ប្រធានាធិបតី ប្រទេសហ្វ៊ីលីពីន មិនទាន់ឱ្យសិស្សចូលរៀនទេ រង់ចាំរហូតទាល់តែមាន​វ៉ាក់សាំង​ប្រឆាំង​​កូវីដ-19​សិន

ប្រធានាធិបតី ប្រទេសហ្វ៊ីលីពីន មិនទាន់ឱ្យសិស្សចូលរៀនទេ រង់ចាំរហូតទាល់តែមានវ៉ាក់សាំងប្រឆាំងកូវីដ-19សិន

លោកប្រធានាធិបតី រ៉ូឌ្រីកូ ឌូតឺតេ នៃប្រទេសហ្វ៊ីលីពីន បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា លោកមិនអនុញ្ញាតឱ្យក្មេងៗត្រឡប់ទៅរៀនវិញទេ រហូតទាល់តែមានវ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ–19 ជាមុនសិន បើទោះជាមានប្រទេសខ្លះ បានបើកទ្វារសាលារៀនឡើងវិញហើយក៏ដោយ។

លោក ឌូតឺតេ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមរយៈស្ថានីយទូរទស្សន៍ជាតិ កាលពីពេលព្រលប់ថ្ងៃចន្ទ(ទី25 ឧសភា) ថា “ខ្ញុំមិនអនុញ្ញាតឱ្យបើកការបង្រៀនឡើងវិញទេ ព្រោះសាលារៀន ជាកន្លែងដែលសិស្សតែងនៅជិតស្និទ្ធ ប្រឡូកប្រឡែងគ្នា រហូតទាល់តែខ្ញុំប្រាកដក្នុងចិត្តថា ក្មេងៗរបស់យើងមានសុវត្ថិភាពពិតប្រាកដជាមុនសិន ដល់ពេលនោះ សឹមនិយាយគ្នាអំពីរឿងការបើកសាលារៀនឡើងវិញ…”។

ក្មេងៗថ្នាក់បឋម និងមធ្យមសិក្សា ច្រើនជាង 25លាននាក់ មានកំណត់វិលទៅសាលារៀនវិញក្នុងអំឡុងចុងខែសីហាខាងមុខ ក្រោយពីសាលាបានបញ្ឈប់ការបង្រៀនកាលពីខែមីនា ក្រោមស្ថានការណ៍នៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដែលចាប់ផ្ដើមបន្ថយល្បឿនខ្លះៗហើយ នៅក្នុងប្រទេសហ្វ៊ីលីពីន នាពេលនេះ។

យ៉ាងណាក៏ដោយ លោកប្រធានាធិបតី ឌូតឺតេ បានប្រាប់ទៀតថា ភាពប្រថុយប្រថាន នៅមានច្រើននៅឡើយ ទោះជាមានការពន្យារពេលបើកសាលារៀនមួយរយៈពេលហើយក៏ដោយ “សម្រាប់ខ្ញុំ វ៉ាក់សាំងត្រូវមកមុនគេបង្អស់ បើវ៉ាក់សាំងត្រៀមរួចជាស្រេចហើយ ក៏អូខេ!”។

បច្ចុប្បន្ន នៅមិនទាន់មានវ៉ាក់សាំង ឬវិធីការណាមួយក្នុងការព្យាបាលអ្នកជំងឺកូវីដ-19 នៅឡើយ ទោះជាក្រុមអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកបានខិតខំព្យាយាមយ៉ាងមិនដែលធ្លាប់ធ្វើបែបហ្នឹងពីមុនមក ក្នុងការអភិវឌ្ឍវ៉ាក់សាំងឱ្យបានយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់ច្បាស់ការណ៍នៅឡើយថា តើពេលណាដែលវ៉ាក់សាំងនីមួយៗ នឹងឆ្លងកាត់ការពិសោធហើយថា អាចប្រើការបានលទ្ធផលល្អពិតប្រាកដ ឬតើនៅពេលណា ទើបវាត្រៀមរួចរាល់សម្រាប់ចែកចាយនៅក្នុងតំបន់យ៉ាងទូលំទូលាយ?។

រហូតមកដល់ថ្ងៃអង្គារម្សិលមិញ(ទី26 ឧសភា) ប្រទេសហ្វ៊ីលីពីន រកឃើញអ្នកឆ្លងមេរោគរួចហើយ 14,669នាក់ ក្នុងនោះស្លាប់ 886នាក់។

ទីក្រុងម៉ានីល និងតំបន់ផ្សេងៗដែលមានភាពប្រថុយប្រថានខ្ពស់ កំពុងស្ថិតក្រោមវិធានការបិទទីក្រុងបែបបន្ធូរបន្ថយមកតាំងពីថ្ងៃទី30 មេសា ដែលបានអនុញ្ញាតឱ្យឧស្សាហកម្មមួយចំនួន និងផ្នែកឯកជនខ្លះ ត្រឡប់មកបើកដំណើរការវិញយ៉ាងមានកំណត់ខ្លះៗហើយ។

សម្រាប់សាលារៀនរបស់រដ្ឋវិញ មានវេនរៀនចាប់តាំងពីខែមិថុនា រហូតដល់ខែមេសា នៅក្នុងប្រទេសហ្វ៊ីលីពីន តែអាជ្ញាធរបានពន្យារពេលការបើកបវេសនកាលឱ្យទៅចាប់ផ្ដើមនៅថ្ងៃទី24 សីហាវិញ ក្រោយពីរកឃើញអ្នកឆ្លងមេរោគបន្ថែមឡើងទៀតជារឿយៗ និងវិធានការបិទទីក្រុងដ៏ម៉ឺងម៉ាត់ បានធ្វើឱ្យប្រទេសមួយនេះស្ថិតក្នុងសភាវនៅទ្រឹងមួយកន្លែង។

តែយ៉ាងណាក៏ដោយ ក្រសួងសិក្សាធិការ បានបញ្ជាក់ថា ការបើករៀនឡើងវិញ អាចមិនចាំបាច់ត្រូវរៀនបែបជួបគ្នាដោយផ្ទាល់នៅក្នុងបន្ទប់រៀន ដូចកាលពីមុនក៏បានដែរ។

ទាំងអស់នេះ ដើម្បីកុំឱ្យបន្ទប់រៀនចង្អៀតណែនជ្រុលពេក ក្រសួងសាធារណៈសុខាភិបាល បានថ្លែងការណ៍ ឱ្យប្រើវិធានការបង្រៀន និងរៀនពីចម្ងាយតាមបែបផ្សេងៗ ដោយក្នុងនោះរួមទាំងការរៀនតាមអនឡាញ ដែលអាចប្រើសម្រាប់ការរៀន និងការបង្រៀនក្នុងឆ្នាំនេះផងដែរ។

យ៉ាងណាក្ដី បញ្ហាចម្បងក៏គឺ កូនសិស្សមកពីគ្រួសារទ័លក្រ ជាច្រើនលាននាក់ មិនទាន់មានកុំព្យូទ័រនៅផ្ទះនៅឡើយ ដែលនេះជាកូនសោសំខាន់សម្រាប់ការរៀនមេរៀនតាមអនឡាញ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement