ក្រុម​ហ៊ុន​ Twitter និយាយ​ថា បទ​បញ្ជា​របស់​លោក​ Trump គឺ​ជា​ “រឿង​នយោបាយ”

Twitter និយាយ​ថា បទ​បញ្ជា​របស់​លោក​ Trump គឺ​ជា​

តំណាង​របស់​ក្រុម​ហ៊ុន​បណ្ដាញសង្គម​ Twitter បាន​ចោទ​ប្រកាន់​បទ​បញ្ជា​រឹត​ត្បិត​បណ្ដាញ​សង្គម​ដែល​ទើប​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​នេះ​ថា ជា​ការ​ “ប្រឆាំង​នឹង​វឌ្ឍន​ភាព​” និង​ជា “រឿង​នយោបាយ”។

“បទបញ្ជា​នេះ​គឺជា​សកម្ម​ភាព​ប្រឆាំង​នឹង​វឌ្ឍនភាព​ និង​ជា​រឿង​នយោបាយ​ ដែល​ផ្ដោត​ទៅ​លើ​ច្បាប់​ដ៏សំខាន់​មួយ។ មាត្រា​ទី​230​ នៃ​ច្បាប់​ស្ដីអំពី​ទូរគមនាគមន៍​ (Communications Decency Act) បាន​ការ​ពារ​ការ​ច្នៃ​ប្រឌិត​ និង​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ជេញ​មតិ​របស់ពលរដ្ឋ​​សហរដ្ឋ​អាមេរិក​ ហើយ​វា​ត្រូវ​​បាន​កែ​លម្អ​ដោយ​តម្លៃ​នៃ​ប្រជាធិបតេយ្យ​។ ការ​ព្យាយាម​ជា​ឯកតោ​ភាគីដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រការ​នេះ​នឹង​គំរាម​កំហែង​អនាគត​នៃ​សេរី​ភាព​ក្នុងការ​បញ្ចេញ​មតិ​​តាម​អ៊ីនធើណិត​” នេះ​បើតាម​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ Twitter។

សេចក្ដី​ប្រកាស​ខាង​លើ​ ត្រូវ​បាន​ Twitter លើក​ឡើង​ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ​ទី​28​ឧសភា បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​ដែល​នឹង​រឹត​បន្តឹង​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​។

ប្រធានាធិបតី​ Donald Trump ថ្លែង​កាល​ពី​ថ្ងៃទី​28​ឧសភា​ បន្ទាប់​ពី​បាន​ចុះ​ហត្ថ​លេខា​​លើ​បទ​បញ្ជា​ទាក់​ទង​នឹង​បញ្ហា​បណ្ដាញ​សង្គម​នេះ​ថា “ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​ភាគ​តិច​កំពុង​កាន់​កាប់​ព័ត៌មាន​ទំនាក់​ទំនង​​សាធារណៈ​និង​ឯក​ជន​ភាគ​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​។ ពួកគេ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ កាត់​បន្ថយ​ កែ​ប្រែ​ លាក់​បាំង​ និង​ផ្លាស់​ប្ដូរ​រាល់​ទំនាក់​ទំនង​គ្រប់​រូប​ភាពរវាង​​ពលរដ្ឋ​ និងសាធារណជន​ ដោយ​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​។ យើង​មិន​អាច​អនុញ្ញាត​ឱ្យ​បញ្ហា​នេះ​បន្ត​កើត​មាន​ទៀត​នោះ​ទេ​”។

Twitter និយាយ​ថា បទ​បញ្ជា​របស់​លោក​ Trump គឺ​ជា​ "រឿង​នយោបាយ"បទ​បញ្ជា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​​​លោក​ Trump នេះ​ នឹង​ផ្លាស់​ប្ដូរ​ទម្លាប់​ដែល​មាន​តាំង​ពី​រាប់​​ឆ្នាំ​មុន​ ដែល​​ចាត់​ទុក​បណ្ដាញ​សង្គម​ជា​​ផលិត​ករ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ខ្លឹម​សារ​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើប្រាស់​។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ស្ដីអំពី​បណ្ដាញ​សង្គម លោក Trump ក៏​បាន​សរសេរ​នៅ​លើ​ Twitter ថា បណ្ដាញ​សង្គម​ Facebook ក៏បាន​ “រិះ​គន់ចំពោះ​ Twitter”។ លោក​ Trump សរសេរ​ថា “អគ្គនាយក​ប្រតិបត្តិ​របស់​ Facebook លោក Mark Zuckerberg ក៏បាន​រិះ​គន់​ Twitter ថា “យើង​មាន​គោល​ការណ៍​ផ្សេង​ពី​ Twitter អំពី​ប្រការ​នេះ​”។ លោក​ Trump បន្ត​ថា “Facebook ក៏មិន​គួរ​ធ្វើ​ជា​អ្នក​សម្រេច​ចិត្ត​ក្នុង​ការកំណត់​ថាខុស​ ឬ​ត្រូវ​ ទៅ​លើ​ខ្លឹម​សារ​​ដែល​អ្នក​រាល់​គ្នា​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​”។

ប៉ុន្តែ យ៉ាង​ណា​ក៏ដោយ បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ ដូចជា​ Facebook និង​ Google ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ប្រឆាំង​នឹង​បទ​បញ្ជា​​របស់​លោក​ Trump ផងដែរ​ ដោយ​យល់​ថា វា​មាន​ហានិភ័យ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ៊ីនធើណិត និង​ខឿន​សេដ្ឋកិច្ច​ឌីជីថល៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement