អាជ្ញាធរក្រុងហុងកុង បញ្ជាឱ្យដកហូតសៀវភៅល្មើសច្បាប់សន្តិសុខថ្មី ចេញពីប្រព័ន្ធការសិក្សា

រដ្ឋបាលហុងកុង កាលពីថ្ងៃចន្ទ ទី6 កក្កដា បានចេញបញ្ជាឱ្យស្ថាប័នអប់រំសិក្សាធិការ​នានា ពិចារណាឡើងវិញ និងដកហូតនូវសៀវភៅណាក៏ដោយ ដែលអាចល្មើសនឹងច្បាប់សន្តិសុខថ្មី ដែលខាងក្រុងប៉េកាំង បានកំណត់ឱ្យប្រើនៅលើកោះមួយនេះ កាលពីសប្ដាហ៍កន្លងទៅ។

នាយកដ្ឋានការអប់រំសិក្សា បានថ្លែងថា “​ដើម្បីឱ្យស៊ីចង្វាក់គ្នានឹងចំណុច 4ប្រការរបស់ការប្រព្រឹត្តកំហុសដែលច្បាប់បានកំណត់ទុកយ៉ាងច្បាស់នោះ គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន គួរពិចារណាឡើងវិញអំពីសារៈខ្លឹមសារការរៀន ការបង្រៀនផ្សេងៗ ក្នុងវិធីសាស្ត្រដែលស័ក្តិសម ក្នុងនោះរួមទាំងសៀវភៅមេរៀនទាំងឡាយផងដែរ”។

នាយកដ្ឋានខាងលើ បានបន្តទៀតថា “បើរកឃើញថា សៀវភៅមេរៀនទាំងនោះ មានសារៈខ្លឹមសារដែលហួសសម័យ ឬមានសារៈខ្លឹមសារដែលអាចបង្កភាពព្រួយកង្វល់ថា វាអាចជាប់ពាក់ព័ន្ធនឹងចំណុច 4ប្រការនៃការប្រព្រឹត្តខុសខាងលើ ពួកគេក៏គួរតែដកហូតសៀវភៅទាំងនោះ”។

កាលពីសប្ដាហ៍កន្លងទៅ ចិនបានចេញបទបញ្ជាដាក់ឱ្យប្រើប្រាស់ច្បាប់សន្តិសុខថ្មី ដើម្បីលើកកម្ពស់ការគ្រប់គ្រងកោះហុងកុង ដោយបានកំណត់ឱ្យអំពើឧក្រិដ្ឋកម្មផ្នែកសន្តិសុខជាតិ 4ប្រភេទ ជារឿងខុសច្បាប់ ដែលមានដូចជា ការផ្ដួលរំលំរបបគ្រប់គ្រង ការបែងចែកទឹកដី ការបង្កភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងបរទេស ថាជារឿងខុសច្បាប់ ក្រោមច្បាប់សន្តិសុខថ្មីច្បាប់នោះ។

ក្រុមសកម្មជ​នសិទ្ធិមនុស្សទាំងឡាយ និងបណ្ដាអ្នកវិភាគខាងច្បាប់ បានព្រមានថា ពាក្យពេចន៍ដែលមានន័យធំទូលាយខ្លាំងពេករបស់ច្បាប់មួយនេះ ដែលត្រូវបានបិទបាំងជាការសម្ងាត់ រហូតទាល់តែទទួលបានការអនុម័តនោះ នឹងបង្កផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាច ដល់សេរីភាពខាងនយោបាយនៅក្នុងតំបន់គ្រប់គ្រងពិសេសមួយនេះ។

បទបញ្ជាឱ្យស្ថាប័នការសិក្សានានាពិចារណាឡើងវិញ ​និងដកហូតសៀវភៅដែលមានអត្ថន័យខុសនឹងច្បាប់នេះ បានកើតឡើង 2ថ្ងៃ បន្ទាប់ពីសៀវភៅរបស់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុង ចាប់ផ្ដើមត្រូវបានគេដកចេញពីបណ្ណាល័យសាធារណៈ និងប្រព័ន្ធស្វែងរកតាមអនឡាញ ក្នុងអំឡុងពេលកំពុងពិចារណាឡើងវិញថា តើសៀវភៅទាំងនោះ ល្មើសនឹងច្បាប់ផ្នែកសន្តិសុខថ្មីនេះ ឬក៏អត់?។

សៀវភៅមួយ ក្នុងចំណោមសៀវភៅដែលត្រូវបានដកចេញពីបណ្ណាល័យនោះគឺ សៀវភៅរបស់លោក ចូសួ វ៉ង់ សកម្មជនដ៏ល្បីល្បាញ រួមទាំងសៀវភៅរបស់អ្នកស្រី ថាន់យ៉ា ឆាន មេធាវីប្រកាន់លិទ្ធិប្រជាធិបតេយ្យ និងជាច្រើនក្បាលទៀតដែលសរសេរដោយលោក ឈិន វ៉ាន អ្នកជំនាញការល្បីឈ្មោះ ដែលត្រូវបានគេមើលឃើញថា ជាព្រះបរមគ្រូ របស់ក្រុមសកម្មជនក្នុងតំបន់ ដែលទាមទារសិទ្ធិក្នុងការកំណត់វាសនាអនាគតខ្លួនឯងនៅក្នុងក្រុងហុងកុង៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement