ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ ឆ្លង​វីរុស​COVID-19 ខណៈ​​ដែល​ពិភពលោក​មាន​អ្នក​ជំងឺ​ជាង​​7.7​លាន​នាក់

ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ ឆ្លង​វីរុស​COVID-19 ខណៈ​ពិភពលោក​មាន​អ្នក​ជំងឺ​ជាង​​7.7​លាន​នាក់

លោក​ស្រី​ Olena ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ Zelenskiy កាល​ពី​ម្សិល​មិញ​បាន​​ប្រាប់​ឱ្យ​ដឹង​អំពី​​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19 ដែល​លោក​ស្រី​ទទួល​បាន​ក្រោយ​ពី​ការ​ធ្វើតេស្ត​ ប៉ុន្តែស្វាមី​និង​កូន​ៗ​របស់​លោក​ស្រី​​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​​ជាមួយ​នឹង​មេរោគ​នេះ​។

“ថ្ងៃនេះ​ខ្ញុំ​បាន​ទទួល​លទ្ធ​ផលធ្វើ​តេស្ត​​វិជ្ជមាន​ជាមួយ​នឹង​ COVID-19។ ជា​ដំណឹង​ដែល​ខ្ញុំ​មិន​បាន​រំពឹង​ទុក​ទាល់​តែ​សោះ​។ ពិសេស​គឺ​នៅ​ពេល​ដែល​ខ្ញុំ​និង​គ្រួ​សារ​តែង​តែ​គោរព​គោល​ការ​ទាក់​ទិន​នឹង​ការ​ពាក់​ម៉ាស់​ ពាក់​ស្រោម​ដៃ​ និង​កាត់​បន្ថយ​ការ​ទាក់​ទង​ផ្ទាល់​” លោក​ស្រី​ Olena Zelenska ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ សរសេរ​បែប​នេះ​នៅ​លើ​ Facebook។

លោក​ស្រី​ Olena បាន​ឱ្យ​ដឹង​ថា លោក​ស្រី​នៅ​មាន​សុខ​ភាព​ល្អ​ និង​មិន​បាច់​ចូល​ពេទ្យ​ ប៉ុន្តែ​បាន​រក្សា​គម្លាត​ជាមួយ​នឹង​គ្រួសារ​ទាំង​មូល​។

សូម​រំឭក​ថា កន្លង​មក​ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ឆ្លង​វីរុស​COVID-19នេះ​ ក្នុង​នោះ​មាន​ដូច​ជា​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ (Boris Johnson) អនុប្រធានាធិបតី​​ទីមួយ​របស់​អ៊ីរ៉ង់ (Eshaq Jahangiri) និង​ឧបនាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ (Carmen Calvo) ចំណែកលោក​ស្រី​​ Sophie Gregoire ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​​កាណាដា​​ក៏ត្រូវ​បាន​បញ្ជាក់​ថា​បាន​ឆ្លង​វីរុស​នេះ​ដែរ​។ ក្រៅ​ពី​នេះ​​​នៅ​មាន​រដ្ឋ​មន្ត្រី​ អនុរដ្ឋមន្ត្រី​ និង​មន្ត្រី​ជាន់​ខ្ពស់នៃ​​​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ក៏​ធ្លាប់​បាន​ឆ្លង​ COVID-19។

លោក​ស្រី​ Olena Zelenska

ប្រទេស​អ៊ុយ​ក្រែន​បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​​នានា​ទាក់​ទង​នឹង​ COVID-19 ចាប់​ពី​ចុង​ខែ​ឧសភា​ ក្នុង​នោះ​ក៏​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រកួត​បាល់​ទាត់​ឡើង​វិញ​ផងដែរ​។ ចំណែក​បណ្ដាញ​រថភ្លើង​ក្រោម​ដី​នៅ​ក្នុង​រដ្ឋ​ធានី​ Kiev ក៏​បាន​ដំណើរ​ការ​ឡើង​វិញ​ក្រោយ​ពី​បាន​ផ្អាក​អស់​រយៈ​ពេល​2​ខែ​ដោយ​សារ​វិបត្តិ​សុខភាព​។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​ជាង​7.7​លាន​នាក់​​បាន​ឆ្លង​វីរុស​ និង​ជាង​428,000​នាក់​បានស្លាប់​។ ប្រទេស​អ៊ុយ​ក្រែន​ បច្ចុប្បន្ន​មាន​អ្នកជំងឺ​COVID-19 ជិត​ 30,000​នាក់​ និង​ជាង​870​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement