“មេស្ដេច​ល្បែង​នៅ​ម៉ាកៅ”​ ទទួល​មរណភាព​ហើយ

Stanley Ho Hung-sun

Stanley Ho Hung-sun ដែល​ជា​មេដឹក​នាំរបស់​ SJM Holdings ដែល​ជា​​ក្រុម​ហ៊ុន​ល្បែង​ (កាស៊ីណូ/Casino) ធំជាង​គេ​បង្អស់​នៅ​អាស៊ី​ ក្នុង​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍​ បាន​ទទួល​មរណ​ភាព​ក្នុង​វ័យ​98​ឆ្នាំ​។

CCTV ថ្ងៃ​នេះ​ (26ឧសភា) បាន​ចេញ​ផ្សាយ​ថា មេ​ល្បែង​ Stanley Ho បាន​ស្លាប់​នៅ​ក្នុង​វ័យ​98​ឆ្នាំ​។ លោកគឺជា​អ្នក​ដែល​បាន​ដឹក​នាំក្រុម​ហ៊ុន​កាស៊ីណូ​ SJM Holdings នៅ​ម៉ាកៅ ឱ្យ​ក្លាយ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​កាស៊ីណូ​ធំជាង​គេ​ក្នុង​ពិភពលោក​។ កេរ្ដិ៍​ឈ្មោះ​របស់​លោក​ក៏​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​រីក​ចម្រើន​របស់​ទីក្រុង​ម៉ាកៅ ក្នុង​ដំណើរ​លោត​រំលង​ Las Vegas ដើម្បី​ក្លាយ​ជា​អាណាចក្រ​ល្បែង​ទូទាំង​ពិភពលោក​។

លោក Stanley Ho មាន​ស្រុក​កំណើត​នៅ​ហុង​កុង ក្នុង​គ្រួសារ​អ្នក​មាន​មួយ​។ លោក​ធ្លាប់​ជា​មហាសេដ្ឋី​ម្នាក់​នៅ​អាស៊ី​ក្នុង​រយៈ​ពេល​រាប់​ទសវត្សរ៍​។ ទ្រព្យ​របស់​លោក ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ឃើញ​ថា ប្រហែល​50​ពាន់​លាន​ដុល្លារ​ហុង​កុង​ (6.4​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​2018។

លោក Allan Zeman អគ្គនាយក​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Wynn Macau ដែល​ជា​គូប្រជែង​មួយ​របស់​លោក Stanley Ho​ បាន​ឱ្យ​ដឹង​ថា “នេះ​គឺ​ជា​ការ​បញ្ចប់​នៃ​យុគ​សម័យ​មួយ​។ គាត់​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​​ហុង​កុង​។

លោក Stanley Ho មាន​ភរិយា​ចំនួន​4​នាក់ និង​មាន​កូន​ចំនួន​17​នាក់។ លោក​ធ្លាប់​បង្កើត​រចនា​សម្ព័ន្ធ​ក្រុម​ហ៊ុន​ល្បែង​ SJM Holdings ឡើង​វិញ​ បន្ទាប់ពី​សង្គ្រាម​ផ្លូវ​ច្បាប់​ទាក់​ទិន​នឹង​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួ​សារ​កាលពី​ឆ្នាំ​2012​។

ដោយ​សារ​តែ Stanley Ho បាន​ចូល​និវត្តន៍​តាំង​ពី​2ឆ្នាំ​មុន ដូច្នេះ​ក្រុម​អ្នក​វិភាគ​យល់​ថា មរណភាព​របស់​គាត់​នឹង​មិន​ប៉ះពាល់​ដល់​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​ក្រុម​ហ៊ុន​កាស៊ីណា​ SJM Holdings នេះ​ទេ​។ SJM Holdings ត្រូវ​បាន​គេ​កំណត់​​តម្លៃ​​​ប្រមាណ​ជា​​ 6​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

Advertisement