សភានីតិកម្មហុងកុងកើត​ចលាចល និង​ត្រូវ​ផ្អាក​កិច្ច​ប្រជុំ ព្រោះ​តែ​តំណាង​រាស្ត្រ​​​គប់​ថង់​ឈើ​ស្អុយ​ទៅ​លើ​ប្រធាន​សភា

សភានីតិកម្មហុងកុងកើត​ចលាចល និង​ត្រូវ​ផ្អាក​កិច្ច​ប្រជុំ ព្រោះ​តែ​តំណាង​រាស្ត្រ​​​គប់​ថង់​ឈើ​ស្អុយ​ទៅ​លើ​ប្រធាន​សភា

តំណាង​រាស្ត្រ​ម្នាក់​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ បាន​គប់​​ថង់​ដែល​មាន​វត្ថុ​ស្អុយ​ទៅ​លើ​ប្រធាន​សភានីតិកម្មហុងកុង​ ធ្វើ​ឱ្យ​កិច្ច​ប្រជុំ​​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​​ភ្លៀង​ជាតិ​ត្រូវ​បាន​អាក់​ខាន​។

សភានីតិកម្មហុងកុង LEGCO (Legislative Council of Hong Kong) ព្រឹក​មិញ​នេះ​បាន​បន្ត​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​អំពី​ភ្លេង​ជាតិ​។ នៅ​ពេល​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​ តំណាង​រាស្ត្រ​ម្នាក់​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ គឺ​លោក Ted Hui Chi-fung ស្រាប់​តែ​រត់​ទៅរក​ប្រធានសភា​ Andrew Leung Kwan-yuen ហើយ​បាន​គប់​ថង់​ពណ៌​ស​មួយ​សំដៅ​ទៅ​កាន់​ប្រធាន​សភា​រូប​នេះ​។ ធាតុ​រាវ​នៅក្នុង​ថង់​ក៏​បាន​បែក​ខ្ចាយ​ចេញ​មក​ក្រៅ​ ធ្វើ​ឱ្យ​ស្អុយ​ពេញ​សាល​ប្រជុំ​។

ភ្លាម​នោះ តំណាង​រាស្ត្រ Ted Hui ក៏ត្រូវ​បាន​ក្រុម​សន្តិសុខ​នាំ​ខ្លួន​ចេញ​ទៅ​ខាង​ក្រៅ​ ហើយ​កិច្ច​ប្រជុំ​ខាង​លើ​ក៏ត្រូវ​បាន​ពន្យារ​ពេល​។ ចំណែក​ តំណាង​រាស្ត្រ Chan Hoi-yan ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ ព្រោះ​តែ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ដោយ​សារ​ក្លិន​ស្អុយ​នោះ​។

ក្រុម​សន្តិសុខ​បាន​នាំ​គ្នា​យក​ផួយ​មក​គ្រប​ពី​លើ​ថង់​ឈើស្អុយ​ និង​ប្រើ​ថ្នាំ​បាញ់​បំបាត់​ក្លិន​​ក្នុង​សាលប្រជុំ នៅ​មុន​ពេល​បុគ្គលិក​អនាម័យ​មក​ដល់​។ ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​ និង​ប៉ូលិស​ជា​ច្រើន​នាក់​ក៏ត្រូវ​បាន​បញ្ជូន​មក​កាន់​វិមាន​សភា​នេះ​ដែរ​។

Ted Hui បាន​ប្រកាស​ថា ខ្លួន​ប្រើ​ប្រាស់​ថង់​ដាក់​ឈើ​ស្អុយ​ដើម្បី​​តវ៉ា ព្រោះ​តែលោក​​ Leung បាន​កាត់​បន្ថយ​ពេល​វេលា​​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ក្នុងការ​សម្ដែង​មតិ​ទាក់ទិន​នឹង​សេចក្ដី​ព្រាង​ច្បាប់​ភ្លេង​ជាតិ​។

សេចក្ដី​ព្រាង​ច្បាប់​​ភ្លេង​ជាតិ​ តម្រូវ​ឱ្យ​​សាលា​រៀន​នានា​នៅ​ហុង​កុង​ បង្រៀនភ្លេង​ជាតិ​ប្រទេស​ចិន​ដល់​សិស្ស​ រួម​នឹង​អង្គ​ការ​ផ្សេង​ៗក៏​ត្រូវ​ចាត់​ចែង​ការ​ច្រៀង​ចម្រៀង និង​លេង​ភ្លេង​​ជាតិ​នេះ​ដែរ​។ ចំណែក​អ្នក​ដែល​មាន​ឥរិយាបថ​ប្រមាថ​មើល​ងាយភ្លេង​ជាតិ​នេះ​​នឹង​ត្រូវ​ដាក់​ទោស​ឱ្យជាប់​ពន្ធនាគារ​ ឬ​ពិន័យ​ជា​ប្រាក់​ទៀត​ផង៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Advertisement