នាយក​រដ្ឋ​មន្ត្រី​កាណាដា លុត​ជង្គង់​ជាមួយ​ក្រុម​បាតុករ

នាយក​រដ្ឋ​មន្ត្រី​កាណាដា លោក Trudeau កាល​ពី​ថ្ងៃទី​5​មិថុនា​កន្លង​ទៅ បាន​លុត​ជង្គង់​ជាមួយ​នឹង​ក្រុម​បាតុករ​ នៅ​ខាង​មុខ​វិមាន​រដ្ឋ​សភា​ប្រទេស​នេះ​ ដើម្បី​សម្ដែង​ការ​ប្រឆាំង​ទៅ​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ និង​អំពើ​ហិស្សា​របស់​ប៉ូលិស​។

ក្រុម​បាតុករ​​នៅ​ប្រទេស​កាណាដា មាន​បំណង​បង្ហាញ​អំពី​សាមគ្គី​ភាព​ និង​គាំទ្រ​ចំពោះ​បាតុកម្ម​ដែល​កំពុង​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ ក្រោយ​ពី​ការ​ស្លាប់​របស់​ George Floyd ដែល​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង​ Minneapolis រដ្ឋ​ Minnesota កាលពី​សប្ដាហ៍​មុន​​។

នាយក​រដ្ឋ​មន្ត្រី​កាណាដា លោក Justin Trudeau កាន់​អាវ​មួយ​ដែល​មាន​អក្សរ​ “Black Lives Matter” (ឈ្មោះ​នៃ​ចលនា​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ដែល​បង្កើត​ឡើង​ដោយ​សហគមន៍​​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​)​ និង​ពាក់​ម៉ាស់​ បាន​ស្រែក​ជ័យ​ឃោសន៍​ជាមួយ​នឹង​ក្រុម​បាតុករ​រាប់​ពាន់​នាក់​​ដែល​បង្ហាញ​ខ្លួន​នៅ​ក្បែរ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ Ottawa។ ក្រោយ​មក ក្រុម​បាតុករ​នាំ​គ្នា​ឈរ​ស្ងៀម​ក្នុង​រយៈ​ពេល​8​នាទី​និង​46​វិនាទី​ ដែល​នេះ​ជា​រយៈ​ពេល​ដែល​ប៉ូលិស​​អាមេរិកាំង​​ឈ្មោះ Derek Chauvin បាន​យក​ជង្គង់​សង្កត់​ក​ George Floyd ធ្វើឱ្យ​បុរស​ស្បែក​ខ្មៅ​ម្នាក់​នេះ​ស្រែក​អង្វរ​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​” មុន​ពេល​ដាច់​ខ្យល់​ស្លាប់​។

រដ្ឋ​មន្ត្រី​ក្រសួង​គ្រួសារ​​របស់​ប្រទេស​កាណាដា​ លោក Ahmed Hussen ដែល​បាន​ចូល​រួម​ធ្វើ​បាតុ​កម្ម​នៅ​ Ottawa ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កាណាដា​ដែរ​នោះ​ បាន​ថ្លែង​ថា “ចូរ​សម្លឹង​មើល​សម្បុរ​ស្បែក​របស់​ក្រុម​បាតុករ​នេះ​។ មិន​ត្រឹម​តែ​ជន​ជាតិ​ស្បែក​ខ្មៅ​កាណាដា​នោះ​ទេ ប៉ុន្តែ មនុស្ស​ទាំង​អស់​ ជឿ​ថា ជនជាតិ​ស្បែក​ខ្មៅ​គួរ​តែ​បាន​រស់​រាន​មាន​ជីវិត​នឹង​គេ​”។

នាយក​រដ្ឋ​មន្ត្រី​ប្រទេស​កាណាដា​ លោក​ Justin Trudeau លុត​ជង្គង់​ជា​មួយ​ក្រុម​បាតុករ​

បាតុកម្ម​ដូច​គ្នា​នេះ​ក៏កំពុង​តែ​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ផ្សេង​ទៀត​របស់​ប្រទេស​កាណាដា​។ នៅ​ទីក្រុង​ Toronto ស្នង​ការ​ប៉ូលិស​ Mark Saunders រួម​នឹង​មន្ត្រី​ប៉ូលីស​ជា​ច្រើន​ក៏​បាន​លុត​ជង្គង់​ជាមួយ​នឹង​ក្រុម​បាតុករ​ផងដែរ​។ លោក Mark Saunders ថ្លែង​ថា “យើង​​បាន​មើល​ឃើញ​ ហើយ​យើង​ក៏​កំពុង​ស្ដាប់​។ យើង​ត្រូវ​ការ​សាមគ្គី​ភាព​ដើម្បី​បង្កើត​ការ​ផ្លាស់​ប្ដូរ​​”។

កាល​ពីថ្ងៃទី​2​មិថុនា​ នាយក​រដ្ឋ​មន្ត្រី​ Trudeau របស់​ប្រទេស​កាណាដា បាន​នៅ​ស្ងៀម​រយៈ​ពេល​ជាង​20​វិនាទី​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​ដែល​លោក Trump បញ្ជា​ឱ្យ​កង​ទ័ព​បំបែក​ហ្វូង​បាតុករ​។ លោក Trudeau បង្ហាញ​ទឹក​មុខហាក់​​មិន​សប្បាយ​ចិត្តជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ ហើយ​ចុង​ក្រោយ​លោក​ក៏​បាន​សម្រេច​ចិត្ត​គេច​ចេញ​ពី​សំណួរ​នេះ​។

នាយក​រដ្ឋ​មន្ត្រី​កាណាដា​ថ្លែង​ថា “យើង​ទាំង​អស់គ្នា​កំពុង​តាម​ដាន​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ប្រកប​ដោយ​ការ​រន្ធត់​។ នេះ​គឺជា​ពេល​ដែល​ត្រូវ​ទាញ​អ្នក​រាល់​គ្នា​ឱ្យ​នៅ​ជិត​គ្នា​ ប៉ុន្តែ​ក៏​ជា​ពេល​ដែល​ត្រូវ​ស្ដាប់​។ នេះ​គឺជា​ពេល​ដែល​ត្រូវ​យល់​អំពី​អ្វី​ទៅ​ដែល​ហៅ​ថា​​​អយុត្តិ​ធម៌​ ដែល​​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​ ច្រើន​ទសវត្សរ៍​កន្លង​មក​”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement