(វិដេអូ) ប៉ូលិស​អាមេរិកាំង​បាញ់​សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ទៀត​ហើយ​! បាតុកម្ម​នានា​ក៏​បាននិង​កំពុង​កើត​ឡើង​

បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ពេល​ព្យាយាម​តដៃ​នឹង​ក្រុម​ប៉ូលិស​​ ក្រោយ​ពី​ត្រូវ​បាន​ត្រួត​ពិនិត្យ​នៅក្បែរ​អាហារ​ដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ Atlanta សហរដ្ឋ​អាមេរិក​។

Rayshard Brooks ជា​ជន​ជាតិ​ស្បែក​ខ្មៅ​ អាយុ​27​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​​ស្បែក​ស​2រូប​បាញ់​សម្លាប់​នៅ​ចំណតរថយន្ត​មួយ​ក្នុង​ទីក្រុង​ Atlanta រដ្ឋ​ Georgia សហរដ្ឋ​អាមេរិក​ កាល​ពី​យប់​ថ្ងៃ​ទី​12​ ខែ​មិថុនា​កន្លង​ទៅ​។

Rayshard Brooks ដេក​លក់​នៅ​ក្នុង​រថយន្ត​​ក្នុង​ពេល​តម្រង់​ជួរ​រង់ចាំ​សេវាកម្ម​នៅមុខ​​អាហារដ្ឋាន​នៅ​ក្បែរ​នោះ​។ ការិយា​ល័យ​ប៉ូលិស​ Atlanta បាន​ឱ្យ​ដឹង​ថា​ បុរស​ស្បែក​ខ្មៅ​នេះ​បាន​តដៃ​ប្រឆាំង​ប៉ូលិស​នៅ​ពេល​មិន​អាច​ឆ្លង​ផុត​ការ​ធ្វើ​តេស្ត​​រកជាតិ​ស្រវឹង​ ឬ​គ្រឿង​ញៀន​។

វីដេអូ​មួយ​ដែល​ថត​បានសកម្ម​ភាព​នៅ​កន្លែង​កើត​ហេតុ បង្ហាញ​ថា Brooks ប្រតាយ​ប្រតប់​នឹង​ប៉ូលិស​2​រូប​ ក្រោយ​មក​ក៏​ដណ្ដើម​បាន​កាំ​ភ្លើង​អគ្គិសនី​​ពី​ប៉ូលិស​ម្នាក់​ ហើយ​ក៏​បាញ់​ទៅ​លើ​មុខ​របស់​ប៉ូលិស​នោះ​​។ រូប​ភាព​ពី​កាមេរ៉ា​សន្តិសុខ​នៅ​ក្បែរ​នោះក៏​បាន​បង្ហាញ​ថា ប៉ូលិស​2​រូប​នោះ​បាន​ដេញ​តាម​ ភ្លាម​នោះ​ Brooks បាន​បាញ់​ទៅ​លើ​ប៉ូលិស​ ធ្វើ​ឱ្យ​ប៉ូលិស​ម្នាក់​ធ្លាក់​កាំភ្លើង​អគ្គិសនី​ពី​ដៃ​។ បន្ទាប់​មក​ ប៉ូលិស​ក៏ដក​កាំភ្លើង​ហើយ​បាញ់​​ទៅ​លើ​ Brooks។

អធិការ​ប៉ូលិស​ក្រុង​ Atlanta លោក​ស្រី​ Erika Shields

ក្រោយ​ពី​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ អធិការ​ប៉ូលិស​ក្រុង​ Atlanta លោក​ស្រី​ Erika Shields បាន​សុំ​លាលែង​ពី​តំណែង​​ ហើយ​ក៏​ទទួល​បាន​ការ​យល់​ព្រម​​ពី​ថ្នាក់​លើ។ បច្ចុប្បន្ន​ សមត្ថកិច្ច​រដ្ឋ​ Georgia កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រឿង​នេះ​។

បាតុកម្ម​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​នឹង​ហេតុ​ការណ៍​ខាងលើ និង​ដើម្បី​ទាម​ទារ​យុត្តិ​ធម៌​ ក្នុង​នោះ​​មាន​បាតុករ​រាប់​សិប​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីកន្លែង​ដែល​ Brooks បាន​ស្លាប់​​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​។ ក្រុម​ប៉ូលិស​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ និង​គ្រាប់​បែក​ជះ​ពន្លឺ​ដើម្បី​បំបែក​ហ្វូង​បាតុករ​ នាំ​ឱ្យ​បាតុករ​រត់​ទៅ​កាន់​តំបន់​ផ្សេង​ ហើយ​ក៏​បាន​បិទ​ផ្លូវ​ល្បឿន​លឿន​របស់​រដ្ឋ​ Georgia​។

Advertisement