កង​ទ័ព​ជិត​7​ម៉ឺន​​​នាក់​ ត្រូវ​បាន​​ដាក់​ពង្រាយ​​ដើម្បី​ទប់​ទល់​នឹង​កុបកម្ម​នៅ​សហរដ្ឋ​អាមេរិក​ ខណៈ​បាតុករ​ជិត​1ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​

កង​ទ័ព​ជិត​7​ម៉ឺន​​​នាក់​ ត្រូវ​បាន​​ដាក់​ពង្រាយ​​ដើម្បី​ទប់​ទល់​នឹង​កុបកម្ម​នៅ​សហរដ្ឋ​អាមេរិក​ ខណៈ​បាតុករ​ជិត​1ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​

រដ្ឋធានី​វ៉ាស៊ីងតោន​​នៃ​សហរដ្ឋ​អាមេរិក​ កំពុង​តែ​បង្ហាញ​វត្តមាន​របស់​ទាហាន​រាប់​ពាន់​នាក់​ រួម​នឹង​គ្រឿង​សព្វាវុធ​យោធា​ជា​ច្រើន​ ដែល​ដាក់​ពង្រាយ​នៅ​តាម​តំបន់​នានា​ ក្នុង​បំណង​​គ្រប់​គ្រង​ស្ថាន​ការណ៍​កុបកម្ម​​ដែល​កើត​ឡើង​ក្រោយ​ពីការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ឈ្មោះ George Floyd។

ក្រោយ​រយៈ​ពេល​5​ថ្ងៃ​នៃ​ការ​កើត​មាន​បាតុកម្ម​នៅ​រដ្ឋ​ធានី​វ៉ាស៊ីង​តោន​​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ស្បែក​ខ្មៅ​ឈ្មោះ Floyd ដែល​ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​ និង​សង្កត់​ក​រហូត​ដល់​ស្លាប់​​នៅ​ឯរដ្ឋ​ Minnesota លោក​ ប្រធានាធិបតី​ Donald Trump បាន​ចាប់​ផ្ដើម​បង្ហាញ​សាច់​ដុំ​​ដែល​ហាក់​ដូច​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដោយមាន​ការ​​ដាក់​ពង្រាយ​កង​ទ័ព​រាប់​ពាន់​នាក់​នៅ​ទីក្រុង​វ៉ាស៊ីតោន ខណៈ​ដែល​មាន​កុបកម្ម​ និង​ការ​ឆក់​ប្លន់​មួយ​ចំនួន​បាន​កើត​ឡើង​។

យន្ត​ហោះ​ឈ្លប​យក​ការណ៍​ RC-26B របស់​កង​កម្លាំង​ការ​ពារ​ជាតិ​​ បាន​បង្ហាញ​ខ្លួន​​នៅ​ទីក្រុង​វ៉ាស៊ីង​តោន​កាល​ពី​ព្រលប់​ថ្ងៃទី​2​មិថុនា​។ ចំណែក​ឧទ្ធម្ភាគ​ចក្រ​ Bell 412 ដែល​មាន​ជំនាញ​ខាង​ “ហិត​ក្លិន​” ចំហាយ​វិទ្យុ​សកម្ម​នុយ​ក្លេ​អែរ​ ក៏​ត្រូវ​បាន​បញ្ជូន​មក​កាន់​រដ្ឋ​ធានី​ផងដែរ​ ដែល​ប្រការ​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​អាមេរិកាំង​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បាតុកម្ម​ និង​កុបកម្ម​ដែលអាច​នាំ​ឱ្យ​មាន​អំពើ​ភេរវ​កម្ម​។ល។

ព័ត៌មាន​មួយ​ចំនួន​ដែល​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ប្រភព​ច្បាស់​លាស់​​នៅ​លើ​បណ្ដាញ​សង្គម​បាន​បង្ហើប​ឱ្យ​ដឹង​​អំពី​សកម្ម​ភាព​របស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​នៅ​វ៉ាស៊ីង​តោន​។ កាល​ពីថ្ងៃទី​3​មិថុនា​ ក្រុម​អ្នក​តាម​ដាន​បាន​ឃើញ​យន្ត​ហោះ​យោធា​ V-22 Osprey របស់​កង​ម៉ារីន​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ដឹក​ជញ្ជូន​ទ័ព​។

ក្នុង​រយៈ​ពេល​2​ថ្ងៃ ចាប់​ពី​ថ្ងៃទី​30​ និង​31​ ខែ​ឧសភា​ ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​ និង​ប៉ូលីស​បាន​កើត​ឡើង​ជា​ហូរ​ហែ នាំ​ឱ្យ​សមត្ថកិច្ច​ប្រើ​ប្រាស់​គ្រាប់​បែក​បង្ហូរ​ទឹក​ភ្នែក​​ដើម្បី​បំបែក​ហ្វូង​បាតុក។ កង​ទ័ព​ក្នុង​តំបន់​ក៏ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​ដល់​ប៉ូលីស​ក្រុង​វ៉ាស៊ីង​តោន​។

អំពើ​ឆក់​ប្លន់​ ការ​លួច​ទ្រព្យ​សម្បត្តិ​ និង​កុបកម្ម​បាន​កើត​ឡើង​នៅ​ពេល​យប់​ ធ្វើ​ឱ្យ​អាជ្ញា​ធរ​ត្រូវដាក់​បម្រាម​​គោចរ​ និង​បញ្ចេញ​ឆ្មាំ​ការ​ពារ​ជាតិ​នៅ​វ៉ាស៊ីង​តោន​។

ក៏ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សកម្ម​ភាព​បាតុកម្ម​ បាន​កើត​ឡើង​ភាគ​ច្រើន​គឺ​ដោយ​សន្តិ​វិធី។ ការ​ហែ​ក្បួន​​ដ៏​ធំ​​នៅ​យប់​ថ្ងៃទី​2​មិថុនា​បាន​បំពាន​បម្រាម​គោចរ​19​ម៉ោង​ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ​ទេ​។

ប្រធានាធិបតី​សហេរដ្ឋ​អាមេរិក​កាល​ពីថ្ងៃទី​1មិថុនា​ បាន​ប្រកាស​ថា​ កំពុង​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​មកកាន់​ទីក្រុង​វ៉ាស៊ីង​តោន​ដើម្បី​បង្រាប​បាតុករ​។ លោក​ Trump ក៏​បាន​គំរាម​ថា​នឹង​បញ្ជូន​កង​ទ័ព​ទៅ​កាន់​រដ្ឋ​ទាំង​ឡាយ​ណា​ដែល​បាន​បដិសេធ​មិន​ប្រើ​ប្រាស់​ឆ្មាំ​ការ​ពារ​ជាតិ​។

កាល​ពី​ម្សិល​មិញ (3មិថុនា) ទាហាន​ប្រមាណ​ជា​3,000​នាក់​​បាន​បង្ហាញ​វត្តមាន​នៅ​​ក្នុងរដ្ឋធានី​វ៉ាស៊ីង​តោន​ ក្នុង​នោះ​មាន​កង​កម្លាំង​ឆ្មាំ​ការ​ពារ​ជាតិ​​របស់​រដ្ឋធានី​ចំនួន​1,300​នាក់​ និង​2,300​នាក់​ទៀត​​ត្រូវ​បាន​បញ្ជូន​មក​ពី​បណ្ដា​រដ្ឋ​ផ្សេង​ៗ​។ CNN ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ការ​ពារ​ជាតិ​ម្នាក់​ឱ្យ​ដឹង​ថា​ ទាហាន​​ប្រមាណ​ 1,300​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​បញ្ជូន​ពី​កង​ពល​ធំ​ទ័ព​អាកាស​លេខ​82 តាម​គម្រោង​នឹង​ត្រូវ​ដាក់​ពង្រាយ​​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។

យោង​តាម​អភិបាល​រដ្ឋ​វ៉ាស៊ីង​តោន​ លោក​ស្រី​ Muriel Bowser ទាហាន​ទាំង​នោះ​អាច​ប្រើ​ប្រាស់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ ដំបង​ឆក់​ និង​ស្លៀក​ពាក់​ឈុត​ការ​ពារ​កុបកម្ម​ក្នុង​ពេល​ធ្វើ​សកម្ម​ភាព​​ដើម្បី​គ្រប់គ្រង​រដ្ឋ​ធានី​ ប៉ុន្តែ​ ពួក​គេ​នឹង​មិន​ត្រូវ​បាន​បំពាក់​គ្រាប់​ពិត​នោះ​ទេ​។​ ប៉ុន្តែ កាល​ពី​ថ្ងៃទី​3​មិថុនា​ សារ​ព័ត៌មាន​ Star and Stripes ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ឱ្យ​ដឹង​ថា ទាហាន​មួយ​ចំនួន​បាន​យក​កាំភ្លើង​តាម​ខ្លួន​ពេល​បំពេញ​ភារ​កិច្ច​។

ទាហាន​ដែល​ត្រូវ​បាន​កែន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន​67,000​នាក់​ ប្រហាក់​ប្រហែល​នឹង​ទាហាន​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​បញ្ចប់​កុបកម្ម​ដែល​បាន​កើត​ឡើង​ក្រោយ​ការ​ធ្វើឃាត​អាចារ្យ​ Martin Luther King Jr. កាល​ពី​ឆ្នាំ​1968​។

ចាប់ពី​ថ្ងៃទី​29​ឧសភា​ បាតុករ​ជាង​400​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីងតោន ខណៈ​នៅ​ទូទាំង​ប្រទស​ មាន​បាតុករ​ជាង​9,300​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement