ចិន​បង្កើន​វិសាល​ភាព​នៃ​សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុងកុង!​ ​ពលរដ្ឋ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​ ខណៈ​ប៉ូលិស​ថា​នឹង​មិន​អត់​ឱន

ចិន​បង្កើន​វិសាល​ភាព​នៃ​សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុងកុង!​ ​ពលរដ្ឋ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​ ខណៈ​ប៉ូលិស​ថា​នឹង​មិន​អត់​ឱន

ប្រទេស​ចិន​បាន​បញ្ចូល​អង្គ​ការ​នានា​ទៅ​ក្នុង​ដែន​កំណត់​របស់​សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង​ដែល​កំពុង​តែ​បង្ក​ឱ្យ​មាន​ការ​រិះ​គន់យ៉ាង​ខ្លាំង​ក្លា​​នាបច្ចុប្បន្ន នេះ​បើតាម​សារ​ព័ត៌​មាន​នៅ​ហុង​កុង​។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​នៅ​ទីក្រុង​ហុង​កុង​ រួម​មានស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​​ RTHK (Radio Television Hong Kong) និង​កាសែត​ SCMP (South China Morning Post) កាលពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុងកុង​ត្រូវ​បាន​ពង្រីក​​វិសាល​ភាព​​​​បន្ថែម​ទៀត​ ដោយ​បូក​បញ្ចូល​​ “សកម្ម​ភាព​នានាដែល​នាំ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​”។

ក្រុម​មេធាវី​នៅ​ចិន​ដីគោក​ ដែល​ជា​អ្នក​ធ្លាប់​បាន​ចាត់​ការ​លើបញ្ហា​ទាក់​ទិន​នឹង​សន្តិសុខ​កន្លង​មក និយាយ​ថា “ការ​កែប្រែ​ ឬ​បន្ថែម​វិសាល​ភាព​(នៃ​សេចក្ដី​ព្រាង​ច្បាប់សន្តិសុខ​ហុង​កុង​) មិន​ត្រឹម​តែ​ផ្ដោត​លើ​ឯក​ជន​នោះ​ទេ​ តែ​គឺ​បូក​រួម​ទាំង​អង្គ​ការ​ដែល​ស្ថិត​ក្រោម​ច្បាប់​ទាំង​អស់​ផងដែរ​” នេះ​បើ​តាម​ RTHK។

ពុំ​ទាន់​មាន​សេចក្ដីលម្អិត​បន្ថែម​ត្រូវ​បាន​លើក​ឡើង​ ប៉ុន្តែ ប្រភព​ព័ត៌មាន​នានា​និយាយ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​មិន​ត្រឹម​តែ​ទប់​ស្កាត់​​ និង​ដាក់​ទោស​លើ​ “សកម្ម​ភាពប្រឆាំង​” នានា​នោះ​ទេ តែ​ច្បាប់​នេះ​ក៏​នឹង​រាប់​បញ្ចូល​ទាំង​សកម្ម​គំរាម​កំហែង​ដល់​សន្តិសុខ​ផងដែរ​។ សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង​នឹង​ត្រូវ​បាន​បោះ​ឆ្នោត​អនុម័ត​នៅ​ថ្ងៃទី​28​ឧសភា​ខាង​មុខ ហើយ​ក្រោយ​មក​នឹង​ត្រូវ​បញ្ជូនទៅ​កាន់​គណៈកម្មាធិការអចិន្ត្រៃយ៍​នៃសភា​​ប្រជា​ជន​ចិន NPC (National People’s Congress) ដែល​ជា​ស្ថាប័ន​បង្កើត​ច្បាប់​កំពូល​របស់​ចិន​ ដើម្បី​ត្រួត​ពិនិត្យ​លម្អិត​។

ប្រភព​មួយ​បាន​ឱ្យ​ដឹង​ថា​ តំណាង​រាស្ត្រ​ហុងកុង​ភាគ​ច្រើន​នៅ​ NPC បាន​គាំទ្រ​​ការ​ពង្រីក​វិសាល​ភាព​​នៃ​​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ តំណាង​រាស្ត្រ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ជំទាស់​ នោះគឺ​ Michael Tien Puk-sun ដែល​ជា​អ្នក​ដាក់សំណួរ​សួរ​ថា​ “តើ​ការ​កែ​ប្រែ​នេះ​នឹង​មានផល​ប៉ះពាល់​បែប​ណា​ទៅ​លើ​អ្នក​ដែល​ចូល​រួម​ធ្វើ​បាតុ​កម្ម​ហើយ​ស្រាប់​តែ​បាតុ​កម្ម​នោះ​បាន​ក្លាយ​​ជា​អំពើ​ហិង្សា​?”។

“ការ​រឹត​បន្តឹង​មិន​គួរ​ខ្លាំងក្លា​ជា​ង​មាត្រា​ទី​23​នោះ​ទេ​” លោក Michael Tien Puk-sun ថ្លែង​បែប​នេះ សំដៅ​ទៅលើ​ផ្នែក​មួយ​នៃ​ច្បាប់​ធម្មនុញ្ញ​របស់​ហុង​កុង​ ដែល​ក្នុង​នោះ​ ស្នើ​ឱ្យ​ហុង​កុង​បង្កើត​ច្បាប់​សន្តិសុខ​ដោយ​ឡែក​របស់​ខ្លួន។

ព័ត៌មាន​ខាងលើ​ ត្រូវ​បាន​លើក​ឡើង​ក្នុង​ស្ថាន​ភាព​ដែល​ក្រុម​សមត្ថ​​កិច្ច​ហុង​កុង​កំពុង​ត្រៀមខ្លួន​​ដើម្បី​ទប់​ទល់​នឹង​បាតុកម្ម​ដ៏​ធំមួយ​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​នេះ​។ ក្រុម​និស្សិត​មានគម្រោង​បិទ​សាលា​រៀន ចំណែក​ក្រុម​ដែល​គាំទ្រ​ដល់​សកម្ម​ភាព​ប្រឆាំង​រដ្ឋាភិបាល​បាន​អំពាវ​នាវ​ឱ្យ​មាន​កូដកម្ម​ទូទាំង​ទីក្រុង​ ខណៈ​ដែល​ក្រុម​សកម្ម​ជន​​នានា​បាន​អំពាវ​នាវ​ឱ្យ​ធ្វើ​បាតុកម្មបិទ​ផ្លូវ​។ រីឯ​ភាគី​ខាង​ប៉ូលិស​វិញ កាល​ពី​ម្សិល​មិញ​បាន​ព្រមាន​ថា​នឹង​មិន​លើក​លែង​ចំពោះ​សកម្ម​ភាពដែល​ធ្វើ​​​ឱ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ​ជា​ដាច់​ខាត​។

ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុង​កុង​ លោក​ស្រី Carrie Lam ពន្យល់​ប្រាប់​ប្រជា​ជន​ថា សេចក្ដី​ព្រាង​ច្បាប់​​សន្តិសុខ​ហុង​កុង​នេះ​ នឹង​មិន​រំលោភ​លើ​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ​នោះ​ទេ​​​ ប៉ុន្តែ​ច្បាប់​នេះ​នឹង​ផ្ដោត​ទៅ​លើ​តែ​ក្រុមមនុស្ស​ជ្រុល​និយម​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ​៕

ប្រភព៖ Reuters

Advertisement