Trump ត្រូវ​ពួន​​​ក្រោម​ដី​​ដោយ​សារ​​បាតុ​ករ​ ខណៈ​អភិបាល​រដ្ឋ​ខ្លះ​ស្នើឱ្យ​លោក​ឈប់​និយាយ​អំពី​បាតុកម្ម​

Trump រត់​ចុះ​​លាក់​ខ្លួន​ក្នុង​បន្ទប់​ក្រោម​ដី​​ដោយ​សារ​​បាតុ​ករ​ ខណៈ​អភិបាល​រដ្ឋ​ខ្លះ​ស្នើឱ្យ​លោក​ឈប់​និយាយ​អំពី​បាតុកម្ម​

លោក Trump ត្រូវ​បាន​នាំ​ចុះ​លាក់​ខ្លួន​ក្នុង​បន្ទប់​​​ពិសេស​​​ក្រោម​ដី​សម្រាប់​ប្រធានាធិបតី​​ ក្នុង​រយៈ​ពេល​ខ្លី ខណៈ​ដែល​​ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​សេត​វិមាន​កាល​​យប់​ថ្ងៃទី​29​ឧសភា​ នេះ​បើ​តាម​មន្ត្រី​ម្នាក់​របស់​​រដ្ឋាភិបាល​លោក​ Trump។

ប្រធានាធិបតី​ Donald Trump បាន​ចូល​ពួន​ក្នុង​បន្ទប់​សម្ងាត់ក្រោម​​ដី​នៅ​ខាង​ក្រោម​​សេត​វិមាន​ប្រហែល​ជា​1​ម៉ោង​ នៅ​ពេល​ដែល​មាន​បាតុករ​រាប់​រយ​នាក់​​​នាំ​គ្នា​​ស្រែក​ទាម​ទារ​យុត្តិ​ធម៌​នៅ​ក្បែរ​វិមាន​រដ្ឋាភិបាល​ បន្ទាប់​ពី​ការ​ស្លាប់​របស់​ជនជាតិ​ស្បែក​ខ្មៅ​ឈ្មោះ George Floyd នៅ​ទីក្រុង​ Minneapolis ក្នុង​រដ្ឋ​ Minnesota។ គេ​មិន​ដឹង​ថា​ ជំទាវ​ទី​1​ Melania និង​កូន​ប្រុស​ពៅ​ Barron Trump ត្រូវ​បាន​នាំ​ចូល​លាក់​ខ្លួន​ជាមួយ​លោក​ Trump ដែរ​ ឬ​យ៉ាង​ណា​នោះ​ទេ​។

ការ​សម្រេច​ចិត្ត​នាំ​ប្រធានាធិបតី​ ចូល​លាក់​ខ្លួន​ក្រោម​ដី​បែប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ក្រុម​ប៉ូលិស និង​សមត្ថ​កិច្ច​សម្ងាត់​បាន​ប្រឈម​មុខ​ជាមួយ​នឹង​ក្រុម​បាតុករ​នៅ​ខាង​ក្រោម​សេត​វិមាន​​ក្នុង​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ កាល​ពីថ្ងៃទី​29​ឧសភា​។ ក្រុម​បាតុករ​នាំ​គ្នា​ស្រែក​ និង​គប់​ដប​ទឹក​ និង​វត្ថុ​ផ្សេង​ៗ​ទៅកាន់​ឆ្មាំ​ការ​ពារ​សេត​វិមាន​ និង​ព្យាយាម​ឆ្លង​កាត់​របង​ដែក​។

Trump រត់​ចុះ​​លាក់​ខ្លួន​ក្នុង​បន្ទប់​ក្រោម​ដី​​ដោយ​សារ​​បាតុ​ករ​ ខណៈ​អភិបាល​រដ្ឋ​ខ្លះ​ស្នើឱ្យ​លោក​ឈប់​និយាយ​អំពី​បាតុកម្ម​មាន​ពេល​ខ្លះ ក្រុម​បាតុករ​ក៏បាន​ប្រើហិង្សា​លើ​កម្លាំង​សមត្ថ​កិច្ច​​ផងដែរ​ ដែល​នាំ​ឱ្យ​មាន​ការ​បិទ​សេត​វិមាន​អស់​មួយ​រយៈ​ពេល​។

អង្គ​ភាព​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា សមត្ថ​កិច្ច​ចម្រុះ​ជាង​60​នាក់​បាន​រង​របួស​​នៅ​ក្នុង​រយៈ​ពេល​3​ថ្ងៃ​នៃ​ការ​ទប់​ទល់​នឹង​ក្រុម​បាតុករ​នៅ​ខាង​ក្រៅ​សេត​វិមាន​។

អភិបាល​រដ្ឋ​វ៉ាស៊ីងតោន​បាន​ចេញ​បញ្ជា​ដាក់​បម្រាម​គោចរ​​ដើម្បី​ទប់​ស្កាត់​បាតុកម្ម​ ខណៈ​ដែល​អភិបាល​ក្រុង​ Atlanta នៃ​រដ្ឋ Georgia ក៏​បាន​ស្នើ​ឱ្យ​លោក​ Trump ឈប់​និយាយ​អំពី​បាតុកម្ម ដោយ​បាន​ថ្លែង​ថា​ ការ​និយាយ​អំពី​បាតុកម្ម​នឹង​ “​ធ្វើ​ឱ្យ​ស្ថាន​ភាព​កាន់​តែ​អាក្រក់​”។

បាតុកម្ម​​​ដែល​មាន​ឈ្មោះ​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​” ខាង​លើ​ បាន​ចាប់​ផ្ដើម​កើត​ចេញ​ពី​តំបន់ Minneapolis រដ្ឋ​ Minnesota ហើយ​បាន​រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស​​ បន្ទាប់​ពី​ George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​​ត្រូវ​បាន​ប៉ូលិស​ក្រៀក​សង្កត់​រហូត​ដល់​ស្លាប់​ ព្រោះ​តែ​ជាប់​សង្ស័យ​ថា​បាន​ប្រើ​ប្រាស់​ប្រាក់​ក្លែង​ក្លាយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement