នោះ! វីវរហើយ!! បុគ្គលិកហ្វេសប៊ុក នាំគ្នា “ធ្វីត”តវ៉ា “ហ្សាក់ឃើប៊ើក” មិនព្រមសិនស៊ើរសំណេររបស់ “ត្រាំ”

នោះ! វីវរហើយ!! បុគ្គលិកហ្វេសប៊ុក នាំគ្នា “ធ្វីត”តវ៉ា “ហ្សាក់ឃើប៊ើក” មិនព្រមសិនស៊ើរសំណេររបស់ “ត្រាំ”

បុគ្គលិកក្រុមហ៊ុនហ្វេសប៊ុក បាននាំគ្នាផ្អាកធ្វើការ និងបង្ហាញពីភាពមិនពេញចិត្តតាមរយៈប្រព័ន្ធធ្វីតធើរ កាលពីថ្ងៃចន្ទ(ទី1មិថុនា)ម្សិលមិញ ករណីលោក ម៉ាក ហ្សាក់ឃើប៊ើក នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក គ្មានវិធានការសិនស៊ើសំណេររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដូចដែលផ្លាតហ្វ៉មគូប្រជែងបានធ្វើ។

បុគ្គលិកក្រុមហ៊ុនហ្វេសប៊ុក រួមទាំងអ្នកគ្រប់គ្រងលំដាប់ខ្ពស់មួយចំនួន បានផូស្តសំណេររិះគន់ការសម្រេចចិត្តរបស់លោក ម៉ាក ហ្សាក់ឃើប៊ើក ដែលបណ្ដោយឱ្យលោក ត្រាំ ផូស្តសំណេរបំផុសបំផុលញុះញង់តាមអំពើចិត្ត ដោយមិនបានដំណើរការអ្វីសោះ ខណៈដែលប្រព័ន្ធបណ្ដាញសង្គមធ្វីតធើរ ជ្រើសរើសក្នុងការឡើងតួអក្សរព្រមាន។

“ការសម្រេចចិត្តរបស់ហ្វេសប៊ុកក្នុងការមិនដំណើរការអ្វីទាំងអស់ ចំពោះសំណេរដែលបំផុសបំផុសញុះញង់ឱ្យមានអំពើហិង្សា គឺជាការធ្វើព្រងើយកន្តើយចំពោះជម្រើសផ្សេងៗក្នុងការជួយឱ្យសហគមន៍របស់យើងមានសុវត្ថិភាព…យើងសុំអង្វរឱ្យអ្នកគ្រប់គ្រងហ្វេសប៊ុក #TakeAction” នេះជាសេចក្ដីថ្លែងការណ៍រួម របស់ក្រុមបុគ្គលិកក្រុមហ៊ុនហ្វេសប៊ុក ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធធ្វីតធើរ។

លោក ចេសុន ស្ទើមែន អ្នកចាត់ការទូទៅផ្នែកឌីហ្សាញម្នាក់របស់ហ្វេសប៊ុក បានទទួលស្គាល់ថា លោកមិនឯកភាពទេ ដែល ហ្សាក់ឃើប៊ើក “មិនបានធ្វើអ្វីសោះ” ចំពោះសំណេរផូស្តរបស់លោក ត្រាំ។ លោកបានសរសេរនៅក្នុងប្រព័ន្ធធ្វីតធើរ កាលពីថ្ងៃសៅរ៍ថា “ខ្ញុំមិនមែនជាមនុស្សតែម្នាក់នៅក្នុងហ្វេសប៊ុសទេ ដែលគិតបែបនេះ បើវាជាការរើសអើងជាតិសាសន៍ហើយ វានឹងគ្មានពាក្យថា គោលជំហរជាកណ្ដាលទេ”

ហេតុការណ៍ចលាចល បានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក តាំងពីសប្ដាហ៍កន្លងទៅ ដោយសារករណីការស្លាប់របស់ ចច ហ្វ្លយ បុរសស្បែកខ្មៅម្នាក់ ដែលត្រូវប៉ូលិសចាប់ខ្លួននៅក្នុងទីក្រុងមីននីអាប៉ូលិស កាលពីថ្ងៃចន្ទ ទី25ឧសភា។ ឃ្លីបវីដេអូបានបង្ហាញឱ្យឃើញថា ប៉ូលិសស្បែកសម្នាក់ បានចាប់ក្រៀកខ្លួន ហ្វ្លយ ហើយប្រើជង្គង់របស់គេ សង្កត់ករបស់ហ្វ្លយ អស់រយៈពេលជិត 9នាទី រហូតទាល់តែហ្វ្លយ បាត់ស្មារតី និងស្លាប់។

តមក នៅថ្ងៃសុក្រ(ទី29ឧសភា) ប្រព័ន្ធធ្វីតធើរ បានឡើងតួអក្សរព្រមានក្រោមសំណេរធ្វីតរបស់លោកត្រាំ ដែលបានសរសេរថា “នៅពេលមានការឆក់ប្លន់កើតឡើង ការបាញ់កាំភ្លើងក៏នឹងចាប់ផ្ដើមឡើងដែរ” ដោយក្រុមហ៊ុនធ្វីតធើរ បានបញ្ជាក់ហេតុផលថា មេដឹកនាំសហរដ្ឋអាមេរិក កំពុងល្មើសច្បាប់របស់ផ្លាតហ្វ៉ម ដែលបានហាមឃាត់ការលើកតម្កើងអំពើហិង្សា។

នោះ! វីវរហើយ!! បុគ្គលិកហ្វេសប៊ុក នាំគ្នា “ធ្វីត”តវ៉ា “ហ្សាក់ឃើប៊ើក” មិនព្រមសិនស៊ើរសំណេររបស់ “ត្រាំ”
CEO របស់​ Facebook លោក Mark Zuckerberg ក្នុង​សភាជាន់​ទាប​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​23​តុលា ឆ្នាំ2019។

យ៉ាងណាក្ដី ហ្វេសប៊ុកបែរជាមិន “សិនស៊ើរ” សំណេរដូចគ្នានោះនៅលើប្រព័ន្ធរបស់ខ្លួន ហើយហ្សាក់ឃើប៊ើក ថែមទាំងចេញមកបញ្ចេញយោបល់ក្នុងទំនងថា មិនត្រូវការនាំហ្វេសប៊ុកចូលទៅពាក់ព័ន្ធក្នុងសង្គ្រាមពាក្យសម្ដីរវាងលោក ត្រាំ និងក្រុមហ៊ុនធ្វីតធើរទៀតផង។

កាលពីពេលមុន ធ្វីតធើរ បានឡើងតួអក្សរព្រមាន fact-check ខាងក្រោមសំណេររបស់លោកត្រាំ 2សំណេរ កាលពីថ្ងៃទី26ឧសភា ដែលមានការអាងថា ប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍(mail-in voting) នឹងនាំឆ្ពោះទៅរកការទុច្ចរិតលើការជ្រើសតាំងប្រធានាធិបតី ដែលអាចនិយាយបានថា ជាលើកដំបូងហើយដែលធ្វីតធើរប្រើវិធានការនេះជាមួយសំណេររបស់មេដឹកនាំសហរដ្ឋអាមេរិក។

លោក ម៉ាក ហ្សាក់ឃើប៊ើក បានបញ្ចេញយោបល់ក្នុងប្រធានបទនេះ តាមរយៈ ហ្វក់ នីវស៍ ថា ក្រុមហ៊ុនរបស់លោក ដែលជាប្រព័ន្ធទំនាក់ទំនងសង្គមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនបំផុតក្នុងពិភពលោក មានគោលការណ៍ខុសប្លែកពីធ្វីតធើរ។

លោកនិយាយថា “ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ហ្វេសប៊ុក មិនចាំបាច់ត្រូវធ្វើជាអ្នកអារកាត់ការពិតគ្រប់យ៉ាង ដែលមានអ្នកនាំយកមកផូស្តអនឡាញនោះឡើយ…ខ្ញុំយល់ឃើញថា ក្រុមហ៊ុនឯកជនទាំងឡាយ ជាពិសេស សូស្យ៉ល មីឌា មិនបានស្ថិតក្នុងឋានៈដែលនឹងត្រូវធ្វើបែបហ្នឹងទេ”

អ្នកនាំពាក្យហ្វេសប៊ុកម្នាក់ បានផ្ដល់បទសម្ភាសជាមួយ ស៊ីអិនអិន ប៊ីស៊ីនីស ថា “យើងយល់ច្បាស់ណាស់ថា បុគ្គលិកជាច្រើននាក់ ប្រហែលជាមានអារម្មណ៍ឈឺចាប់ ជាពិសេសសហគមន៍អ្នកស្បែកខ្មៅ យើងគាំទ្រឱ្យបុគ្គលិកទាំងអស់ បានបង្ហាញការយល់ឃើញយ៉ាងទូលំទូលាយ នៅពេលដែលពួកគេមិនយល់ស្របជាមួយអ្នកគ្រប់គ្រង និងក្នុងខណៈដែលយើងនៅតែត្រូវប្រឈមនឹងការសម្រេចចិត្តដែលលំបាកនៅថ្ងៃខាងមុខ យើងក៏ត្រូវការ ហ្វ៊ីដប៊ែក ដែលត្រង់ទៅត្រង់មកអំពីពួកគេដែរ”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement