ឥណ្ឌា​បញ្ជូន​អាវ​ក្រោះ​ទៅ​ឱ្យ​​ទាហាន​នៅ​ព្រំ​ដែន​ ក្រោយ​ហេតុ​ការណ៍​វាយ​តប់​គ្នា​នឹង​​ទាហាន​ចិន

កង​ទ័ព​នៃ​ប្រទេស​ឥណ្ឌា​បាន​បញ្ជូន​​អាវ​ក្រោះ​ប្រឆាំង​កុបកម្ម​រាប់​រយ​ឈុត​​ទៅ​ឱ្យ​ទាហាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ Ladakh ដើម្បី​ការ​ពារ​ពួកគេ​ពី​អាវុធមុត​​ស្រួច​ និង​ដុំ​ថ្ម​​របស់​សត្រូវ។

ក្នុង​ដំណាក់​កាល​ដំបូង ឈុប​ការ​ពារ​ខ្លួន​​ចំនួន​500​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្ត​ហោះ​ពី​ទីក្រុង​ Mumbai ទៅកាន់​ទី​រួម​ស្រុក Leh ក្នុង​តំបន់​ Ladakh កាល​ពី​ម្សិល​មិញ​ដើម្បី​បំពាក់​ជូន​ទាហាន​ដែល​កំពុង​បំពេញ​ភារកិច្ច​ការ​ពារ​ព្រំ​ដែន​នៅ​តាម​បន្ទាត់​​​គ្រប់​គ្រង​ជាក់​ស្ដែង​ LAC (Line of Actual Control)។ ក្នុង​ចំណោម​ឈុត​ការ​ពារ​ខ្លួន​នោះ​ក៏​មាន​​បន្ទះ​polycarbonate​ ដែល​អាច​ការ​ពារ​ដែក​ស្រួច​ និង​ដុំ​ថ្ម​ផងដែរ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​ឥណ្ឌា​។

ឈុត​ការ​ពារ​ខ្លួន​ខាង​លើ​ ត្រូវ​បាន​បំពាក់​ជូន​ទាហាន​ឥណ្ឌា​នៅ​តាម​ព្រំដែន​ ក្រោយ​ពី​មាន​ហេតុ​ការណ៍​វាយតប់​គ្នា​ជាមួយ​ទាហាន​ចិន​កាល​ពី​ថ្ងៃ​ទី​15​មិថុនា​កន្លង​ទៅ​នៅ​ត្រង់​ចំណុច​ត្រួត​ពិនិត្យ​ទី​14 (PP-14) នៅ​តំបន់​ជ្រលង​ភ្នំ Galwan។ ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា​ ទាហាន​ចិន​បាន​ប្រើ​ប្រាស់​ដំបង​ដែក​ដែល​មាន​ផ្សារ​ភ្ជាប់​ដែក​គោល​ និង​ដំបូង​រុំ​ខ្សែ​លួស​ ខណៈ​ដែល​ទាហាន​ឥណ្ឌា​មាន​តែ​ដៃ​ទទេ​។

ពលរដ្ឋ​ឥណ្ឌា​សម្ដែង​ការ​ខឹង​សម្បា​នឹង​ប្រទេស​ចិន​ដោយ​ការ​ដុត​ទង់​ជីត​ចិន​

ក្នុង​ហេតុ​ការណ៍​នោះ​ មាន​ទាហាន​ឥណ្ឌា​យ៉ាង​តិច​20​នាក់​បាន​ស្លាប់​ ក្នុង​នោះ​មាន​3​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​17​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​បន្ទាប់​ពី​ហេតុ​ការណ៍​បាន​ស្ងប់​ស្ងាត់​។

សារ​ព័ត៌មាន​ឥណ្ឌា​បាន​ចេញ​ផ្សារ​ដែរ​ថា ទាហាន​ចិន​ជាង​40​នាក់​បាន​ស្លាប់​និង​រង​របួស​ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា​ខាងលើ​។ ទីក្រុង​ប៉េកាំង​បាន​ទទួល​ស្គាល់​ថា​ ទាហាន​មួយ​ចំនួន​របស់​ខ្លួន​បាន​ស្លាប់​និង​រង​របួស​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​តួលេខ​ច្បាស់​លាស់​នោះ​ឡើយ​។

សារ​ព័ត៌​មាន​ឥណ្ឌា​រាយ​ការណ៍​ថា ទាហាន​ឥណ្ឌា​ត្រូវ​បាន​ទាហាន​ចិន​វាយ​ប្រហារ​ និង​សម្លាប់​​នៅ​នឹង​កន្លែង​ នៅ​តំបន់​ក្បែរ​ចំណុច​ត្រួត​ពិនិត្យ​ PP-14។ ប៉ុន្តែ បញ្ជាការដ្ឋាន​​ភូមិ​ភាគ​ខាង​លិច​របស់​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន (PLA) និយាយ​ថា ទាហាន​ឥណ្ឌា​​បាន​ឆ្លង​កាត់​បន្ទាត់​ព្រំ​ដែន​ LAC និង​ “មាន​ចេតនា​បញ្ឆេះ​កំហឹង​” នាំ​ឱ្យ​មាន​ហេតុការណ៍​វាយ​តប់​គ្នា​កើត​ឡើង​។

ហេតុ​ការណ៍​ខាង​លើ​នេះ គឺជា​ការ​ប៉ះទង្គិច​គ្នា​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ដំបូង​គេ​បង្អស់​នៅ​តាម​បន្ទាត់​​ព្រំ​ដែន​ប្រវែង​3,488​គីឡូម៉ែត្រ​រវាង​ប្រទេស​ទាំង​ពីរ​ រាប់​ចាប់​តាំង​ពីការផ្ទុះ​អាវុធ​ដាក់​គ្នា​ដែល​បាន​បណ្ដាល​ឱ្យ​ទាហាន​ឥណ្ឌា​4​នាក់​ស្លាប់​នៅ​ Tulung La ក្នុង​តំបន់​ Arunachal Pradesh កាល​ពី​ឆ្នាំ​1975​។

ចិន​និង​ឥណ្ឌា​កាល​ពី​ថ្ងៃទី​17​មិថុនា​កន្លង​ទៅ​ បាន​ព្យាយាន​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​តំបន់​ព្រំ​ដែន​។ រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ និង​បាន​យល់​ព្រម​ “បន្ថយ​កម្ដៅ​ស្ថាន​​​ការណ៍​” បើ​ទោះ​ជា​ប្រទេស​ទាំង​ពីរ​នៅ​តែ​ចោទ​ដាក់​គ្នា​លើ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក៏​ដោយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement