ទឹកជំនន់នៅប្រទេសចិន! មនុស្សជាង100នាក់បាន​ស្លាប់និងបាត់ខ្លួន ខណៈ​សេដ្ឋកិច្ចជាតិ​ត្រូវ​ខាត​បង់​25ពាន់លានយន់

ទឹកជំនន់នៅប្រទេសចិន! មនុស្សជាង100នាក់បាន​ស្លាប់និងបាត់ខ្លួន ខណៈ​សេដ្ឋកិច្ចជាតិ​ត្រូវ​ខាត​បង់​25ពាន់លានយន់

ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសចិន បានទាញរំលំអគារជាច្រើនកន្លែង​ និងបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋប្រមាណជា15លាននាក់ ព្រម​ទាំង​បាន​​បណ្ដាល​ឱ្យ​​​មនុស្សជាង​​100នាក់​ត្រូវ​បាត់​បង់​ជីវិត​និង​បាត់​ខ្លួន​។

នៅក្នុងទីក្រុង Yichang ខេត្ត Hubei ទឹកជំនន់បានឡើងដល់ត្រឹមចង្កេះ នាំឱ្យអ្នកដំណើរនិងមធ្យោបាយធ្វើដំណើរត្រូវជាប់គាំងនៅតាមដងផ្លូវ។ នៅក្បែរទីក្រុង Chongqing លំហូរទឹកជំនន់​ហាក់បាន​កួចយកកំណាត់ផ្លូវនានា ខណៈដែលទីរួមស្រុកទេសចរណ៍ Yangshuo នៃតំបន់ Guangxi ក៏មានភ្លៀងធ្លាក់ខ្លាំង ដែលនេះត្រូវបានអាជ្ញាធរពណ៌នាថា ជាព្រឹត្តិការណ៍ “រយឆ្នាំ” ទើបមានម្ដង។

ជាច្រើនសប្ដាហ៍មកនេះ ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា បានបំផ្លិចបំផ្លាញគ្រប់តំបន់នៅភាគខាងត្បូងប្រទេសចិន បណ្ដាលមនុស្សមនុស្សយ៉ាងតិច106នាក់បានស្លាប់និងបាត់ខ្លួន ព្រមទាំងបង្កផលប៉ះពាល់អាក្រក់ដល់ពលរដ្ឋរាប់សិបលាននាក់។ នេះគឺជាគ្រោះទឹកជំនន់ដែលមានសភាពអាក្រក់បំផុតក្នុងអំឡុងប៉ុន្មានទសវត្សរ៍កន្លង​មកនេះ។
តំបន់​មួយក្នុងចំណោមតំបន់ដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត នោះគឺខេត្ត Hubei ដែលមាន Wuhan ជាទីរួមខេត្ត ជាកន្លែងដែលបានរងការខាតបង់ច្រើនបំផុតដោយសារតែវីរុសCOVID-19។

ក្រោយរយៈពេល31ថ្ងៃដែលបានព្រមានអំពីភ្លៀងនិងទឹកជំនន់ មជ្ឈមណ្ឌលជាតិឧតុនិយមចិន កាលពីថ្ងៃទី3កក្កដាកន្លងទៅក៏​បានព្យាករថា នឹងមានភ្លៀងធំជា​ច្រើន​មេ​មេទៀតកើតឡើងនៅតំបន់ភាគនិរតី ដែលចាប់ផ្ដើមពីថ្ងៃទី4កក្កដានេះ។ ក្រុមមន្ត្រីឧតុនិយមក៏បានព្រមានអំពីហានិភ័យនៃការបាក់ដីនិងបាក់ទំនប់ទឹកផងដែរ។

គ្រោះទឹកជំនន់នេះបាននាំឱ្យប្រជាជនមានការព្រួយបារម្ភអំពីស្ថានភាពទំនប់ Three Gorges Dam នៅលើទន្លេ Yangtze នៅពេលដែលវាកំពុងប្រឈមនឹងគ្រោះធំបំផុតរាប់ចាប់ពីពេលត្រូវបានដំណើរការកាលពីឆ្នាំ2003។

ទឹកជំនន់នៅប្រទេសចិន! មនុស្សជាង100នាក់បាន​ស្លាប់និងបាត់ខ្លួន ខណៈ​សេដ្ឋកិច្ចជាតិ​ត្រូវ​ខាត​បង់​25ពាន់លានយន់
ស្ថានភាពទំនប់ Three Gorges Dam នៅលើទន្លេ Yangtze

ក្រុមមន្ត្រីចិនបានអះអាងជាច្រើនដងថា ការព្រួយបារម្ភខាងលើនេះគឺ “គ្មានន័យ” នោះទេ ខណៈដែលសារព័ត៌មានរដ្ឋចិន Xinhua ក៏បានបញ្ជាក់ថា ទំនប់ទឹក Three Gorges Dam នេះបានជួយកាត់បន្ថយទឹកជំនន់នៃទន្លេ Yangtze។ ក៏ប៉ុន្តែ តំបន់នេះនៅតែបន្តរងការបំផ្លិចបំផ្លាញដោយសារទឹកជំនន់និង​បាក់ដី ព្រមទាំងមានគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះទៀត​ផង។

យោងតាមក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន ទឹកជំនន់នេះបានបង្កផលប៉ះពាល់ដល់ខេត្តចំនួន26នៃប្រទេសនេះ ក្នុងនោះមានផ្ទះរាប់សែនខ្នងត្រូវខូចខាត ចំណែក​សេដ្ឋកិច្ចវិញ​ក៏​ត្រូវ​ខាត​បង់​ប្រមាណជា25ពាន់លានយន់ (3.6ពាន់លានដុល្លារអាមេរិក)៕

ប្រភព៖ NY Times

Advertisement