តើវាសនាប្រជាជនហុងកុង នឹងទៅជាយ៉ាងណា នៅពេលហុងកុង កំពុងវិលទៅរកដានចាស់ម្ដងទៀត…

ប្រជាជនហុងកុងមួយចំណែក បានវិលត្រឡប់មករកបរិយាកាសដូចកាលពីមុន នោះគឺការជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ាទាំងអ្នកគ្រប់គ្រងតំបន់គ្រប់គ្រងពិសេសមួយនេះ និងរដ្ឋភិបាលចិនដោយផ្ទាល់ ឯប្រធានបទថ្មីលើកនេះ គឺការចេញមកប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខជាតិ លើទីក្រុងហុងកុង ដែលរួមទាំងតំបន់កៅលូនផងដែរ។

អំឡុងចុងសប្ដាហ៍កន្លងទៅ គឺជាការចាប់ផ្ដើម…មានមនុស្សមកចូលរួមមិនច្រើនប៉ុន្មានឡើយ ភាគច្រើនជាមនុស្សក្នុងវ័យធ្វើការ ដែលព្រួយបារម្ភពីអនាគតរបស់ខ្លួនឯង ព្រោះ 27ឆ្នាំទៀតចាប់ពីពេលនេះទៅ ហុងកុងនឹងឈានចូលទៅនៅក្រោមការគ្រប់គ្រងរបស់ចិនយ៉ាងពេញរូបបែប មិនខុសពីចិនដីគោកឡើយ។

អ្នកចូលរូលរួមការជំនុំតវ៉ា បានពាក់ម៉ាស់ការពារឧស្ម័នបង្ហូរទឹកភ្នែក និងមេរោគកូវីដ-19 ដែលលែងសូវរាតត្បាតប៉ុន្មានហើយ ដោយមានអ្នកឆ្លងមេរោគត្រឹមតែជាង 1,066នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់តែ 4នាក់ ដែលចំនួននេះអាចរាប់បានថា តិចខ្លាំងណាស់ ទាំងដែលខ្លួននៅជាប់នឹងប្រទេសចិនដីគោក ដែលជាប្រភពកំណើតនៃការឆ្លងរាលដាល នេះគឺដោយសារតែអ្នកគ្រប់គ្រងតំបន់ហុងកុង គ្រប់គ្រងចាត់ការបានល្អហ្នឹងឯង។

ប្រជាជនហុងកុង មានបទពិសោធជាមួយនឹងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយបក្សី ជំងឺសារស៍ និងជំងឺផ្សេងៗទៀត ដែលឆ្លងមកពីចិនដីគោក ដូច្នេះហើយទើបការពាក់ម៉ាស់អនាម័យការពារ បានក្លាយជារឿងប្រក្រតី ដែលអ្នកហុងកុងត្រូវតែការពារខ្លួនឯង ក្រោមសភាវការរស់នៅដ៏ចង្អៀតណែននៅក្នុងអគារចាស់ៗ ដូចជានៅក្នុងតំបន់ម៉ុងកុក ជាដើម។

គ្រាន់តែការជំនុំតវ៉ាថ្ងៃដំបូង អាជ្ញាធរត្រូវបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីរំសាយហ្វូងបាតុករ និងមានការប៉ះទង្គិចខ្លះៗនៅថ្ងៃអាទិត្យ អាចនិយាយបានថា ជាការបន្ថែមគ្រោះលើទីក្រុងហុងកុង ដែលបានទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអស់ជាច្រើនខែមកហើយ…ធុរកិច្ចត្រូវបិទ សេដ្ឋកិច្ចស្ងប់ស្ងាត់ ជើងហោះហើរ សណ្ឋាគារ និងទេសចរណ៍សឹងតែរលាយបាត់អស់។

ហេតុការណ៍បាតុកម្មតវ៉ា កាលពីឆ្នាំកន្លងទៅ ត្រូវបានបញ្ចប់ដោយសារការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 ធុរកិច្ចត្រូវបិទទ្វារ ប្រជាជនហុងកុងត្រូវបង្ខាំងខ្លួនឯងនៅក្នុងផ្ទះ មានន័យថា ដោយសារការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា តាមមកដោយការឆ្លងរាតត្បាតរបស់មេរោគ មនុស្សចំនួនដ៏ច្រើនបានភៀសខ្លួនចេញកាលពីពេលមុនហ្នឹង…ពេលបានឃើញហើយ អស់សង្ឃឹមតែម្ដង!!។

នៅពេលមកចាប់ផ្ដើមការជំនុំតវ៉ាជាថ្មី ឱកាសដែលហុងកុងនឹងស្ដារខ្លួនបានឡើងវិញ ស្ទើរតែមើលមិនឃើញ នៅពេលដែលរដ្ឋបាលចិន ប្រុងចេញច្បាប់ដែលគ្រប់គ្រង និងការពារការក្បត់ ការបំផុសបំផុលពន្យុះ ការបែងចែកទឹកដី និងការបង្កអសន្តិសុខ អាចនិយាយបានថា នេះជាថ្នាំខ្លាំងមួយដែលប្រជាជនហុងកុងមិនអាចទទួលយកបាន។

កាលពី 13ឆ្នាំមុន បានកើតមានការព្យាយាមចេញច្បាប់ហាមបំផុសបំផុល តែត្រូវលុបចោលទៅវិញនៅពេលមានបាតុកម្មតវ៉ា។ ឆ្នាំកន្លងទៅ អ្នកគ្រប់គ្រងទីក្រុងហុងកុង បម្រុងនឹងចេញច្បាប់បញ្ជូនជនល្មើសឆ្លងព្រំដែន ដែលបានក្លាយជាដើមកំណើតនៃការធ្វើបាតុកម្មតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លា ដោយទាំងសងខាងមិនព្រមបន្ធូរបន្ថយឥរិយាបថទាល់តែសោះ។

លទ្ធផលចុងក្រោយ គណៈគ្រប់គ្រង បានយល់ព្រមមួយកម្រិត តែក្រុមអ្នកប្រឆាំងតវ៉ា មើលឃើញថា មិនយូរមិនឆាប់ នឹងមានការព្យាយាមធ្វើបែបនោះជាថ្មីម្ដងទៀតមិនខាន រួចហើយពេលនេះក៏បានបង្ហាញយ៉ាងច្បាស់ចេញមកថា លើកនេះចេញមកពីសភាប្រជាជនចិន ដែលកំពុងប្រជុំអនុម័តសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលធ្វើឱ្យសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ចូលរួមប្រឆាំងផងដែរ។

Chris Patten, Hong Kong’s last British governor

មានការថ្លែងការណ៍ ដោយអតីតអភិបាលក្រុងហុងកុង លោក គ្រិស ភែតថេន អ្នកនយោបាយជើងចាស់អង់គ្លេស និងជនល្បីៗឈ្មោះមកពី 23ប្រទេស ជាពិសេសអ្នកនយោបាយរបស់សហរដ្ឋអាមេរិក ដែលបានអាងថា ចិនបានល្មើសកិច្ចព្រមព្រៀងក្នុងរឿងការប្រគល់-ទទួលកោះហុងកុងកាលពីឆ្នាំ1997 និងវាជារឿងដែលគួរឱ្យមានកង្វល់យ៉ាងខ្លាំង។

សហរដ្ឋអាមេរិក ខ្លាំងក្លាជាងគេ កន្លងមកក៏អនុម័តច្បាប់ឃុំគ្រងស្ដីពីសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង លើកនេះក៏ព្រមានចិនទៀតថា នឹងរងទទួលការឆ្លើយតបខ្លាំងៗ ដែលអាចជារនាំងពន្ធភាស៊ីដែលខ្ពស់ជាងមុន សម្រាប់មុខទំនិញនាំចូលពីចិន ដែលអ្នកដឹកនាំចិនប្រហែលជាមិនខ្វល់ឡើយ ព្រោះមើលឃើញថា វាជាការជ្រៀតជ្រែកផ្ទៃក្នុងយ៉ាងច្បាស់ក្រឡែត។

សហរដ្ឋអាមេរិក មិនមែនរឹងមាំ អាចបញ្ជាអ្នកណាបានដូចមុនឡើយ ក្រុមប្រទេសអឺរ៉ុប ក៏មិនបានស្ថិតក្រោមការចង្អុលបញ្ជា ឬជាកូនឈ្នួលរបស់អាមេរិកដូចកាលពីមុនដែរ រឹតតែមានមេដឹកនាំសេតវិមានរបៀបលោកដូណាល់ ត្រាំផងនោះ បណ្ដាមេដឹកនាំប្រទេសលោកខាងលិច ស្ទើរតែមិនផ្ដល់ការគោរពរាប់អាន ឬជឿជាក់ទៀតផង។

អាចមានតែប្រទេសអូស្ត្រាលី ឬអង់គ្លេស ឬក្រុមប្រទេសដែលនិយាយភាសាអង់គ្លេសប៉ុណ្ណោះ ដែលនៅផ្ដល់តម្លៃឱ្យលោក ត្រាំ ព្រោះនៅរាប់ថា ជាមេដឹកនាំក្នុងក្រុមប្រទេស “5ភ្នែក” ដែលរួមមាន កាណាដា អូស្ត្រាលី នីវហ្ស៊ីលែនដ៍ ដែលនៅចែករំលែកទិន្នន័យ និងព័ត៌មានសម្ងាត់សំខាន់ផ្សេងៗពាន់ព័ន្ធនឹងសន្តិសុខជាតិ។

បើសិនប្រទេសណាមួយ បែកឆ្វេង ច្បាស់ជានឹងបានឮពាក្យគំរាមពីលោក ត្រាំ ដូចដែលប្រទេសអូស្ត្រាលី ក៏ធ្លាប់បានជួប ក្រោយពីត្រូវរងការព្រមានពីសហរដ្ឋអាមេរិកថា មានចំណែករួមក្នុងគ្រោងការ “ខ្សែក្រវាត់1 ផ្លូវ1” របស់ចិន ហើយអូស្ត្រាលីក៏ត្រូវចិនចាត់ការដែរ ដោយសារតែកាលពីពេលមុននោះ បានដើរតាមគូទសហរដ្ឋអាមេរិក។

អូស្ត្រាលី គឺជាអ្នកនាំអាទិ៍ដ៏សំខាន់ ឱ្យអង្គការសុខភាពពិភពលោក និងសហគមន៍ពិភពលោករៀបចំការប្រជុំស៊ើបអង្កេតរឿងដើមកំណើតនៃការឆ្លងរាលដាលរបស់កូវីដ-19 ដោយបានចង្អុលទៅរកប្រទេសចិន តែបណ្ដាប្រទេសក្នុងអឺរ៉ុបមិនមានឥរិយាបថម៉ឺងម៉ាត់ ទើបធ្វើឱ្យចិនបញ្ជាឱ្យដំឡើងថ្លៃភាស៊ីពន្ធនាំចូលស្រូវបាលេយ៍ពីប្រទេសអូស្ត្រាលី ជាការព្រមាន។

Australia’s Prime Minister Scott Morrison

ដូច្នេះ ការបញ្ចេញសំឡេងខ្លាំងៗពីប្រទេសណាមួយ ជាពិសេសសហរដ្ឋអាមេរិក ប្រហែលជាគ្មានផលអីធ្វើឱ្យចិនត្រូវដកថយពីការជំរុញសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខជាតិនេះឡើយ រឹតតែលោក ស៊ី ជីន ភីង មានអំណាច និងមានស្នាដៃល្អខាងការបញ្ឈប់ការឆ្លងរាតត្បាតរបស់មេរោគផងនោះ រឹតតែធ្វើឱ្យលែងមានក្ដីកង្វល់ច្រើន ក្នុងរឿងសំឡេងគាំទ្រដែលសំខាន់ៗឡើយ។ ចិនមើលឃើញថា ខ្លួនឯងត្រូវសហរដ្ឋអាមេរិក វាយប្រហារមកយូរហើយរឿងរនាំងភាស៊ីពន្ធ ធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោកមានបញ្ហា និងត្រូវញាំញីបន្ថែមដោយការរាតត្បាតរបស់មេរោគកូវីដ-19ទៀត បើសិនជាចុះចាញ់សហរដ្ឋអាមេរិក ប្រហែលជានឹងធ្វើឱ្យបាត់បង់ស្ថានភាព ធ្វើឱ្យប្រជាជនក្រុងហុងកុងបានចិត្ត និងរកវិធីទាមទារមិនចេះចប់ មិនចេះហើយមិនខាន។

ព្រោះទោះជាយ៉ាងណា ហុងកុងក៏នៅតែស្ថិតក្រោមអំណាចចិនដដែល គ្មានផ្លូវរួចខ្លួនទៅណាទេ និងក៏មានទស្សនៈមួយថា បើជនជាតិចិនជាង 1.3ពាន់លាននាក់រស់នៅបាន គ្មានបញ្ហា គ្មានរឿងច្រើនផ្នែកសិទ្ធិសេរីភាព ហើយចិនក៏អភិវឌ្ឍទៅមុខយ៉ាងខ្លាំងដែរនោះ ហេតុអីបានប្រជាជនហុងកុងដែលមានមិនលើស 7លាននាក់ផងនោះ មិនចុះចាញ់?!។

ឃើញសភាពបែបនេះហើយ មនុស្សវ័យកំលោះក្រមុំហុងកុង ប្រហែលជាមើលឃើញហើយថា 27ឆ្នាំទៀតចាប់ពីពេលនេះទៅ ខ្លួនឯងនឹងមិនខុសអ្វីពីជនជាតិចិននៅដីគោក និងប្រហែលជាត្រូវដឹងថា ការរើបម្រះក្នុងគ្រានេះ អាចជាដង្ហើមចុងក្រោយ និងមិនបានទទួលការគាំទ្រច្រើនដូចកាលពីគ្រាកន្លងមកឡើយ ព្រោះការធ្វើបាតុកម្មតវ៉ា ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាប់យ៉ឺន។

បាប់ពីពេលនេះទៅ ត្រូវតាមមើលថា តើនឹងមានអ្នកចូលរួមច្រើន និងមានភាពខ្លាំងក្លា មានការប៉ះទង្គិច ឬមានការដុតបំផ្លាញដែរឬទេ? និងត្រូវតាមមើលថា តើចិននឹងបញ្ជូនកងកម្លាំងចូលមកជួយប៉ូលិសហុងកុង ដើម្បីគ្រប់គ្រងស្ថានការណ៍ដែរឬទេ?។ គ្រានេះ គឺជាការប្រឈមមុខដោយផ្ទាល់រវាងរដ្ឋាភិបាលចិន និងប្រជាជនហុងកុង…។

តែ…គណៈគ្រប់គ្រងទីក្រុងហុងកុង អាចនឹងលួចដកដង្ហើមធំមិនខាន ព្រោះគ្រានេះ រដ្ឋាភិបាលចិនប្រឡូកដោយខ្លួនឯង!!

ប្រភព៖ សារព័ត៌មានបរទេស

ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement