តើ​ការ​ចូល​រួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​ Kanye West គឺ​ពិត​ជា​អាច​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត?

តើ​ការ​ចូល​រួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​ Kanye West គឺ​ពិត​ជា​អាច​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត?
តើ​ការ​ចូល​រួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​ Kanye West គឺ​ពិត​ជា​អាច​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត?

បើ​ទោះជា​បេក្ខភាព​ឯករាជ្យ​ ឬ​ជា​សមាជិក​របស់​បក្សសាធារណរដ្ឋ លោក Kanye West បាន​ធ្វើ​ឱ្យ​ឱកាស​ចុង​ក្រោយ​ជា​ច្រើន​កន្លង​ផុត​ទៅ​ហើយ​ ទាក់​ទិន​នឹង​ការ​ចុះ​បញ្ជី​ឈ្មោះ​ដើម្បី​បាន​ធ្វើ​សកម្ម​ភាព​ឃោសនា​រកសំឡេង​ឆ្នោត​ ក៏ដូច​ជា​ការ​ប្រកួត​ប្រជែក​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​2020​​ នេះ​។

តារា​ចម្រៀង​រ៉ែប លោក Kanye West បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី​8​កក្កដា​ថា លោក​ពិត​ជា​សម្រេច​ចិត្ត​ចូល​រួម​ប្រជែង​ដណ្ដើម​យក​តំណែង​ជា​ម្ចាស់​សេត​វិមាន​ពិត​មែន​។ អ្នក​ចម្រៀង​នេះ​នឹង​ចូល​រួម​ប្រជែង​យក​សន្លឹក​ឆ្នោត​ក្នុង​នាម​ជា​បេក្ខ​ភាព​ឯក​រាជ្យ​ តំណាង​ឱ្យ​គណបក្ស​ Birthday Party បើ​សិន​លោក Trump មិន​បោះ​បង់​​ការ​ប្រកួត​។ តែ​បើ​សិនជា​លោក​ Trump បោះ​បង់​ការ​ប្រកួត​ លោក​ West ចង់​ក្លាយ​ជា​តំណាង​របស់​បក្ស​សាធារណរដ្ឋ​។ ក៏ប៉ុន្តែ លទ្ធ​ភាព​​នៃ​ការ​បោះ​បង់​របស់​លោក​ Trump ហាក់​ស្មើ​នឹង​សូន្យ​ទៅ​ហើយ​ ដូច្នេះ​ប្រាកដ​ណាស់​ថា លោក West នឹង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​នាម​ជា​​បេក្ខ​ភាព​ឯករាជ្យ។

ការ​សម្រេច​របស់​លោក West ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យឺត​ពេល​ណស់​ទៅហើយ​ ខណៈ​ដែល​នៅសល់​តែ​4ខែទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​បោះ​ឆ្នោត​ (3វិច្ឆិកា) ហើយ​គាត់​នៅ​មាន​បែប​បទ​ជា​ច្រើន​ត្រូវ​បំពេញ​ឱ្យ​បាន​ស្រប​ច្បាប់​។

កាលពី​ថ្ងៃទី​7កក្កដា​ អ្នក​នាំ​ពាក្យ​ម្នាក់​របស់គណៈកម្មការរៀបចំការបោះឆ្នោតសហរដ្ឋ​( FEC/ Federal Election Commission) បាន​ឱ្យ​ដឹង​ថា លោក West ហាក់​មិន​ទាន់​បាន​ធ្វើ​បែប​បទ​ចាំបាច់​ដើម្បី​បាន​ចូល​រួម​ឃោសនា​រកសំឡេង​ឆ្នោត​​ជា​ផ្លូវការ​នៅ​ឡើយ​។

អ្នកនាំពាក្យ​របស់ FEC ថ្លែង​ថា “បេក្ខភាព​ដែល​ធ្លាប់​បាន​ជាប់​ឆ្នោតជា​​ប្រធានាធិបតីកន្លង​មក​​ តែង​ចូល​រួម​ការ​ប្រកួត​បាន​ឆាប់​ជាង​នេះ​ឆ្ងាយ​ណាស់​។ បើ​សិនជា​អ្នក​ចូល​រួម​ប្រកួត​ដណ្ដើម​តំណែង​ណាមួយ​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​ នោះ​រយៈ​ពេល4​ខែ​គឺ​វាហាក់​ដូច​ជា​យឺត​ពេល​ពេក​ហើយ​ នេះ​បើ​តាម​បទ​ពិសោធន៍​របស់​ខ្ញុំ”។

បេក្ខភាព​ឯករាជ្យ​ដែល​បាន​ចាប់​ផ្ដើម​ដើម្បី​ការ​ប្រកួត​យឺត​យ៉ាវ​ដូចជា​លោក West តែង​តែ​មាន​លទ្ធ​ផល​មិន​បាន​ល្អ​។ កាលពី​ឆ្នាំ​2016​ ក្នុង​ខែ​សីហា​ អតីត​បុគ្គលិក​អង្គ​ភាព​យក​ការណ៍​សម្ងាត់​អាមេរិក (CIA) លោក Evan McMullin បាន​ប្រកាស​ចូល​រួម​ដណ្ដើម​សិទ្ធិ​ចូល​គ្រប់​គ្រង​សេត​វិមាន។ ក្រោយ​រយៈ​ពេល​3ខែ លោក​ទទួល​បាន​ប្រាក់​ឧបត្ថម្ភចំនួន​ 1.6​លាន​ដុល្លារ​ និង​រក​បាន​សំឡេង​ឆ្នោត​ត្រឹម​តែ​ 0.53​%​ ប៉ុណ្ណោះ។

ចំណែក​លោក​ West ពេល​នេះ​បាន​ខកខាន​ការ​ចុះ​ឈ្មោះ​ជា​បេក្ខ​ភាព​ឯករាជ្យ​​នៅក្នុង​រដ្ឋ​ជា​ច្រើន​ ដូចជា​ Alabama, Illinois, Montana, Nevada, New Hampshire, New Mexico, New York, North Carolina និង​ Texas ជា​ដើម​។ នេះ​បើ​តាម​ FEC។

“បើ​សិន​ជា​ការ​ប្រកួត​ប្រជែង​រវាង​លោក Trump និង​ Joe Biden បាន​ដើរ​ដល់​ចំណុច​ប្រកៀក​ប្រកិត​គ្នា​ នោះ​រាល់​កត្តា​នឹង​សុទ្ធ​តែ​មាន​សារ​សំខាន់​” លោក Nathan L Gonzales អ្នក​វិភាគ​ការ​បោះ​ឆ្នោត​វាយ​តម្លៃ​ដូច្នេះ​។

យោង​តាម John Pudner អតីត​​សមាជិក​បក្សសាធារណរដ្ឋ​ និង​ជា​នាយក​ប្រតិបត្តិ​នៃ​​អង្គការមិនស្វែងរកប្រាក់ចំណេញ Take Back Our Republic (TBOR) ​យល់​ថា​ លោក​មើល​មិន​ឃើញ​បញ្ហា​អ្វី​នោះ​ទេ​នៅ​ពេល​ West ប្រជែង​យក​តំណែង​ប្រធានាធិបតី​។

លោក​ John Pudner ថ្លែង​ថា “ពលរដ្ឋ​អាមេរិកាំង​​ត្រូវ​ការ​ជម្រើស​បន្ថែម​ មិន​មែន​តិច​ជាង​នេះ​នោះ​ទេ​។ ម្ចាស់​ឆ្នោត​មាន​ជម្រើស​កាន់​តែ​ច្រើន​ នោះ​​លទ្ធ​ភាព​នៃ​ការ​ប្រាកដ​ក្នុងការ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ក្រុម​ណា​មួយ​របស់​បេក្ខ​ភាព​ប្រធានាធិបតី​ នឹង​កាន់​តែ​ទាប​”។

ក៏ប៉ុន្តែ Matt Klink ប្រធានក្រុម​ហ៊ុន​ផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​យុទ្ធ​សាស្ត្រ​ទូរគមនាគមន៍​និង​ទំនាក់​ទំនង​សាធារណៈ Klink Campaigns Inc., យល់ថា លោក​មិន​ជឿ​ថា West ធ្វើ​ការ​ដោយ​ម៉ឺង​ម៉ាត់​ជាមួយ​នឹង​គោល​ដៅ​នយោបាយ​របស់​ខ្លួន​ ហើយ​អ្នក​ចម្រៀង​រ៉ែប​រូប​នេះ​ក៏​ពិបាក​ក្នុងការ​បង្កើត​ការ​គំរាម​កំហែង​ដល់​លោក​ Trump ឬ​ Biden នោះ​ដែរ​។

តើ​ការ​ចូល​រួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​ Kanye West គឺ​ពិត​ជា​អាច​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត?
លោក​ Kanye West និង​ភរិយា​ អ្នក​ស្រី​ Kim Kardashian West

Klink​ មាន​យោបល់​ថា “លោក West មិន​មាន​លក្ខណ​គ្រប់​គ្រាន់​ដើម្បី​មាន​ឈ្មោះ​នៅ​ក្នុង​សន្លឹក​ឆ្នោត​នៅគ្រប់​រដ្ឋ​។ គាត់​ក៏​មិនទាន់​មាន​មូលដ្ឋាន​យុទ្ធ​សាស្ត្រ​រឹង​មាំ​ មិន​មាន​ក្រុម​អ្នក​គាំទ្រ​នៅមូលដ្ឋាន និង​មិន​ទាន់​បាន​បង្ហាញ​អំពី​គំនិត​ច្បាស់​លាស់​នៅលើ​គ្រប់​បញ្ហា​នៅឡើយ។ គាត់​គ្រាន់​តែ​ល្បី​ឈ្មោះ​ក្នុង​ស្រទាប់​ម្ចាស់​ឆ្នោត​វ័យ​ក្មេង​ ប៉ុន្តែ​ប្រការ​នេះ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ឱ្យ​ West ក្លាយ​ជា​បេក្ខភាព​ដែល​គួរ​ឱ្យ​​សង្ឃឹមនៅឡើយ​ដែរ​ ហើយ​ប្រាកដ​ណាស់​ថា គាត់​មិន​មែន​ជា​ឧបសគ្គ​ដែល​អាច​គំរាម​កំហែង​ដល់​បេក្ខ​ភាព​ប្រធានាធិបតី​កំពូល​ៗ​2រូប​ (Trump និង​ Biden) នេះ​ឡើយ​”។

នេះ​មិន​មែនជា​លើក​ទី​មួយ​ដែល​ West បាន​បង្ហើប​អំពី​បំណង​ក្នុងការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​​​សហរដ្ឋ​នោះ​ទេ​។ កាល​ពី​ឆ្នាំ​2015​ នៅក្នុង​ពិធី​ទទួលពាន​រង្វាន់​តន្ត្រី​ MTV លោក​ក៏​ធ្លាប់​បាន​និយាយ​ថា លោក​នឹង​ប្រជែង​យក​សិទ្ធិ​ចូល​គ្រប់​គ្រង​សេត​វិមាន​នៅក្នុង​ឆ្នាំ​2020។ ប៉ុន្តែ កាលពី​ខែ​មករា​2019 លោក​ West បាន​បង្ហោះ​សារ​នៅលើ​ Twitter ថា “ឆ្នាំ​2024” ដែល​នេះ​ចង់​បញ្ជាក់​ថា លោក​ពន្យារ​ពេល​ក្នុងការ​ឈរឈ្មោះ​​។

ម្យ៉ាង​វិញ​ទៀត ថ្មី​ៗ​នេះ លោក West ទើប​តែ​បាន​ចេញ​អាល់​ប៊ូម​​ចម្រៀង​ថ្មី​។ មនុស្ស​មិន​តិច​ទេ​ដែល​គិត​ថា ការ​ដែល​លោក​ប្រកាស​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​ គឺគ្រាន់​តែ​ជា​ល្បិច​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សារ​ព័ត៌មាន​ ​ដើម្បី​រក​ចំណេញ​ក្នុងការ​រកស៊ី​តែ​ប៉ុណ្ណោះ​។

Larry Sabato នាយកមជ្ឈមណ្ឌល​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ Virginia ព្យាករ​ថា West អាច​ទទួល​បាន​ការ​គាំទ្រ​មិន​ដល់​1%​ផង​នៅក្នុងចំណោម​សន្លឹក​ឆ្នោត​ផ្លូវការ​ទាំង​អស់​។ “West ត្រូវ​ការ​ពេល​វេលា​វែង​ឆ្ងាយ​ទៀត​ដើម្បី​បញ្ជាក់​ថា គាត់​ពិត​ជា​មាន​ភាព​ម៉ឺង​ម៉ាត់​”។

ចំណែក​ David Smith ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យា​ល័យ Sydney ប្រទេស​អូស្ត្រាលី​ យល់​ថា “គាត់​គឺជា​បុរស​ស្មុគ​ស្មាញ​គួរ​សម។ West ទទួល​បាន​ជោគជ័យ​ច្រើន​ ប៉ុន្តែ​ការ​ធ្វើយុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​មួយ​ដូច​ទៅ​នឹង​លោក​ Trump ខ្ញុំ​គិត​ថា គាត់​មិន​អាច​ទៅ​រួច​ទេ​”។

បើ​ទោះ​ត្រូវ​បាន​វាយ​តម្លៃ​ថា​ មិន​មាន​លទ្ធ​ភាពខ្ពស់​ ប៉ុន្តែ ក្រុម​អ្នកវិភាគ​និយាយ​ថា ការ​ចូលរួម​របស់​លោក​ West ពិត​ជា​អាច​ប៉ះពាល់​ដល់​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​។ ឧទាហរណ៍៖ ឆ្នាំ​1992​ បេក្ខ​ភាព​ឯករាជ្យ​ម្នាក់ គឺ​មហាសេដ្ឋី​ Ross Perot ទទួលបាន​សំឡេង​ឆ្នោត19​% បណ្ដាល​ឱ្យ​សំឡេង​ឆ្នោត​របស់​បក្ស​សាធារណរដ្ឋ​​ត្រូវ​ថយ​ចុះ​ច្រើន​។ ឆ្នាំ​នោះ បេក្ខ​ភាព​ប្រធានាធិបតិ​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ គឺ​លោក​ Bill Clinton បាន​ទទួល​ជ័យ​ជំនះ​ជា​មួយ​នឹង​លទ្ធ​ផល​ប្រកៀក​ប្រកិត​​គ្នា​គួរ​ឱ្យ​ព្រួយ​បារម្ភ​​។

មាន​ឧទាហរណ៍​មួយ​ទៀត​បង្ហាញ​ថា សំឡេង​ឆ្នោត​តិច​តួច​ក៏អាច​សម្រេច​ជោគ​វាសនា​ចុង​ក្រោយ​​របស់​បេក្ខ​ជន​ផងដែរ​។ ឆ្នាំ​2000 Ralph Nader ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​មក​ពី​បក្ស​បៃតង GPUS​ (Green Party of the United States) ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​10,000​សន្លឹក​នៅ​ក្នុង​រដ្ឋ​ Florida ដែល​នេះ​គឺ​ច្រើន​ជា​ង​បេក្ខជន​បន្ទាប់​ចំនួន​500​សំឡេង​ប៉ុណ្ណោះ​។ បើ​សិន​ជា​មិន​មាន​លទ្ធ​ផល​នេះ​ទេ នោះ​បេក្ខ​ភាព​មក​ពី​បក្ស​ប្រជាធិបតេយ្យ​បាន​ក្លាយ​ជា​ប្រជា​ធានាធិបតី​ជំនួស​លោក​ George W. Bush បាត់​ទៅ​ហើយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement