បន្ទប់​លាក់​ខ្លួន​ក្រោម​ដី​នៅ​សេតវិមាន​​ដែល​ការ​ពារ​លោក​ Trump ក្នុង​វិបត្តិ​សន្តិសុខ​ជាតិ

បន្ទប់​លាក់​ខ្លួន​ក្រោម​ដី​នៅ​សេតវិមាន​​ដែល​ការ​ពារ​លោក​ Trump ក្នុង​វិបត្តិ​សន្តិសុខ​ជាតិ
សេតវិមាន​ មើល​ពី​លើ​អាកាស​

នៅ​ពេល​ក្រុម​បាតុករ​​ទាម​ទារ​រក​យុត្តិ​ធម៌​សម្រាប់​​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ George Floyd កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​សេត​វិមាន​ អង្គ​ភាព​សម្ងាត់​ បាន​សម្រេច​ចិត្ត​នាំ​​ប្រធានាធិបតី​ Donald Trump ចុះ​លាក់​ខ្លួន​នៅក្នុង​បន្ទប់​ក្រោម​ដី​។

បន្ទប់​ក្រោម​ដី​នេះ​មាន​ឈ្មោះ​ថា PEOC (Presidential Emergency Operations Center/មជ្ឈមណ្ឌល​គ្រប់​គ្រង​អាសន្ន​នៃ​ប្រធានាធិបតី​។ PEOC ដែល​ស្ថិត​នៅក្រោម​ដី ផ្នែក​ខាង​ក្រោម​នៃ​ស្លាប​ខាង​កើត​របស់​សេតវិមាន មាន​តួនាទី​​ជា​កន្លែង​លាក់​ខ្លួន​ដ៏​មាន​សុវត្ថិ​ភាព​ និង​ជា​មជ្ឈមណ្ឌល​ទំនាក់​ទំនង​សម្រាប់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ រួម​នឹង​មន្ត្រី​សំខាន់​ៗ​​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ពេល​មាន​អាសន្ន​កើត​ឡើង​។​

បន្ទប់​សម្ងាត់​ក្រោម​ដី​នេះ​ ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​សង្គ្រាម​លោក​លើក​ទី​2 ដើម្បី​ការ​ពារ​ប្រធានាធិបតី​​ Franklin D. Roosevelt ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​លើ​អាកាស​​នៅ​រដ្ឋ​ធានី​វ៉ាស៊ីងតោន​។ PEOC ត្រូវ​បាន​ការ​ពារ​​​ 24ម៉ោង​/24​ម៉ោង​​ ដោយ​កង​កម្លាំង​សន្តិសុខ​នៅ​សេត​វិមាន​។

បន្ទប់​ប្រជុំ​​ក្នុង​ PEOC របស់​សេតវិមាន

កាល​​សម័យ​ប្រធានាធិបតី​ Bush អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Dick Cheney ក៏ធ្លាប់​ត្រូវ​បាន​នាំ​ចុះ​ជ្រក​ក្នុង​បន្ទប់​ក្រោម​ដី​នេះ​ដែរ​កាលពី​ឆ្នាំ​2001​ ខណៈ​ភេរវ​កម្ម​11កញ្ញា​បាន​កើត​ឡើង​ ដោយ​សារ​អាជ្ញាធរ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​យន្ត​ហោះ​ដែល​ត្រូវ​បាន​​ក្រុម​ភេរវកម្ម​ al-Qaeda ប្លន់​ និង​កំពុង​ឆ្ពោះ​មក​កាន់​សេត​វិមាន​។ ប្រធានា​ធិបតី​ George W. Bush ដែល​មិន​មាន​វត្តមាន​ក្នុង​សេតវិមាន​រហូត​ដល់​ពេល​យប់ ក៏ត្រូវ​បាន​នាំ​ចុះ​លាក់​ខ្លួន​ក្នុង​បន្ទប់​ PEOC នេះ​ដែរ​ បន្ទាប់​ពី​លោក​បាន​ត្រលប់​មក​ពី​រដ្ឋ​ Florida។

នៅមុន​​ហេតុ​ការណ៍​ភេរវកម្ម​ថ្ងៃទី​11កញ្ញា PEOC ហាក់​មិនទាន់​ត្រូវ​បាន​គេ​សាង​សង់​ឱ្យ​បាន​រឹងមាំ​ជា​ស្ថាពរ​នៅ​ឡើយ​ បន្តែ​ក្រោយ​មាន​អំពើ​ភេរវកម្ម​នេះ PEOC ត្រូវ​បាន​សាង​សង់​​បន្ថែម​យ៉ាង​រឹង​មាំ​ និងសុវត្ថិ​ភាព​បំផុត​។ នេះ​បើ​តាម​​ លោក​ស្រី​ Laura Bush ដែល​ជា​ភរិយា​​របស់​ប្រធានាធិបតី​ Bush។

អនុប្រធានាធិបតី​អាមេរិក​ លោក Dick Cheney និង​ក្រុម​ការ​ងារ​នៅ​បន្ទប់​ក្រោម​ដី​ PEOC កាលពី​ថ្ងៃ​11កញ្ញា​ 2001

អ្នក​កាសែតជនជាតិ​​អាមេរិកាំង​ Garrett Graff បាន​សរសេរ​នៅ​ក្នុង​សៀវ​ភៅ “Raven Rock” (និយាយ​អំពី​គម្រោង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​ឆ្លើយ​តប​​នឹង​សេនារីយោ​​ “សេតវិមាន​ត្រូវ​បាន​វាយ​ប្រហារ​”) ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​កាល​ពី​ឆ្នាំ​2017 បាន​ឱ្យ​ដឹង​ថា PEOC មាន​ទីចាត់​ការ​និង​ទំនាក់​ទំនងមួយ​​ដែល​មាន​ទំហំ​56​ម៉ែត្រ​ក្រឡា​ ​មាន​បន្ទប់​ប្រជុំ​មួយ​ បន្ទប់​សម្រាប់​ជា​ទី​បញ្ជា​ការ​ធំ​មួយ​​ដែល​ក្នុង​នោះ​មាន​អេក្រង់​ទូរទស្សន៍​ដ៏ធំ​មួយ​​ និង​តុ​ប្រជុំ​ដែលមាន​កៅ​អី​ច្រើន​ជាង​16​កន្លែង​។

NYTimes បាន​សរសេរ​ថា បន្ទប់​ក្រោម​ដី​នេះ មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​​​ទប់ទល់​នឹង​កម្លាំង​យន្ត​ហោះ​​ដែល​បុក​ចំ​ពី​លើ​សេតវិមាន​។

លោក​ Bush និង​លោក​ Cheney លាក់​ខ្លួន​ក្នុង​បន្ទប់​ក្រោម​ដី​ PEOC កាល​​ថ្ងៃ​ទី​11​កញ្ញា​2001

កាល​ពី​ឆ្នាំ​2010​ សកម្ម​ភាព​សាង​សង់​នៅ​ផ្នែក​ខាង​ជើង​ដែល​ជាប់​នឹង​ស្លាប​ខាង​លិច​​របស់​សេត​វិមាន​ ដែល​បាន​ចំណាយ​អស់​ទឹក​ប្រាក់​375​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈ​ពេល​4​ឆ្នាំ ត្រូវបាន​សារ​ព័ត៌មាន​នានា​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​របស់​លោក​ Obama កំពុង​សាង​សង់​ “មហា​បន្ទប់​ក្រោម​ដី” ថ្មី ដែល​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ៗ​ និង​មាន​សុវត្ថិ​ភាព​ខ្ពស់​បំផុត​។ អ្នក​សារ​ព័ត៌មាន​ Ronald Dessler បាន​សរសេរ​ថា​ បន្ទប់​ក្រោម​ដី​ខាង​លើ​នេះ “រួមមាន​យ៉ាង​តិច​5​ជាន់​ និង​អាច​ផ្ទុក​​បុគ្គលិក​ទាំង​អស់​នៅ​ស្លាប​ខាង​លិច​នៃ​សេតវិមាន​​ បើ​សិន​ជា​មាន​ការ​វាយ​ប្រហារ​ភេរវ​កម្ម​​ដោយ​អាវុធ​ប្រល័យ​លោក​”។

លោក​ Trump នៅ​ក្រុម​មន្ត្រី​របស់​លោក នៅក្នុង​បន្ទប់​ស្ថាន​ការណ៍​ White House Situation Roomកាល​ពី​ព្រឹត្តិ​ការណ៍​ធ្វើ​ឃាត​មេដឹក​នាំ​រដ្ឋ​ឥស្លាម​ Abu Bakr al-Baghdadi

ក៏ប៉ុន្តែ ដំណឹង​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កាល​ណោះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​អង្គ​ភាព​សេវាកម្ម​សាធារណៈ​​ ដោយ​និយាយ​ថា នោះ​គ្រាន់​តែ​ជា​សកម្ម​ភាព​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​បង្ហូរ​ទឹក​ ខ្សែ​ភ្លើង​ ការ​កែ​លម្អ​​ប្រព័ន្ធ​កម្ដៅ ម៉ាស៊ីន​ត្រជាក់​ និង​ប្រព័ន្ធ​ការ​ពារ​អគ្គិភ័យ​តែ​ប៉ុណ្ណោះ​៕

ប្រភព​៖ Drive/NYTimes

Advertisement