ភរិយា​របស់​ប៉ូលិស​ម្នាក់​ដែល​បាន​​ក្រៀក​សង្កត់​ក​បុរស​ស្បែក​ខ្មៅ​រហូត​ដល់​ស្លាប់ ដាក់​ពាក្យ​សុំលែង​លះ ខណៈ​ឃាត​ករ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ជា​ច្រើន​ឆ្នាំ

ភរិយា​របស់​អតីត​ប៉ូលិស​​ឈ្មោះ Derek Chauvin បាន​ដាក់​ពាក្យ​សុំ​លែង​លះ បន្ទាប់​ពី​ស្វាមី​របស់​អ្នក​ស្រី​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ និង​ត្រូវ​បាន​ចាប់​ខ្លួន​ ព្រោះ​តែ​បាន​ចាប់​ខ្លួន​ និង​សង្កត់​ក​​​បរុស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​ George Floyd រហូត​ដល់​ស្លាប់ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មាន​បាតុ​កម្ម​ពេញ​ផ្ទៃ​សហរដ្ឋ​អាមេរិក​​។

ការិយាល័យ​មេធាវី​ Sekula ជា​តំណាង​របស់​អ្នក​ស្រី​​ Kellie Chauvin បាន​ឱ្យ​ដឹង​ថា បាន​ពិភាក្សា​ជាមួយ អ្នក​ស្រី​ ​Kellie Chauvin​ និង​គ្រួ​សារ​​អំពី​ការ​លែង​លះ​​ជាមួយ​នឹងអតីត​ប៉ូលិស​​ Derek Chauvin កាល​ពីថ្ងៃទី​30​ឧសភា។

សេចក្ដី​ប្រកាស​របស់​ការិយា​ល័យ​មេធាវី​ Sekula បាន​ឱ្យ​ដឹង​ថា “អ្នក​ស្រី​ (Kellie Chauvin) មាន​ការ​ខ្លោច​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​ Floyd និង​បាន​សុំ​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ជ្រាល​ជ្រៅ​បំផុត​​ជាមួយ​គ្រួសារ​សព្វ​ រួម​នឹង​អ្នក​ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​ហេតុ​ការណ៍​នេះ​។ អ្នក​ស្រី​បាន​ដាក់​ពាក្យ​លែង​លះ​ជាមួយ​នឹង​​លោក Derek Chauvin រួច​រាល់​ហើយ​”។

ភរិយា​របស់​ប៉ូលិស​ម្នាក់​ដែល​បាន​​ក្រៀក​សង្កត់​ក​បុរស​ស្បែក​ខ្មៅ​រហូត​ដល់​ស្លាប់ ដាក់​ពាក្យ​សុំលែង​លះ ខណៈ​ឃាត​ករ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ជា​ច្រើន​ឆ្នាំ

សេចក្ដី​ប្រកាស​ខាង​លើ​ក៏បាន​ឱ្យ​ដឹងថា Kellie បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ឯក​ជន​ និង​សុវត្ថិ​ភាព​របស់​កូន​ស្រី ឪពុក​ម្ដាយ​ និង​គ្រួ​សារ​របស់​អ្នក​ស្រី​នៅក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នេះ​ផងដែរ។

អ្នក​ស្រី Kellie អាយុ​45​ឆ្នាំ ជាជនជាតិ​អាមេរិកាំង​​ដើម​កំណើត​ឡាវ​ គឺ​ជា​អតីត​ជ័យ​លាភី​នៃ​​កម្មវិធី​ “ស្ត្រី​មេផ្ទះ​ស្រស់​ស្អាត​នៅ​ Minnesota (Mrs. Minnesota) ឆ្នាំ​2018​។ Kellie បាន​ឆ្លង​កាត់​ការ​រស់​នៅ​ជា​មួយ​ស្វាមី​ទី​មួយ​របស់​អ្នក​ស្រី​ដោយ​មិន​មាន​សុភមង្គល​ និង​មាន​កូន​ប្រុស​2​នាក់​ មុន​ពេល​បាន​រៀប​ការ​ជាមួយ​ប៉ូលិស​ Derek កាលពី​ឆ្នាំ​2010​។ Kellie និង​ Derek មិន​ទាន់​មាន​កូន​ជាមួយ​គ្នា​នៅ​ឡើយ​។

អតីត​ជ័យ​លាភី​នៃ​​កម្មវិធី​ “ស្ត្រី​មេផ្ទះ​ស្រស់​ស្អាត​នៅ​ Minnesota (Mrs. Minnesota) ឆ្នាំ​2018​ ដែល​ជា​ភរិយា​របស់​ប៉ូលិស​ឈ្មោះ​ Derek Chauvin

ក្នុងកិច្ច​សម្ភាស​កាលពី​ឆ្នាំ​2018​ អ្នក​ស្រី​ Kellie បាន​ចំណាយ​ពេល​ច្រើន​សរសើរ​ Derek ដែល​ជា​បុរស​ដែល​អ្នកស្រី​បានជួប​ដំបូង​នៅមជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​នៃ​ខណ្ឌ Hennepin ក្នុង​ទីក្រុង​ Minneapolis នៃ​រដ្ឋ​ Minnesota។ អ្នក​ស្រី​ Kellie បាន​ធ្វើ​ការ​នៅ​ទីនេះ​អស់​រយៈ​ពេល​13​ឆ្នាំ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជ​សាស្ត្រ​។

អ្នក​ស្រី​ Kellie ថ្លែង​ថា “នៅ​ខាងក្រោយ​ឈុត​ឯក​សណ្ឋាន​(ប៉ូលិស)នោះ​ គាត់​ (Derek Chauvin) គឺជា​បុរស​ស្លូត​ត្រង់​ខ្លាំង​ណាស់​។ គាត់​គឺជា​មនុស្ស​ចេះ​គួរ​សម គាត់​បើក​ទ្វារ​ឱ្យ​ខ្ញុំ គាត់​ពាក់​អាវ​ក្រៅ​ឱ្យ​ខ្ញុំ​។ បន្ទាប់​ពី​បាន​លែង​លះ​ (ជាមួយ​នឹង​ស្វាមី​មុន​) ខ្ញុំ​បាន​បង្កើត​តារាងមួយ​ ​រៀប​រាប់​អំពី​លក្ខខណ្ឌ​​ដែល​ខ្ញុំ​ត្រូវ​ការ​ពី​មនុស្ស​ដែល​ខ្ញុំ​នឹង​ស្រឡាញ់ ហើយ​គាត់​ (Derek Chauvin) បាន​បំពេញ​លក្ខខណ្ឌ​ទាំង​នោះ​”។

Derek អាយុ​44ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​​ប្រចាំ​ទីក្រុង​ Minneapolis ក្នុង​រដ្ឋ​ Minnesota ត្រូវ​បាន​បញ្ឈប់​ពី​មុខ​តំណែង​ និង​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​29​ឧសភា​ ដោយ​សារ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ចាយ​លុយ​ក្លែង​ក្លាយ។ ចៅ​ក្រម​បាន​ឱ្យ​ដឹង​ថា Derek បាន​ប្រើ​ជង្គង់​សង្កត់​ក​​របស់ Floyd រយៈ​ពេល​8​នាទី​និង​46​វិនាទី​ ក្នុង​នោះ​មាន​2​នាទី​និង​53​វិនាទី​​ក្រោយ​ពី​ជន​រង​គ្រោះ “​លែង​មាន​ប្រតិកម្ម​”។

ជន​ជាប់​ចោទ​ ​ឈ្មោះ Derek Chauvin

ឯកសារ​ចោទ​ប្រកាន់​បាន​ឱ្យ​ដឹង​ថា Floyd មាន​ជំងឺ​ប្រចាំ​កាយ​ រួម​មាន​សរសៃ​ឈាម​បេះ​ដូង​ និង​ខ្សោយ​បេះ​ដូង​ ដោយ​សារ​លើស​ឈាម​។ បើ​ទោះ​ជា​ជន​រង​គ្រោះ​អង្វរ​ព្រោះ​តែ​ “មិន​អាច​ដក​ដង្ហើម​បាន​” ប៉ូលិស​ឈ្មោះ Derek នៅ​តែ​មិន​លែង​។ ឯកសារ​បន្ត​ថា “ឥទ្ធិ​ពល​រួម​ចំណែក​ក្នុង​ការ​ដែល​ Floyd ត្រូវ​បាន​ប៉ូលិស​សង្កត់​ក រួម​នឹង​ជំងឺ​ប្រចាំ​កាយ​ និង​សារធាតុ​អ្វី​មួយ​នៅ​ក្នុង​រាង​កាយ​របស់​ Floyd បាន​នាំ​ឱ្យ​មាន​ការ​បាត់បង់​ជីវិត​”។

បច្ចុប្បន្ន​ ប៉ូលិស​ឈ្មោះ Derek Chauvin ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​25​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត​កម្រិត​3 និង​10​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​។ ចំណែក​ប៉ូលិស​3​នាក់​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះ ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​មុខ​តំណែង​ និង​កំពុង​ប្រឈម​​នឹង​ការ​ចោទ​ប្រកាន់​៕

ប្រភព​៖ CBS News

Advertisement