ឆ្លងមេរោគហើយជាង 10លាននាក់ តែ WHO ថា ចំណុចអាក្រក់បំផុត នៅមិនទាន់មកដល់ទេ និងត្រៀមបញ្ជូនក្រុមអ្នកជំនាញទៅចិន រកប្រភពកំណើតវីរុស…

6ខែ រាប់ចាប់ពីមានការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រទេសថ្មី ឬកូវីដ-19 មក ពិភពលោកនៅតែស្ថិតនៅឆ្ងាយពីពាក្យថា “ចប់” និងចំណុចអាក្រក់បំផុត ថែមទាំងមិនទាន់មកដល់ទៀតផង…នេះបើតាមរយៈការដាស់តឿនរបស់អង្គការសុខភាពពិភពលោក ឬ WHO កាលពីថ្ងៃចន្ទ(ទី29មិថុនា)ម្សិលមិញ និងថែមទាំងបានបង្ហើបឱ្យដឹងទៀតថា កំពុងតែត្រៀមបញ្ជូនក្រុមការងារទៅប្រទេសចិន ដើម្បីស្វែងរកដើមកំណើតរបស់ជំងឺរាតត្បាតដ៏ធំមួយនេះ។

ក្រោយឆ្លងកាត់បង្គោលជោគជ័យដ៏គួរឱ្យសោកសង្រេង ដែលចំនួនអ្នកស្លាប់បានកើនដល់ 500,000នាក់ និងឆ្លងមេរោគហក់ឡើងលើស 10លាននាក់ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ​នេះគឺជាអំឡុងពេលដែលត្រូវបង្កើនភាពពុះពារព្យាយាមក្នុងការតស៊ូ ដើម្បីការពារអាយុជីវិតមនុស្សជាតិ។

លោក ថេដ្រូស អាត់ហាណូម ហ្គេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងការថ្លែងការណ៍ពីចម្ងាយមួយថា “6ខែមុន ប្រហែលជាគ្មានអ្នកណានឹកស្រមៃឃើញថា ពិភពលោករបស់យើង និងវិថីជីវិតរបស់យើង នឹងត្រូវបានគ្រវែងចូលទៅរកភាពច្របូលច្របល់ដោយសារវីរុសថ្មីមួយនេះឡើយ…យើងគ្រប់គ្នាត្រូវការឱ្យវាបញ្ចប់ យើងគ្រប់គ្នាសុទ្ធតែត្រូវការឱ្យជីវិតដើរទៅមុខជាបន្តទៀត តែការពិតដ៏សែនលំបាកលំបិន នៅមិនទាន់ទៅជិតចំណុចបញ្ចប់នៅឡើយ”

លោកបន្ថែមថា “ទោះជាប្រទេសជាច្រើនមានភាពរីកចម្រើនទៅមុខខ្លះៗហើយមែន តែការពិត គឺជំងឺរាតត្បាតដ៏ធំទូទាំងពិភពលោក នៅតែបង្កើនល្បឿនយ៉ាងលឿន យើងគ្រប់គ្នាស្ថិតនៅក្នុងស្ថានការណ៍នេះដូចគ្នា ហើយយើងគ្រប់គ្នា នឹងស្ថិតនៅក្នុងស្ថានការណ៍នេះយូរតទៅទៀត…យើងចាំបាច់ត្រូវតែប្រមូលសន្សំភាពបត់បែន ភាពស៊ូទ្រាំ ភាពទន់ភ្លន់ ដាក់ខ្លួន និងភាពសណ្ដោសប្រណី ឱ្យបានច្រើនឡើងក្នុងច្រើនខែខាងមុខទៀត យើងនឹងជួបការបាត់បង់យ៉ាងច្រើនមែនទែន តែយើងមិនអាចបាត់បង់សេចក្ដីសង្ឃឹមបានឡើយ”

លោកថេដ្រូស ប្រាប់ថា ជំងឺរាតត្បាតដ៏ធំ បានបង្ហាញឱ្យឃើញពីផ្នែកល្អបំផុត និងអាក្រក់បំផុតរបស់មនុស្សជាតិ​ ដោយសំអាងលើទង្វើនៃក្ដីមេត្តាករុណា និងភាពជាធ្លុងមួយ តែមួយជ្រុងទៀត ក៏មានការបង្វែរ បំភ្លៃទិន្នន័យ និងយកមេរោគវីរុសមកធ្វើជាល្បែងនយោបាយ។

លោកបន្តទៀតថា “ក្នុងបរិយាកាសនៃភាពបែកបាក់ខាងនយោបាយរបស់ពិភពលោក និងការប្រេះស្រាំក្នុងកម្រិតជាតិ ចំណុចអាក្រក់បំផុត មិនទាន់មកដល់នៅឡើយ…ខ្ញុំសោកស្ដាយ ដែលត្រូវនិយាយបែបនេះ…ដោយសភាពបរិស្ថាន និងសភាវការណ៍ដែលសុទ្ធតែស្ថិតក្នុងលក្ខណៈនេះ យើងមានកង្វល់ពាក់ព័ន្ធនឹងស្ថានការណ៍ដែលនឹងអាក្រក់បំផុត”

ក្រៅពីនេះ លោកថេដ្រូស នៅបានថ្លែងទៀតថា អង្គការសុខភាពពិភពលោក នឹងបញ្ជូនក្រុមការងារពិសេសមួយទៅប្រទេសចិននាសប្ដាហ៍ក្រោយ ពាក់ព័ន្ធនឹងការស្វែងរកប្រភពកំណើតរបស់វីរុស ដែលដុតបញ្ឆេះជំងឺរាតត្បាតដ៏ធំកូវីដ-19 ធ្វើឱ្យឆេះរាលដាលទូទាំងពិភពលោក។

ស្ថាប័នសុខភាពសាធារណៈរបស់អង្គការសហប្រជាជាតិមួយនេះ បានព្យាយាមដាក់សម្ពាធប្រទេសចិនមកតាំងពីដើមខែឧសភា ដោយបង្ខំឱ្យប្រទេសមួយនេះ អញ្ជើញគណៈអ្នកជំនាញការរបស់ពួកគេ(WHO) ចូលទៅស៊ើបអង្កេតស្វែងរកសត្វដើមកំណើតរបស់មេរោគកូរ៉ូណាប្រភេទថ្មី ដោយលោកថេដ្រូស បាននិយាយថា “ការបានដឹងពីប្រភពកំណើតរបស់មេរោគវីរុសនេះ គឺជារឿងមួយសំខាន់បំផុត”។

លោកបានថ្លែងថា “យើងនឹងអាចប្រយុទ្ធនឹងមេរោគវីរុសនេះបានល្អឡើង ប្រសិនបើយើងបានដឹងគ្រប់យ៉ាងពាក់ព័ន្ធនឹងវីរុសនេះ ក្នុងនោះរួមទាំងដឹងថា វាចាប់ផ្ដើមឡើងដោយរបៀបណាទៀតផង…យើងនឹងបញ្ជូនក្រុមការងារទៅប្រទេសចិននាសប្ដាហ៍ក្រោយនេះ ដើម្បីត្រៀមការសម្រាប់រឿងនេះ ហើយយើងសង្ឃឹមថា វានឹងនាំមកនូវការ​យល់ដឹងថា វីរុសនេះ ចាប់ផ្ដើមឡើងរបៀបយ៉ាងម៉េច?”

តែលោកមិនបានបញ្ជាក់ប្រាប់ថា ក្រុមការងារឈុតនេះ នឹងមានអ្នកជំនាញការមកពីប្រទេសណាខ្លះ ឬភារកិច្ចពិសេសរបស់ពួកគេ គឺអ្វីឡើយ។

យ៉ាងណាក្ដី ពួកអ្នកវិទ្យាសាស្ត្រ ជឿថា មេរោគវីរុសកូរ៉ូណាប្រភេទថ្មិ ដែលចាប់កំណើតឡើងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំកន្លងទៅនោះ បានលោតចេញពីសត្វចូលមករកមនុស្ស ដោយមានភាពអាចទៅរួចថា មានចំណុចចាប់ផ្ដើមចេញពីផ្សារលក់សាច់សត្វប្លែកៗ នៅក្នុងទីក្រុងវូហាន៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement