អីយ៉ា!! ចិនតែងតាំងជើងខ្លាំងខាងបង្ក្រាបបាតុកម្ម ជាអគ្គនាយកស្ថាប័នគ្រប់គ្រងសន្តិសុខថ្មីនៅហុងកុង

ក្រុងប៉េកាំង បានតែងតាំងមន្ត្រីម្នាក់ ដែលមានឈ្មោះល្បីល្បាញក្នុងអំឡុងពេលបង្ក្រាបហេតុការណ៍បាតុកម្មតវ៉ានៅក្នុងតំបន់មួយរបស់ចិន ឱ្យធ្វើជាអគ្គនាយកស្ថាប័នសន្តិសុខជាតិថ្មី ដែលទើបរៀបចំឡើងថ្មីនៅក្នុងទីក្រុងហុងកុង។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ កាលពីថ្ងៃទី3 កក្កដា ម្សិលមិញ។

លោក ជឹង យ៉ាងស៊ាង អាយុ 56ឆ្នាំ ដែលកាលពីពេលថ្មីៗនេះ គ្រងតំណែងជាអគ្គលេខាធិការ នៃគណៈកម្មការបក្សកុម្មុយនីស្ត ប្រចាំ ក្វាងទុង មណ្ឌលដែលមានឥទ្ធិពលខាងសេដ្ឋកិច្ច ដែលមានព្រំដែនជាប់គ្នានឹងហុងកុង ដោយលោក គឺជាមន្ត្រីម្នាក់ ក្នុងចំណោមមន្ត្រីជាច្រើនដែលបានទទួលការតែងតាំងពីក្រុងប៉េកាំងក្នុងអំឡុងប៉ុន្មានខែកន្លងមកនេះ ខណៈដែលចិន បាននិងកំពុងរឹតបន្តឹងការគ្រប់គ្រងលើអតីតដែនកោះអាណានិគមរបស់អង់គ្លេសមួយនេះ។

ស្ថាប័នសន្តិសុខថ្មី ត្រូវបានរៀបចំឡើងក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលចិនចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ទៅលើកោះហុងកុង កាលពីអំឡុងដើមសប្ដាហ៍នេះ ដែលមានកំណត់ការដាក់ទោសទណ្ឌលើ ឧក្រិដ្ឋជនបំបែកទឹកដី ការប៉ុនប៉ងផ្ដួលរំលំការគ្រប់គ្រង បង្កភេរវកម្ម និងឃុបឃិតជាមួយកងកម្លាំងបរទេស ដែលមានកម្រិតខ្ពស់បំផុត គឺជាប់គុកអស់មួយជីវិត។

អីយ៉ា!! ចិនតែងតាំងជើងខ្លាំងខាងបង្ក្រាបបាតុកម្ម ជាអគ្គនាយកស្ថាប័នគ្រប់គ្រងសន្តិសុខថ្មីនៅហុងកុង
លោក ជឹង យ៉ាងស៊ាង កាលពីនៅគ្រងតំណែងជាលេខាធិការបក្សកុម្មុយនីស្ត ប្រចាំក្រុងសានវើយ កំពុងផ្ដល់សម្ភាសជាមួយអ្នកយកព័ត៌មាន ពាក់ព័ន្ធនឹងហេតុការណ៍បាតុកម្មនៅតំបន់អ៊ូខាន កាលឆ្នាំ2011។

ក្រោមច្បាប់សន្តិសុខជាតិថ្មីនេះ ស្ថាប័នសន្តិសុខប្រចាំក្រុងហុងកុង អាចដំណើរការចេញបទបញ្ជាប្រើច្បាប់ បានលើសពីច្បាប់សន្តិសុខក្នុងតំបន់ដែលមានស្រាប់នាពេលបច្ចុប្បន្ន ក្នុងរឿងក្ដីធ្ងន់ធ្ងរផ្សេងៗបាន។

ច្បាប់នេះ អនុញ្ញាតឱ្យមន្ត្រី របស់អង្គភាពសន្តិសុខ អាចនាំជនសង្ស័យឆ្លងព្រំដែន ចូលទៅជម្រះក្ដីដោយតុលាការដែលគ្រប់គ្រងដោយបក្សកុម្មយនីស្ត និងកំណត់ឯកសិទ្ធិឃុំគ្រងពិសេសដល់មន្ត្រីរបស់អង្គភាពមួយនេះ ដែលក្នុងនោះរួមទាំង ហាមអាជ្ញាធរក្នុងតំបន់ ត្រួតពិនិត្យឆែកឆេរយានជំនិះរបស់ពួកគេទៀតផង។

កាលពីគ្រាដែលលោក ជឹង នៅគ្រងតំណែងលេខាធិការបក្សកុម្មុយនីស្តប្រចាំក្រុងសានវើយ មន្ត្រីរបស់លោកបានបង្ក្រាបបាតុកម្មតវ៉ាមួយនៅក្នុងទីប្រជុំជនអ៊ូខាន កាលឆ្នាំ2011 ក្រោមអំណាចតុលាការ។ ប្រជាជនជាច្រើនពាន់នាក់ ត្រូវការប្រាក់សំណង ពីករណីដែលពួកគេត្រូវរដ្ឋបាលរឹបអូសយកដី និងបានបង្កើតគណៈកម្មការមួយឡើង ដើម្បីធ្វើជាតំណាងទាមទារសិទ្ធិរបស់ពួកគេ ដោយក្នុងអំឡុងពេលនៃការតវ៉ាទាមទារនោះ ពួកគេបានរៀបរាប់ប្រាប់ពីភាពលំបាក និងការមិនសប្បាយចិត្ត ទៅអ្នកយកព័ត៌មានបរទេសទៀតផង។

ឃ្លីបវីដេអូ នៃការប្រជុំផ្ទៃក្នុងរបស់រដ្ឋបាលដែលបែកធ្លាយចេញមក ដោយបានបង្ហាញឱ្យឃើញពីរូបភាពលោក ជឹង ដែលនិយាយឡូឡា រិះគន់ពួកអ្នកស្រុកខ្លាំងៗយ៉ាងក្រេវក្រោធ និងប្រើពាក្យសម្ដីអាក្រក់ៗ រិះគន់អ្នកសារព័ត៌មានបរទេសទៀតផង។

ទីក្រុងហុងកុង ដែលត្រូវញ័ររញ្ជួយ ដោយសារហេតុការណ៍ប្រឆាំងតវ៉ារដ្ឋាភិបាល ដែលអូសបន្លាយពេលជាច្រើនខែ និងជាញឹកញាប់បានធ្លាក់ចូលទៅក្នុងអំពើហិង្សាកាលពីឆ្នាំទៅនោះ បានជំរុញឱ្យក្រុងប៉េកាំងចេញច្បាប់សន្តិសុខជាតិថ្មី ដែលពួកសកម្មជនប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុង និងរដ្ឋាភិបាលបរទេសមួយចំនួន និយាយថា ជាការព្យាយាមបំផ្លាញអំណាចគ្រប់គ្រងខ្លួនឯងរបស់ទីក្រុងហុងកុង ដែលចិនធ្លាប់បានសន្យាក្រោមរូបមន្ត ប្រទេស1 ប្រព័ន្ធ2 កាលពីពេលមុន៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement