ប្រជា​ជន​ចិន​ទាម​ទារ​ទឹក​ដីតំបន់​ Vladivostok ពី​ប្រទេស​រុស្ស៊ី​

មន្ត្រី​ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​ បាន​ប្ដេជ្ញា​ទាម​ទារ​តំបន់​ Vladivostok ពីប្រទេស​​រុស្ស៊ី​មក​វិញ​ឱ្យ​បាន​ ព្រោះ​ពួកគេ​យល់​ថានេះ​គឺ​ជា​ទឹក​ដី​ដែល​ត្រូវ​បាន​រុស្ស៊ី​ចូលកាន់​កាប់​ដោយ​បង្ខំ​កាល​ពី​សតវត្សរ៍​ទី​19។

ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី​2​កក្កដា​ បាន​បង្ហោះ​សារ​​លើ​បណ្ដាញ​សង្គម​ Weibo ដើម្បី​អបអរ​​ខួប​លើក​ទី​160​ឆ្នាំ​នៃ​ការ​បង្កើត​ទីក្រុង​ Vladimostok ដែល​ស្ថិត​ក្នុង​តំបន់​ Primorsky របស់​ប្រទេស​រុស្ស៊ី​។ ប៉ុន្តែ សារ​នេះ​ ភា្លម​នោះ​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​រិះ​គន់​​ដោយ​ការ​បញ្ចេញ​មតិ​ និង​សារ​ទាម​ទារ​បូរណ​ភាព​ទឹក​​ដី​របស់​ក្រុម​មន្ត្រី​ការ​ទូត​ អ្នកសារ​ព័ត៌មាន​ និង​អ្នក​លេង​អ៊ីនធើណិត​នៅ​ប្រទេស​ចិ​ន។

លោក Zhang Heqing អ្នក​ការ​ទូត​ចិន និង​ជា​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ចិន​ប្រចាំ​ប្រទេស​ប៉ាគិស្ថាន​ បាន​បញ្ចេញ​មតិ​នៅខាងក្រោម​សារ​របស់​​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ចិនថា “តើ​នេះ​មិន​មែន​ជា​តំបន់​ Haishenwai របស់​យើង​កាល​ពី​មុន​ទេ​ឬអី?”។

អ្នក​ប្រើ​ប្រាស់បណ្ដាញ​សង្គម​ចិន​ Weibo បន្ទាប់​នោះ​ក៏​បាន​​គាំទ្រ​ដល់​ការ​បញ្ចេញ​មតិ​របស់​អ្នក​ការ​ទូត​ចិន​រូប​នេះ​ ដែល​យល់​ថា រុស្ស៊ី​បាន​ចូល​កាន់​កាប់​តំបន់​ Vladivostok ដោយ​ “សន្ធិសញ្ញា​មិន​ស្មើភាព​គ្នា​” កាលពី​សតវត្សរ៍​ទី​19។

“ថ្ងៃ​នេះ​យើង​បាន​ត្រឹម​តែ​ទទួល​រង​ទុក្ខ ប៉ុន្តែ ជនជាតិ​ចិន​នឹង​ចង​ចាំ​ពី​សតវត្សរ៍​មួយ​ ទៅ​សតវត្សរ៍​មួយ​” ម្ចាស់​គណនី​ Weibo មួយ​បាន​សរសេរ​ដូច្នេះ​។ អ្នក​លេង​បណ្ដាញសង្គម​ម្នាក់​ទៀត​បញ្ចេញ​មតិ​ថា “យើង​ត្រូវ​ជឿ​ជាក់​ថា តំបន់​ដី​ដូន​តា​របស់​យើង​មួយនេះ​នឹងវិល​​ត្រលប់មក​​វិញ​នៅ​ក្នុង​ថ្ងៃ​អនាគត”។​

Shen Shiwei អ្នក​សារ​ព័ត៌មាន​ម្នាក់​របស់​បណ្ដាញ​ទូរទស្សន៍​អន្តរ​ជាតិ​ចិន​ (CGTN) ក៏​បាន​ចូល​រួម​បញ្ចេញ​មតិ​នេះ​ដែរ​ ដោយ​បាន​យល់​ថា សារ​អបអរ​របស់​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​នៅ​ប្រទេសចិន​ មិន​ទទួល​បាន​ការ​គាំទ្រ​នៅលើ​ Weibo នោះ​ទេ​។

“ប្រវត្តិសាស្ត្រ​របស់​ Vladivostok ចាប់​ផ្ដើម​ពី​ឆ្នាំ​1860 នៅ​ពេល​រុស្ស៊ី​បាន​បង្កើត​កំពង់​ផែ​យោធា​មួយ​នៅ​ទីនេះ​។ ប៉ុន្តែ ទីក្រុង​នេះ​ ធ្លាប់​ជា​ Haishenwai របស់​ប្រទេស​ចិន​ នៅ​មុន​ពេល​ត្រូវ​បាន​រុស្ស៊ី​កាន់​កាប់​ តាម​រយៈ​សន្ធិសញ្ញា​មិនមាន​ភាព​ស្មើ​គ្នា​” អ្នក​សារ​ព័ត៌មាន Shen Shiwei បញ្ចេញ​មតិ​​ដូច្នេះ​។

តំបន់​ Primorsky របស់​រុស្ស៊ី ដែល​មាន​ Vladivostok ជា​ទីក្រុង​ធំ​ ​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​តំបន់​ Manchuria របស់​អាណា​ចក្រ​ចិន​ក្នុង​រាជ​វង្សឈិញ (Qing Empire) ប៉ុន្តែ ត្រូវ​បាន​​ចក្រភពរុស្ស៊ី​គ្រប់​គ្រង​ចាប់​ពី​ឆ្នាំ​1860​ ក្រោយពី​ចិន​បាន​ចាញ់សង្គ្រាម​អាភៀន​​ជា​លើក​ទី​2 នៅ​កក្រោម​ដៃ​​​អង់គ្លេស​និង​បារាំង​។

តំបន់ខាង​លើ​នេះ​ ត្រូវ​បាន​ប្រគល់​ឱ្យ​រុស្ស៊ី​ ក្រោយ​ពី​មាន​សន្ធិសញ្ញា​ចំនួន​3លើក​ ដែល​ចិន​ចាត់​ទុក​ថា​ ជា​ “វិសម​ភាព​” ដែល​​រាជវង្ស​ឈិង​​បាន​ចុះ​ហត្ថលេខា​ជាមួយ​រុស្ស៊ី អង់គ្លេស​ និង​បារាំង​ កាលពី​ឆ្នាំ​1860។ ក្នុង​ចំណោម​សន្ធិសញ្ញា​ទាំង​3​ខាង​លើនេះ ក៏​មានសន្ធិសញ្ញា​​ជួល​ឧបទ្វីប​​ Kowloon (ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​តំបន់​រដ្ឋ​បាល​ពិសេស​ហុងកុង​) ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​​​ដោយ​តំណាង​របស់​អង់គ្លេស​ និង​រាជ​វង្ស​ឈិង​របស់ប្រទេស​​ចិន​ផងដែរ​។

នៅ​មាន​ភាគ​បន្ត​ទៀត…

Advertisement