វិបត្តិហុងកុង និងភាពច្របូកច្របល់ របស់ការរៀបចំរបៀបរបបពិភពលោកជាថ្មី

គ្រាន់តែចិនអនុម័តច្បាប់សន្តិសុខសម្រាប់ក្រុងហុងកុងច្បាប់ថ្មីភ្លាម សហរាជអាណាចក្រ(United Kingdom) ក៏ប្រកាសបើកទ្វារស្វាគមន៍ពលរដ្ឋហុងកុងចំនួន 3លាននាក់ឱ្យចូលមកធ្វើការ និងពំនាក់អាស្រ័យ។

នយោបាយនេះ បានធ្វើឱ្យមានសំឡេងឆ្លើយតបពីមហាអំណាចនៃទ្វីបអាស៊ីមួយនេះ(ចិន) ដោយបានប្រកាសថា នឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លាចំពោះទង្វើដែលខ្លួនយល់ថា ជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ប្រទេសខ្លួន។

សកម្មភាពថ្មីៗចុងក្រោយបំផុតនេះ បានធ្វើឱ្យវិបត្តិក្នុងទីក្រុងហុងកុង ក្លាយជាបទសាកល្បងកិច្ចការងារការទូតរបស់ពិភពលោកដ៏សំខាន់មួយ ក្នុងយុគសម័យដែលប្រទេសនានាកំពុងផ្ដោតចំណាប់អារម្មណ៍លើការប្រយុទ្ធប្រឆាំងនឹងវិបត្តិរោគរាតត្បាត។

សួរថា តើបញ្ហាក្នុងក្រុងហុងកុង បានប្រាប់អ្វីដល់យើងខ្លះ ពាក់ព័ន្ធនឹងការដែលចិនកំពុងតែងើបឈរឡើងក្នុងលំដាប់ថ្នាក់នៃបណ្ដាប្រទេសមហាអំណាចរបស់ពិភពលោក និងតើ វានឹងហុចផលយ៉ាងណា ចំពោះការដំណើរការនយោបាយផ្នែកការបរទេសរបស់សហរាជអាណាចក្រ ក្នុងយុគសម័យ Brexit?។

“អ្នកមានចំណែកខាត-ចំណេញ ដែលលេងតាមច្បាប់កតិកា”

អង់គ្លេស បានប្រគល់កោះហុងកុងទៅឱ្យចិនវិញនៅឆ្នាំ1997 ក្រោមកិច្ចព្រមព្រៀងពិសេសមួយថា រដ្ឋាភិបាលចិន នឹងគ្រប់គ្រងក្រុងហុងកុងបែប “ប្រទេស1 ប្រព័ន្ធ2”

អំឡុងជាង 2ទសវត្សរ៍កន្លងមកនេះ ក្រុមមេដឹកនាំប្រទេសលោកខាងលិចភាគច្រើនសង្ឃឹមថា ការងើបឈរឡើងឆ្ពោះទៅរកអំណាចរបស់ចិន នឹងដំណើរការទៅមុខតាមបែបដែលពួកគេនឹកសង្ឃឹម គឺចិននឹងធ្វើជា “អ្នកដែលមានចំណែកខាត-ចំណេញដែលលេងតាមច្បាប់កតិកា” ក្នុងសហគមន៍ពិភពលោក ឬនិយាយមួយបែបទៀតថា ចិនសន្យាថា នឹងប្រតិបត្តិតាមកិច្ចព្រមព្រៀង និងស្តង់ដាអន្តរជាតិ ដែលបើសិនជាចិន នៅតែប្រកាន់ខ្ជាប់គោលការណ៍ដែលថានេះ កិច្ចព្រមព្រៀងរឿងអនាគតរបស់ហុងកុង ដែលអង់គ្លេសបានធ្វើជាមួយចិនក្នុងការប្រគល់កោះមួយនេះ ក៏នឹងនៅតែដំណើរការតទៅទៀត។

ប៉ុន្តែការពិត វាបែរជាមិនបានចេញមកក្នុងរូបភាពបែបនោះឡើយ ចិនពង្រីកអំណាចក្នុងវេទិកាពិភពលោកយ៉ាងឆាប់រហ័ស និងមានភាពព្យាយាមយ៉ាងខ្លាំង រហូតក្លាយជាមហាអំណាចផ្នែកយោធាក្នុងអាស៊ី ដែលទោះជា “បងធំ” ដូចជាសហរដ្ឋអាមេរិក ក៏អាចពិបាកនឹងតតាំងបានដែរ។

ការស្ទុះងើបឡើងឆ្ពោះទៅរកអំណាចរបស់ចិននេះ ថែមទាំងកើតឡើងក្នុងអំឡុងពេលដែលប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក កំពុងបែរចំណាប់អារម្មណ៍ទៅរកចំណុចផ្សេងៗទៀត ដូចជា សង្គ្រាមបង្ក្រាបភេរវកម្ម និងវិបត្តិការណ៍នៅក្នុងប្រទេសស៊ីរី ខណៈដែលបណ្ដាប្រទេសនៅអឺរ៉ុបនាំគ្នាផ្ចង់ចំណាប់អារម្មណ៍ទៅលើរឿង Brexit។

ភាពធ្លាក់ចុះរបស់រដ្ឋបាលសហរដ្ឋអាមេរិក

ក្រៅពីនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថែមទាំងស្ទើរតែមិនបានដំណើរការនយោបាយពាក់ព័ន្ធនឹងចិន ឱ្យបានជាប់លាប់ទៀតផង និងមើលទៅដូចជាថា រដ្ឋាភិបាលឈុតនេះ គ្មានផែនការយុទ្ធសាស្ត្រផ្នែកការបរទេសសោះឡើយ។

ការងើបលេចធ្លោឡើងរបស់ចិនក្នុងអំឡុងពេល 5ឆ្នាំកន្លងទៅនេះ ថែមទាំងបានកើតឡើងក្នុងអំឡុងពេលដែលឋានៈរបស់រដ្ឋបាលសហរដ្ឋអាមេរិកក្នុងវេទិកាពិភពលោក កំពុងធ្លាក់ចុះយ៉ាងខ្លាំង រហូតធ្វើឱ្យយន្តការការរួមសហការរបស់សហរដ្ឋអាមេរិកនៅក្នុងអាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ា ធ្លាក់ចូលក្នុងវិបត្តិទៀតផង។

ក្នុងខណៈពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិកូវីដ-19 ដែលមានដើមកំណើតមកពីប្រទេសចិន និងធ្វើឱ្យរដ្ឋបាលត្រូវប្រឈមនឹងបញ្ហាដ៏ធំ នាអំឡុងពេលដំបូងៗក្ដី តែក៏គេនៅតែមើលឃើញយ៉ាងច្បាស់ដែរថា ចិនបានក្រឡះឱ្យស្ថានការណ៍វិបត្តិក្នុងគ្រានោះ ក្លាយជាឱកាសដែលកើតជាប្រយោជន៍ដល់ខ្លួនបានដែរ។

នេះមិនមែនជារឿងចៃដន្យនោះទេ ដែលចិនឆក់ឱកាសពីស្ថានការណ៍វិបត្តិនេះ ក្នុងការដំណើរការនយោបាយដែលមានភាពជាតិនិយមខ្លាំងឡើង តាំងពីរឿងការប្រឈមមុខតានតឹងដាក់គ្នាជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី រួមទាំងទំនាស់រឿងព្រំដែនដែលមានចំណុចវិវាទជាមួយប្រទេសឥណ្ឌា និងចុងក្រោយបំផុត ការសម្រេចចិត្តក្នុងការទាត់ចោលកិច្ចព្រមព្រៀងមូលដ្ឋាន ដែលចិនធ្លាប់បានធ្វើជាមួយអង់គ្លេសក្នុងរឿងកោះហុងកុងទៀតផង។

ភាពម៉ឺងម៉ាត់ច្បាស់លាស់របស់ចិនរឿងកោះហុងកុង

លោកនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស ត្រៀមស្នើឱ្យពលរដ្ឋហុងកុងច្រើនដល់ទៅ 3លាននាក់ សុំផ្លាស់ទីលំនៅមករស់នៅក្នុងសហរាជអាណាចក្រ និងតទៅមុខទៀត ក៏នឹងអាចដាក់ពាក្យសុំប្ដូរសញ្ជាតិបានទៀតផង

វិបត្តិកូវីដ-19 ថែមទាំងបានធ្វើឱ្យចិនមានឱកាសចូលទៅចាត់ការវិបត្តិនយោបាយក្នុងក្រុងហុងកុងទៀតផង។
មិនថារោគរាតត្បាតនេះ នឹងដំណើរការតទៅយូរប៉ុនណាទៀតក៏ដោយ តែលទ្ធផលមួយដែលគេមើលឃើញយ៉ាងច្បាស់នោះគឺ ការដែលចិននឹងមិនផ្លាស់ប្ដូរនយោបាយដ៏ច្បាស់លាស់ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្រុងហុងកុងជាដាច់ខាត លើកលែងតែកើតមានកម្លាំងគាបសង្កត់ដែលពិតប្រាកដ និងខ្លាំងក្លា រហូតហួសនឹងតតាំងបានប៉ុណ្ណោះ។

នេះហើយ ទើបធ្វើឱ្យរដ្ឋបាលអង់គ្លេស ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ត្រូវធ្លាក់ក្នុងស្ថានភាពលេបមិនចូល ខ្ជាក់មិនចេញ។
ក្នុងខណៈដែលកំពុងសម្រុកកម្លាំងទៅលើការចាត់ការជំងឺរាតត្បាតនោះ រដ្ឋបាលរបស់លោកចនសុន ក៏កំពុងត្រូវរងការរិះគន់យ៉ាងធ្ងន់ធ្ងរ អំពីរឿងចំណាត់ការលើកោះហុងកុង ហើយរឿងនេះ អាចនិយាយបានថា ជាបទសាកល្បងដ៏ធំបំផុតលើកដំបូងរបស់ Global Britain គោលនយោបាយថ្មី ផ្នែកការបរទេសរបស់ប្រទេសអង់គ្លេស។

ពាក្យសម្ដី និងទង្វើ

អង់គ្លេស កំពុងប្រឈមនឹងភាពសាកល្បងថ្មីក្នុងពិភពយុគសម័យក្រោយកូវីដ-19 និងក្រោយ Brexit

ទោះជាហាក់ដូចជាលឿនពេក ក្នុងការឱ្យពិន្ទុរឿងភាពជោគជ័យរបស់នយោបាយខាងលើនោះក្ដី តែទំនាស់ជាមួយចិនក្នុងរឿងហុងកុង បានបង្ហាញឱ្យឃើញពីភាពរឹងមាំ និងភាពទន់ខ្សោយលើគោលជំហរផ្នែកការទូតក្នុងពេលបច្ចុប្បន្នរបស់សហរាជអាណាចក្រ។

ហុងកុង ជាផ្នែកមួយរបស់ចិន ក្នុងខណៈអង់គ្លេស ដែលជាអតីតម្ចាស់អាណានិគម បែរជាគ្មានឥទ្ធិពលអ្វីក្នុងការបញ្ចុះបញ្ចូលចិត្តរដ្ឋបាលចិនបានច្រើនឡើយ។

តើរដ្ឋាភិបាលរបស់លោក ចនសុន នឹងអាចធ្វើអ្វីបានខ្លះទៅ? បណ្ដាអ្នកជំនាញវិភាគស្ថានការណ៍ ប្រហែលជានឹងលើកអំពើល្អ ទៅឱ្យលោកចនសុន ដែលបានស្នើឱ្យបើកប្រទេស ផ្ដល់ទីពំនាក់អាស្រ័យដល់ពលរដ្ឋហុងកុង 3លាននាក់នោះឯង។

នេះជាតួលេខដែលច្រើន និងអាចនិយាយបានថា ច្រើនជាពិសេសទៀតផង សម្រាប់គណបក្ស ខន់ស៊ើវេធីហ្វ ដែលមានផ្នត់គំនិតអភិរក្សនិយម និងមានចំណុចសង្ស័យពាក់ព័ន្ធនឹងជនភៀសខ្លួនស្រាប់ហើយ។

ទោះជាឥរិយាបថរបស់លោកចនសុនទៅជាយ៉ាងណាក៏ដោយ តែរឿងការទូត វាប្រកបទៅដោយបច្ច័យជាច្រើន និងការធ្វើឱ្យជោគជ័យរឿងនយោបាយការបរទេស គឺជារឿងដែលកើតចេញពីការធ្វើការងារជាក្រុម។

ចំណែកសហរដ្ឋអាមេរិក នឹងឆ្លើយតបរឿងដែលកើតឡើងនេះ ដោយការកាត់សិទ្ធិពិសេសខាងពាណិជ្ជកម្មមួយចំនួនចំពោះកោះហុងកុង តែពេលនេះ ជាឆ្នាំដែលលោកត្រាំ កំពុងប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាណត្តិទី2 ហើយការដែលលោកសម្ដែងឥរិយាបថ រឹងត្អឹងចំពោះរដ្ឋបាលចិន ក៏ជាផ្នែកមួយនៃការដែលនឹងធ្វើឱ្យរូបលោក បានគ្រងតំណែងបន្តទៀតដែរ។

ក្រៅពីនេះ បញ្ហាជំងឺរាតត្បាត ថែមទាំងធ្វើឱ្យមើលឃើញទិដ្ឋភាពដែលកាន់តែច្បាស់ឡើងរបស់នយោបាយ “អាមេរិក មុនគេ!” ឬAmerica First បន្ទាប់ពីលោកប្រធានាធិបតីត្រាំ បញ្ជាឱ្យប្រមូលទិញថ្នាំ រេមដេស៊ីវៀរ(ថ្នាំព្យាបាលអ្នកជំងឺកូវីដ-19) ពីអ្នកផលិតនៅក្នុងប្រទេសអាមេរិក រហូតសឹងតែអាចនិយាយបានថា “ប្រមូលទិញឱ្យអស់ពីពិភពលោក” ទៀតផង។

ក្នុងខណៈដែលសហភាពអឺរ៉ុបបានរួមគ្នាចរចារឿងការទិញថ្នាំមួយនេះមកឱ្យប្រទេសសមាជិករបស់ខ្លួន តែក៏នៅមិនទាន់ប្រាកដច្បាស់ថា សហរាជអាណាចក្រ នឹងស្ថិតក្នុងគោលជំហរណានៅឡើយដែរក្នុងរឿងនេះ ដែលរឿងនេះ បានបញ្ជាក់កាន់តែច្បាស់ឱ្យឃើញពីគោលជំហរដែលឯកោរបស់សហរាជអាណាចក្រក្នុងពេលបច្ចុប្បន្ន។

ក្នុងអំឡុងទសវត្សរ៍កន្លងទៅ រថក្រោះ និងអាវុធនុយក្លេអ៊ែរ គឺជាឧបករណ៍បង្ហាញពីភាពជាមហាអំណាចនៅក្នុងវេទិកាពិភពលោក តែវាជាការវាយតម្លៃបែបរាក់ៗប៉ុណ្ណោះ…ហេតុផលពិតប្រាកដដែលសហរដ្ឋអាមេរិក នៅតែជាអ្នកដឹកនាំពិភពលោកក្នុងអំឡុងពេលក្រោយសង្គ្រាមលោកលើកទី2 និងសង្គ្រាមត្រជាក់នោះ គឺដោយសារតែមានសេដ្ឋកិច្ច និងឫសគល់ផ្នែកការស្រាវជ្រាវដែលរឹងប៉ឹង។

តែ បច្ចុប្បន្ន ចិនក៏មានគុណសម្បត្តិទាំងនោះដូចគ្នា ហើយនេះក៏ជាដំណើរផ្លូវដែលនាវា Global Britain របស់អង់គ្លេស នឹងត្រូវឆ្ពោះទៅរកដូចគ្នា។

ទោះជាបច្ចុប្បន្ន អង់គ្លេសនឹងនៅតែជាប្រទេសអ្នកមាន និងស្ថិតនៅក្នុងក្រុមប្រទេសអ្នកដឹកនាំក្នុងពិភពកិច្ចការនយោបាយអន្តរជាតិមែន តែក៏ត្រូវតែរិះរកវិធីសាស្ត្រថ្មីក្នុងការដំណើរការនយោបាយផ្នែកនេះក្នុងយុគសម័យក្រោយកូវីដ-19 និងក្រោយ Brexit ដែរ។

ការធ្លាប់ធ្វើជាម្ចាស់អាណានិគមលើហុងកុង ធ្វើឱ្យអង់គ្លេសមានតួនាទីសំខាន់ក្នុងការដោះស្រាយវិបត្តិនេះ ហើយពេលនេះ ក៏រឹតតែចាំបាច់បំផុត ក្នុងការធ្វើជាអ្នកនាំមុខគេក្នុងការសាងមតិឯកច្ឆន្ទអន្តរជាតិថ្មីមួយ ដែលនឹងប្រើវាសម្រាប់ចាប់ដៃជាមួយចិន ដើម្បីឱ្យអាចតតាំងបានជាមួយឥទ្ធិពល និងសម្ពាធអំពីចិន ដំណាលគ្នានឹងការរិះរកវិធីរួមសហការយ៉ាងរីកចម្រើនជាមួយបណ្ដាអ្នកដឹកនាំចិនក្នុងប្រធានបទលំដាប់ពិភពលោកដែលសំខាន់ៗបន្តទៅទៀត៕

ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement