តុលាការ​កាណាដា​សម្រេច​មិន​​ដោះ​លែង​នាយិកាហិរញ្ញ​វត្ថុ​របស់​ Huawei ខណៈ​ចិន​ចាប់​ផ្ដើម​រិះ​គន់​

អ្នក​ស្រី​ Meng Wanzhou

នាយិកាផ្នែក​ហិរញ្ញ​វត្ថុ​របស់​ Huawei អ្នក​ស្រី​ Meng Wanzhou ប្រឈម​មុខ​នឹង​ការ​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​អាមេរិកាំង​ បន្ទាប់​ពី​តុលាការ​កាណាដា​បាន​ចេញ​សាល​ក្រម​​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​មក​លើ​អ្នក​ស្រី​ គឺ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​បង្ហាញ​ថា អ្នក​ស្រី​ “មាន​ទោស​ពីរ​ទន្ទឹម​គ្នា​” ពិត​មែន។

ចៅ​ក្រម​ Heather Holmes នៃ​តុលាការ​កំពូល​​របស់​ British Columbia នៃ​ប្រទេស​កាណាដា​ កាលពី​ថ្ងៃទី​27​ឧសភា​ បាន​ចេញ​សាល​ក្រម​​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​មក​លើ​នាយិកាផ្នែក​ហិរញ្ញ​វត្ថុ​របស់ក្រុម​ហ៊ុន​ចិន​ Huawei គឺ​អ្នក​ស្រី​ Meng Wanzhou គឺ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​បង្ហាញ​ថា អ្នក​ស្រី​មាន​ទោស​ពីរ​ទន្ទឹម​គ្នា​ ដូច្នេះ​​​ហើយ​អ្នក​ស្រី​ Meng Wanzhou នឹង​ត្រូវ​បាន​ពិចារណា​បន្ត​ទៀត​ក្នុង​ការ​ធ្វើ​បត្យាប័ន​នាំ​ខ្លួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​។

សាល​ក្រម​នេះ​នឹង​បើក​ផ្លូវ​ឱ្យ​មាន​ការ​កាត់​ទោស​បន្ត​ទៀត​ចំពោះ​ជន​ជាប់​ចោទ​ Meng Wanzhou ដើម្បី​ពិចារណា​ក្នុង​ការ​ធ្វើ​បត្យា​ប័ន​បញ្ជូន​ខ្លួន​​នឹង​ទៅ​ឱ្យ​​​អាមេរិកាំង​នៅ​ខែ​មិថុនា​ខាងមុខ​។​ ការ​ជំនុំ​ជម្រះ​នោះ​នឹង​ពិនិត្យឱ្យ​ដឹង​ច្បាស់​ថា​ តើ​មន្ត្រី​កាណាដា​បាន​គោរព​ច្បាប់​​ដែរ​ឬ​ទេ​ពេល​ឃាត់​ខ្លួន​អ្នក​ស្រី​ Meng Wanzhou ទៅ​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក​។ តាម​គម្រោង​ ការ​ប្ដឹង​តវ៉ា​ពី​ជន​ជាប់​ចោទអាច​​ត្រូវ​បាន​បិទ​បញ្ចប់​​នៅ​ក្នុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា​ ឬ​ដើមខែ​តុលាខាង​មុខ​។

ក្រោយ​ពី​តុលាការ​បាន​ចេញ​សាល​ក្រម​ភ្លាម ចិន​ក៏​បាន​ធ្វើ​ការ​រិះគន់​ភ្លាម​ដែរ​ទៅ​លើ​កាណាដា​។ ទីក្រុង​ប៉េកាំង​មុន​នោះ​ក៏ធ្លាប់​បាន​ស្នើ​ឱ្យ​ទីក្រុង​តូរ៉ុន​តូ “កែប្រែ​កំហុស​ឆ្គង” ហើយ​ដោះ​លែង​អ្នកស្រី​ Meng Wanzhou ជា​បន្ទាន់​។ មេធាវី​របស់​អ្នក​ស្រី Meng Wanzhou បាន​និយាយ​ថា កូន​ក្ដី​របស់​ខ្លួន​ “មិន​សម​ជា​ចំណាប់​ខ្មាំង​” នោះ​ទេ​ នៅក្នុង​ទំនាក់​ទំនង​រវាង​ចិននិង​អាមេរិកាំង​។ មេធាវី Weingarten ថ្លែង​ថា “សាល​ក្រម​ថ្ងៃ​នេះនៅ​កាណាដា គ្រាន់​តែ​ជា​ការ​បើក​ផ្លូវ​ដំបូង​ប៉ុណ្ណោះ​សម្រាប់​ដំណើរ​ការ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​។ យើង​ជឿ​ថា ចុង​ក្រោយ​ យុត្តិធម៍៌នឹង​ត្រូវ​បាន​អនុវត្ត​”​។

អ្នកស្រី Meng Wanzhou នៅ​តែ​អះអា​ងថា ខ្លួន​គ្មាន​កំហុស​អ្វី​នោះ​ទេ​។ អ្នកស្រី​ Meng មាន​អាយុ​48​ឆ្នាំ នឹង​បន្ត​ស្ថិត​នៅ​ក្រៅ​ឃុំ​​​បណ្ដោះ​អាសន្ន​នៅ​ឯភូមិ​គ្រឹស​របស់​ខ្លួន​ដែល​មាន​តម្លៃ​ជិត​10​លាន​ដុល្លារ​អាមេរិក ក្នុង​ទីក្រុង​ Vancouver ប្រទេស​កាណាដា ក្រោម​ការ​តាម​ដាន​របស់​សមត្ថកិច្ច​។

សមត្ថកិច្ច​កាណាដា​បាន​ឃាត់​ខ្លួន​អ្នក​ស្រី​ Meng Wanzhou នៅ​ឯព្រលាន​យន្ត​ហោះ Vancouver កាល​ពី​ថ្ងៃទី​1ធ្នូ ឆ្នាំ​2018 ទៅ​តាម​ការ​ស្នើ​ពី​សហរដ្ឋ​អាមេរិក​។ សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​អ្នកស្រី​ Meng ថា បាន​ផ្ដល់​ព័ត៌មាន​ក្លែង​ក្លាយ​ដើម្បី​បន្លំ​បោក​ប្រាស់​ធនាគារ​ធំៗ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​បំណង​ “ឆ្ពិន​ភ្នែក​” ​​​សហរដ្ឋ​អាមេរិក​ ទាក់​ទិន​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​​​​ប្រទេស​អ៊ីរ៉ង់​ ពោល​គឺ​អ្នក​ស្រី​ត្រូវ​បាន​ចោទ​ថា កំពុង​រក​ស៊ី​លួច​លាក់​ជាមួយ​អ៊ីរ៉ង់​។ បើ​សិនជា​ត្រូវ​បាន​កាត់​ទោស​នៅ​សហរដ្ឋ​អាមេរិក​ អ្នក​ស្រី Meng នឹង​អាច​ជាប់​ពន្ធ​នាគាររហូត​ដល់​​30​ឆ្នាំ​៕

ប្រភព​៖ SCMP

Advertisement