចេញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​របស់​​ទីផ្សារ​ខាងក្រៅ​ប្រទេស​ដែល​នឹង​មិន​អាច​ងើប​​ឡើងវិញ​បាន​ក្នុង​រយៈ​ពេល​ពី​2​ ឬ​3​ឆ្នាំ​ខាង​មុខ​។

លោក Raymond Yeung ថ្លែង​ថា “​នេះ​គឺជា​ទិស​ដៅ​នៃ​ការ​ប្ដូរ​ផ្លាស់​សេដ្ឋកិច្ច​។ សំណួរ​សួរ​ថា តើ​ពួក​គេ​នឹង​ត្រូវ​ធ្វើ​បែប​ណា​?”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement