ឥណ្ឌា​​ទិញ​យន្ត​ហោះ​ចម្បាំង​33​គ្រឿង​ពី​បរទេស​ ខណៈ​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​ចិន

ឥណ្ឌា​​ទិញ​យន្ត​ហោះ​ចម្បាំង​33​គ្រឿង​ពី​បរទេស​ ខណៈ​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​ចិន
យន្តហោះ​ចម្បាំង​ Sukhoi Su-30

រដ្ឋាភិបាល​ឥណ្ឌា​ កាល​ពី​ថ្ងៃទី​2​កក្កដា​កន្លង​ទៅ​ បាន​អនុម័ត​​យល់​ព្រម​ទិញ​យន្ត​ហោះ​ចម្បាំង​ចំនួន​33​គ្រឿង​ពី​ប្រទេស​រុស្ស៊ី​ ព្រម​ទាំង​ធ្វើ​ការ​បន្ទាន់​សម័យ​ទៅ​លើ​យន្ត​ហោះចម្បាំង​ចំនួន​59​គ្រឿង​ផ្សេង​ទៀត​ ក្នុង​គ្រា​ដែល​ភាព​តាន​តឹង​កំពុង​ឡើង​កម្ដៅ​នៅតាម​ព្រំដែន​ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​។

សារ​ព័ត៌មាន Reuters ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ការ​ពារ​ជាតិ​ឥណ្ឌា​ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ប្រទេស​នេះ​បាន​អនុម័ត​យល់​ព្រម​ទិញ​យន្ត​ហោះចម្បាំង MiG-29 ចំនួន​21​គ្រឿង និង​ Su-30 ចំនួន​12​គ្រឿង​ ដែល​មាន​តម្លៃ​សរុប​ 2.43​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការ​ទិញ​យន្ត​ហោះ​ចម្បាំង​ ក៏ដូច​ជា​ការ​បន្ទាន់​សម័យ​យន្ត​ហោះ​ចម្បាំង​ផ្សេង​ទៀត​របស់​កង​ទ័ព​ឥណ្ឌា​ គឺជា​ផ្នែក​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ក្នុងការ​ពង្រីក​ឥទ្ធិពល​នៃ​ទ័ព​អាកាស​របស់​ឥណ្ឌា​។

ការអនុម័ត​ទិញ​យន្ត​ហោះ​ចម្បាំង​ខាង​លើ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ឥណ្ឌា លោក Rajnath Singh ទៅ​កាន់​ប្រទេស​រុស្ស៊ី កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ ទីក្រុង​នីវដេលី (New Delhi) ក៏​បាន​តឿន​ឱ្យទីក្រុង​មូស្គូ​បង្កើន​ល្បឿន​ក្នុង​ការ​ប្រគល់​ប្រព័ន្ធ​មីស៊ីល​ការ​ពារដែន​អាកាស​ដែល​ឥណ្ឌា​បាន​បញ្ជា​ទិញ​​នោះ​​ផងដែរ​។

ឥណ្ឌា​​ទិញ​យន្ត​ហោះ​ចម្បាំង​33​គ្រឿង​ពី​បរទេស​ ខណៈ​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​ចិន
យន្ត​ហោះ​ចម្បាំង​ MiG-29

ឥរិយាបថ​ខាង​លើ​​របស់​ឥណ្ឌា បានកើន​ឡើង​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ចិន​និង​ឥណ្ឌា​កំពុង​មាន​ជម្លោះ​នៅ​តាម​បន្ទាត់​ព្រំ​ដែន​ ក្រោយ​ពី​មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​​ប្រកប​ដោយ​ភាព​ឃោរឃៅ​កាលពីពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ Galwan ដែល​ហេតុ​ការណ៍​នេះ​បាន​បណ្ដាល​ឱ្យ​ទាហាន​ឥណ្ឌា​យ៉ាង​តិច​20​នាក់​បាត់​បង់​ជីវិត។

ក្រោយ​កិច្ច​ចរចា​ក្នុង​សប្ដាហ៍​នេះ ក្រុម​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​យល់​ព្រម​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ព្រំដែន​ដែល​កំពុង​មាន​ជម្លោះ​ទៅតាម​ដំណាក់​កាល​​នីមួយ​ៗ ក្នុងបំណង​កាត់​បន្ថយ​ភាព​តាន​តឹង​។ ប្រភព​ព័ត៌មាន​មួយ​ចំនួន​ មុន​នេះ​ បាន​រាយ​ការណ៍​ថា ទាំង​ឥណ្ឌា ទាំង​ចិន នៅ​តែ​បន្ត​បង្កើន​វត្តមាន​កង​ទ័ព​រៀង​ៗ​ខ្លួន​នៅ​តាម​បន្ទាត់​ព្រំ​ដែន​ សូម្បី​តែ​នៅ​ពេល​ប្រទេស​ទាំង​ពីរ​បានព្រម​ព្រៀង​គ្នា​ក្នុងការ​ដក​កង​ទ័ព​ដ៏ដោយ​៕

ប្រភព៖ Reuters

Advertisement