យន្តហោះពីរគ្រឿងបុកគ្នាលើអាកាស ធ្លាក់ទៅក្នុងបឹង! មនុស្ស​យ៉ាង​តិច​8​នាក់​បាន​ស្លាប់

មនុស្ស​យ៉ាង​ហោច​ណាស់​8​នាក់​​បាន​បាត់​បង់​ជីវិត​នៅ​ពេល​យន្តហោះ​ពីរ​គ្រឿង​បាន​បុកគ្នា​នៅ​លើ​អាកាស​ និង​ធ្លាក់​ចុះ​ចូលទៅក្នុង​បឹង​ Coeur d’Alene ក្នុងរដ្ឋ​ Idaho សហរដ្ឋ​អាមេរិក​ កាលពី​វេលា​ម៉ោង​ប្រហែល​14​និង​20​នាទី ​នា​ថ្ងៃទី​5​កក្កដា​កន្លង​ទៅ​។

លោក Ryan Higgins អ្នក​នាំ​ពាក្យ​អធិការដ្ឋាន​នគរបាល​តំបន់ Kootenai បាន​ឱ្យ​ដឹង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​អាកាស​នេះ​បាន​កើត​ឡើង​នៅ​លើ​អាកាស​នៃ​​បឹង​ Coeur d’Alene។ ប៉ុន្តែ​ បច្ចុប្បន្នសមត្ថ​កិច្ច​នៅ​មិន​ទាន់​រកឃើញ​មូលហេតុ​ ក៏ដូច​ជា​ចំនួន​មនុស្ស​ដែល​បាន​ជិះ​នៅ​លើ​យន្តហោះ​ដែល​ជួប​គ្រោះ​​​ថ្នាក់​នេះ​​នៅឡើយ​។ “នៅ​ពេល​នេះ យើង​ជឿ​ថា​មិនមាន​អ្នក​ណា​ម្នាក់​នៅ​មាន​ជីវិត​ឡើយ” នេះបើ​តាម​លោក Ryan Higgins។

ជនរង​គ្រោះ​ពីរ​នាក់​ត្រូវ​បាន​នាំ​ចេញ​ពី​យន្ត​ហោះ​ នៅ​មុន​ពេល​មធ្យោបាយ​នេះ​លិច​ទៅក្នុង​ទឹក​បឹង​។ ចំណែក​ជន​រង​គ្រោះ​ចំនួន​6​នាក់​ផ្សេង​ទៀត​ដែល​​ត្រូវ​បាន​គេ​ជឿ​ថា​​​ បាន​បាត់​បង់​ជីវិត​នោះ​ រួម​មាន​កុមារ​ចំនួន​ពីរ​នាក់​ផងដែរ​។ ក្រៅ​ពី​នេះ មិនទាន់​មាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​។

លោក Higgins ថ្លែង​ថា សាកសព​យន្ត​ហោះ​កំពុង​ស្ថិតក្រោម​ទឹក​​​បឹង​ជម្រៅ​ជាង​38​ម៉ែត្រ​​ ហើយ​គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី​6 ឬ​7កក្កដា​ ទើប​អាច​ស្រង់​ឡើង​បាន​ទាំង​ស្រុង​។​ សាក្សី​មួយ​ចំនួន​បាន​ឃើញ​ ឬ​ឮសំឡេង​ផ្ទុះ​នៃ​ការ​បុក​គ្នា​របស់​យន្តហោះ​ នៅ​ពេល​ពួកគេ​កំពុង​ចែវ​ទូកលេង​នៅលើ​បឹង​ Coeur d’Alene កាល​ពី​ចុង​សប្ដាហ៍​ ខណៈ​មាន​ថ្ងៃ​ឈប់​សម្រាក់​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​ នា​ថ្ងៃទី​4​កក្កដា​។

អ្នកនាំ​ពាក្យ​របស់​អង្គ​ភាព​គ្រប់គ្រង​អាកាស​ចរណ៍​សហរដ្ឋ​អាមេរិក​ (FAA) Ian Gregor បាន​ឱ្យ​ដឹង​ថា យន្ត​ហោះ​មួយ​គ្រឿង​ក្នុង​ចំណោម​យន្ត​ហោះ​ពីរ​គ្រឿង​ដែល​បាន​ជួប​គ្រោះថ្នាក់​នេះ​ គឺជា​យន្ត​ហោះ​ Cessna 206។ ចំណែក​យន្តហោះ​មួយ​គ្រឿង​ទៀត​ មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​។ Gregor ថ្លែង​ថា FAA និង​គណៈកម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​អាមេរិកាំង​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​លើករណី​នេះ​៕

ប្រភព​៖ CNN/NYTimes

Advertisement