ស្ថាន​ភាព​COVID-19នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយចំនួន​ពិត​ជា​ធ្ងន់​ធ្ងរ​ណាស់​ ខណៈ​​ពិភពលោក​​ទាំង​មូល​មាន​ជាង​11.7​លាន​នាក់​បាន​ឆ្លង​វីរុស

ពិភពលោក​ទាំងមូល​ បាន​រកឃើញ​អ្នកផ្ទុក​វីរុស​COVID-19 សរុប​ចំនួន​11,710,170​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន​539,720​នាក់​ ក្នុង​នោះ​មាន​​អ្នក​ជំងឺ​ថ្មី​ចំនួន​​172,717​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​​3,396​នាក់​ ក្នុង​ពេល​ដែល​ស្ថាន​ភាព​វិបត្តិ​សុខ​ភាព​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយ​ចំនួន​ ​កាន់​តែ​ធ្ងន់​ធ្ងរឡើង​ៗ​។

យោង​តាម​តួលេខ​របស់​ Worldometers ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​41,500​នាក់ ដែល​នេះ​បាន​នាំ​ឱ្យ​តួលេខ​អ្នកជំងឺ​សរុប​កើន​ឡើង​ដល់​ជាង​3លាន​នាក់​ ខណៈ​ដែល​អ្នក​ស្លាប់​សរុប​ក៏កើន​ដល់​ជិត​133,000​នាក់​។

Advertisement

Channel News Asia បាន​រាយការណ៍​ថា នៅក្នុង​កិច្ច​សម្ភាស​កាលពីថ្ងៃទី​6កក្កដា​កន្លង​ទៅ​ជាមួយ​បណ្ឌិត​ Anthony Fauci ដែលជា​អ្នក​ជំនាញ​ផ្នែក​រោគ​ឆ្លង​នៅ​សហរដ្ឋ​អាមេរិក​ និង​ជា​សមាជិក​នៃគណៈ​កម្មធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​COVID-19 របស់​រដ្ឋាភិបាល​អាមេរិក បាន​ព្រមាន​ថា មហា​រោគ​រាតត្បាតនៅ​សហរដ្ឋ​អាមេរិក “ពិត​ជា​ធ្ងន់​ធ្ងរ​ណាស់​” និង​ “ត្រូវការ​ដោះស្រាយ​ជា​បន្ទាន់​”។

ចំនួន​អ្នក​ឆ្លង​វីរុស​ មាន​និន្នការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​នា​ពេល​ថ្មី​ៗនេះ​ នៅ​ពេល​ដែល​តំបន់​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សេដ្ឋកិច្ច​ឡើង​វិញ​។ ចំណែក​ពលរដ្ឋ​អាមេរិកាំង​នៅ​តែ​បន្ត​នាំ​គ្នា​ទៅ​កាន់​ឆ្នេរសមុទ្រ​ក្នុង​ពេល​អាកាស​ធាតុ​ក្ដៅ​ ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ព្រមាន​ពី​ក្រុម​អ្នក​ជំនាញផ្នែក​សុខាភិបាល។

ពលរដ្ឋ​អាមេរិកាំង​ហាក់​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ព្រមាន​ពី​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ នៅពេល​ពួកគេ​ហ៊ាន​នាំ​គ្នា​ទៅ​កាន់​ឆ្នេរ​សមុទ្រ​

លោក Rochelle Walensky ប្រធានផ្នែក​រោគ​ឆ្លង​នៅ​មន្ទីរ​ពេទ្យ​ Massachusetts ថ្លែង​ថា “មហា​រោគ​រាត​ត្បាត​នេះ​ មិន​ទាន់​ថម​ថយ​កម្លាំង​នៅឡើយ​។

រីឯ​លោក Peter Hotez ប្រធានផ្នែក​ម្នាក់​នៅ​សាកល​វិទ្យា​ល័យ​វេជ្ជសាស្ត្រ Baylor នៅ​ទីក្រុង​ Bouston ក៏បាន​សង្កត់ធ្ងន់​ថា “យើង​មាន​កំណត់​ត្រាថ្មី​ (ស្ដីអំពី​ចំនួន​អ្នក​ឆ្លង​COVID-19) ស្ទើរ​តែ​រាល់​ថ្ងៃ​នៅ​ក្នុង​រដ្ឋ​ Texas។ ស្ថាន​ភាព​នេះ​កំពុង​កើត​ឡើង​នៅក្នុង​រដ្ឋ​ផ្សេង​ៗ​ផងដែរ​នៃ​ប្រទេស​នេះ​ផងដែរ​។

ការ​ព្រមាន​ខាង​លើ រួម​នឹង​ការ​ព្រមាន​ជា​ច្រើន​ផ្សេង​ទៀត​ គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅនឹង​ការ​អះអាង​ប្រកប​ដោយ​ទំនុក​ចិត្ត​ជ្រុល​ហួស​របស់​ប្រធានាធិបតី​ Donald Drump និង​ក្រុម​មន្ត្រី​របស់​លោក​។ កាលពី​សប្ដាហ៍​មុន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​ថា “យុទ្ធ​សាស្ត្រ​ទប់ទល់​នឹង​ COVID-19 របស់​សហរដ្ឋ​អាមេរិក កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​”។

ម្ចាស់​សេតវិមាន​នេះ​អះអាង​ថា “យើង​បាន​ធ្វើតេស្ត​ជិត​40​លាន​នាក់​។ តាម​រយៈ​នេះ បាន​បង្ហាញ​ថា 99%​ នៃ​អ្នក​ជំងឺ​ គឺ​មិនមាន​គ្រោះ​ថ្នាក់ទេ​។ ពុំមាន​ប្រទេស​ណាមួយ​ដែល​មាន​លទ្ធ​ផល​បែប​នេះ​ឡើយ ព្រោះ​ពួកគេ​មិន​អាច​ធ្វើ​តេស្ត​ដូច​យើង​ ទាំង​បរិមាណ​ និង​គុណ​ភាព​”។

ស្ថាន​ភាព​​​ COVID-19 នៅ​ឥណ្ឌា​ក៏មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន

ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ ក៏មាន​ប្រទេស​ជា​ច្រើន​កំពុង​ជួប​នឹង​បញ្ហា​កើន​ឡើង​ជា​លើក​ទីពីរ​នៃ​តួលេខ​អ្នកជំងឺ​COVID-19នេះ​ដែរ​។ ប្រទេស​ប្រេស៊ីល​គឺជា​សម្បុកមេរោគ​ធំជាង​គេ​ទី​ពីរ​ក្នុង​ពិភព​លោក​ ដោយ​មាន​អ្នកជំងឺ​សរុប​1,623,284​នាក់​ និង​អ្នក​ស្លាប់​ចំនួន​65,487​នាក់​ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី​18,669​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​587​នាក់​។ ចំណែក​ឥណ្ឌា​ដែល​ទើប​តែ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19ធំជាង​គេ​លំដាប់​ទី​3ក្នុង​ពិភព​លោក បាន​រកឃើញ​អ្នកជំងឺ​សរុប​ចំនួន​720,346​នាក់ និង​អ្នក​ស្លាប់​សរុប​ចំនួន​20,174​នាក់​៕

ប្រភព៖ សារ​ព័ត៌មានបរទេស​

Advertisement