លោក​ ស៊ី ជីនភីង​ ស្នើ​ឱ្យ​កង​ទ័ព​ត្រៀម​ខ្លួន​​សម្រាប់​ធ្វើ​សង្គ្រាម​

លោក​ ស៊ី ជីនភីង​ ស្នើ​ឱ្យ​កង​ទ័ព​ត្រៀម​ខ្លួន​​សម្រាប់​ធ្វើ​សង្គ្រាម​

ប្រធានាធិបតី​ចិន​ បាន​ទទួល​ស្គាល់​ថា COVID-19 កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កង​ទ័ព​ ប៉ុន្តែ​ លោក ស៊ី ជីនភីង​ នៅ​តែ​ស្នើ​ឱ្យ​កង​ទ័ព​​ចិន​ជម្នះឧបសគ្គ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ​។

“យើង​ត្រូវ​ការ​ស្វែង​រក​វិធី​សាស្ត្រ​ថ្មី​ៗ​ដើម្បី​ហ្វឹក​ហាត់​ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សង្គ្រាម​ ព្រោះ​ថា ការ​ខិត​ខំ​ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​រាតត្បាត​​បាន​ក្លាយ​ជា​បញ្ហា​ធម្មតា​ទៅ​ហើយ​។ យើង​ក៏ត្រូវ​ការ​​ត្រៀម​ខ្លួន​សម្រាប់​ជម្លោះ​ប្រដាប់​អាវុធ​ ចាប់​ផ្ដើម​ធ្វើ​ការ​ហ្វឹក​ហាត់​ជាក់​ស្ដែង​ក្នុង​ការ​ប្រយុទ្ធ​ប្រកប​ដោយ​ភាព​បត់​បែន​ បង្កើន​សមត្ថ​ភាព​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​យោធា” មេដឹក​នាំ​ប្រទេស​​ចិន​ លោក ស៊ី ជីនភីង​ មាន​ប្រសាសន៍​បែប​នេះ​កាល​ពី​ម្សិល​មិញ​​ ខណៈ​ដែល​លោក​ចូល​ជួប​ក្រុម​មន្ត្រី​ទាហាន​នៅ​ខាង​ក្រៅ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ប៉េកាំង​។

លោក​ ស៊ី ជីនភីង​ ដែល​ជាប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​​ដែរ​នោះ​ បាន​ទទួល​ស្គាល់​ថា COVID-19 ​បង្ក​ផល​ប៉ះពាល់​ និង​ឧបសគ្គ​ច្រើន​ដល់​កង​ទ័ព​ ប៉ុន្តែ ការ​រួម​ផ្សំ​រវាង​វិស័យ​យោធា ស៊ីវិល​ និង​នយោបាយ​នៅ​ប្រទេស​ចិន បាន​ក្លាយ​ជា​ប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ​។

ជំនួប​នៅ​ខាង​ក្រៅ​សម័យ​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ​រវាង​លោក​ ស៊ី​ ជីនភីង​ និង​មន្ត្រី​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន PLA (People’s Liberation Army) ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទីក្រុង​ប៉េកាំង​ប្រកាស​បង្កើន​ថវិកា​សម្រាប់​វិស័យ​យោធា​ចំនួន​6.6​%​ ដែល​ស្មើ​នឹង​ 1.268​លាន​លាន​យន់​ (ជាង​178​ពាន់​លាន​ដុល្លារ​អាមេរិក​) បន្ថែម​ទៀត​ ដែល​​ខ្ទង់​ប្រាក់​នេះ​ មាន​ចំនួន​តិច​​​បំផុត​ក្នុង​រយៈ​ពេល​10​ឆ្នាំ​មក​នេះ​។

តារាង​ថវិកា​​ និង​ការ​បង្កើន​ការ​ចំណាយ​សម្រាប់​វិស័យ​យោធា​របស់​ចិន​ក្នុង​ដំណាក់​កាល​ពី​ឆ្នាំ​2011-2020 (រូប​ភាព​៖ Global Times)

អ្នកនាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ចិន​ លោក Wu Qian បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ផ្នែក​សន្តិ​សុខ​កាន់​តែ​ធ្ងន់​ធ្ងរ​​ ពិសេស​គឺ​​ពី​បក្ស​កាន់​អំណាច​នៅ​កោះ​តៃវ៉ាន់​។ លោក Wu Qian ថ្លែង​ថា “រដ្ឋ​អំណាច​របស់​បក្ស​​ប្រជាធិបតេយ្យ​ជឿនលឿន​ (Democratic Progressive Party)​ កំពុង​តែ​ពឹង​ផ្អែក​លើ​​កម្លាំង​បរទេស​ និង​ឆ្ពោះ​ទៅ​មុខ​នៅលើ​ផ្លូវ​ផ្ដាច់​ខ្លួន​ នាំ​ឱ្យ​ស្ថាន​ការណ៍​​កាន់​តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ​”។

លោក Wu Qian បន្ថែម​ថា ប្រទេស​ចិន​ថែម​ទាំង​ប្រឈម​មុខ​​ទៅ​នឹង​ហានិភ័យ​ និងឧបសគ្គ​ថ្មី​ចំពោះ​សន្តិ​សុខ​ជាតិ​ រួម​ទាំង​លទ្ធិ​ឯកតោ​ភាគី​របស់​ប្រទេស “មួយ​ចំនួន​” បណ្ដាល​ឱ្យ​មាន​អសន្តិសុខ​អន្តរ​ជាតិ​ និង​ការកើន​ឡើង​នៃ​ហានិភ័យ​ទាក់​ទិន​នឹង​ភូមិ​សាស្ត្រ​នយោបាយ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​យល់​ថា ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ និង​ចលនា​ផ្ដាច់​ខ្លួន​ក្នុង​ប្រទេស​ក៏​កាន់​តែ​បង្ក​ភាព​​ស្មុគស្មាញ​កាន់​តែ​ច្រើន​ឡើង​ៗផងដែរ​។

លោក Wu Qian ថ្លែង​ថា “យើង​ត្រូ​វ​គិត​អំពី​សេដ្ឋ​កិច្ច ប៉ុន្តែ​នៅ​ពេល​ពិនិត្យ​លើ​ថវិកា​ការ​ពារ​ជាតិ​ យើង​ត្រូវ​តែ​គិត​អំពី​សន្តិសុខ​ជា​ចម្បង​”។

សហរដ្ឋ​អាមេរិក​ ថ្មី​ៗ​នេះ​ក៏​បាន​សម្ដែង​ការ​បង្កើន​ការ​គាំទ្រ​ដល់​តៃវ៉ាន់​ ដែល​ជាកោះ​មួយ​ត្រូវ​បាន​ចិន​ចាត់​ទុក​ជា​ផ្នែក​មួយ​របស់​ខ្លួន​ ដោយ​រង់​ចាំ​តែ​ការ​បម្រួប​បង្រួប​ប៉ុណ្ណោះ​។ រដ្ឋាភិបាល​របស់​លោក Donald Trump បាន​អនុម័ត​លើ​កិច្ច​ព្រម​ព្រៀង​លក់​អាវុធ​ឱ្យ​កោះ​តៃវ៉ាន់​ក្នុង​ទំហំ​ទឹក​ប្រាក់​180​លាន​ដុល្លារ​អាមេរិក​។ ប្រធានាធិបតី​អាមេរិកាំង​ ក៏​បាន​ថ្លែង​ថា លោក​កំពុង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ដើម្បី​ប្រឆាំង​ចិន​​នៅក្នុង​សប្ដាហ៍​នេះ​ ទាក់​ទិន​នឹង​ “សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង​”​ ប៉ុន្តែ​ លោក​មិន​ទាន់​បង្ហើប​ឱ្យ​ដឹ​ង​លម្អិត​នៅឡើយ​។

ចំណែកកោះ​តៃវ៉ាន់​ឯណោះ​វិញ មេដឹក​នាំ​ Tsai Ing-wen បាន​ប្រកាស​ថា នឹង​បង្កើន​សមត្ថ​ភាព​យោធា​ដើម្បី​ការ​ពារ​កោះ​នេះ​ផងដែរ​៕

ប្រភព​៖​សារ​ព័ត៌មាន​បរទេស

Advertisement