អ៊ីរ៉ង់​ជួប​ហេតុ​ការណ៍​ផ្ទុះ​ដ៏ធំ​មួយ​នៅ​​​ក្បែរ​មូលដ្ឋាន​យោធា​​ក្នុង​រដ្ឋ​ធានី​

អ៊ីរ៉ង់​ជួប​ហេតុ​ការណ៍​ផ្ទុះ​ដ៏ធំ​មួយ​នៅ​​​ក្បែរ​មូលដ្ឋាន​យោធា​​ក្នុង​រដ្ឋ​ធានី​
ទិដ្ឋ​ភាព​នៃ​ការ​ផ្ទុះ​ខ្លាំង​ឧស្ម័ន​មួយ​ដ៏ធំ​កាលពីថ្ងៃទី​ 26មិថុនា​។ រូប​ភាព​៖ IRIB

ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​បាន​កើត​ឡើង​នៅ​ក្បែរ​ឃ្លាំង​របស់​កង​ទ័ព​បដិវត្តអ៊ីរ៉ង់​ នៅ​ក្នុង​រដ្ឋ​ធានី​តេហេរ៉ង់ (Tehran) នៅ​វេលា​ទៀប​ភ្លឺ​​ថ្ងៃ​នេះ​ បណ្ដាល​ឱ្យ​តំបន់​​ជុំ​វិញ​ត្រូវ​ដាច់​ភ្លើង​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅ​ឡើ​យ។

ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​អ៊ីរ៉ង់​ IRIB បាន​ចេញ្​ផ្សាយ​ថា សំឡេង​ផ្ទុះ​យ៉ាង​កង​រំពង​ដែល​គេ​ស្ដាប់​ឮ​នៅ​ភាគ​ខាងលិច​នៃ​រដ្ឋ​ធានី​តេហេរ៉ង់ កាល​ពី​វេលា​ទៀប​ភ្លឺ​ក្នុង​ថ្ងៃទី​10​កក្កដា​នេះ​។ ក៏ប៉ុន្តែ ប្រភព​ព័ណ៌មាន​នេះ​មិន​បាន​និយាយ​អំពី​មូល​ហេតុ​ក៏​ដូចជា​ការ​ខូច​ខាត​​ដែលកើត​ឡើង​ដោយ​សារ​ករណី​ផ្ទះ​នេះ​ទេ​។ ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​តំបន់កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា តំបន់​ជា​ច្រើន​នៅ​ទីក្រុង​តេហេរ៉ង់ ត្រូវ​បាន​គេ​ផ្ដាច់​ចរន្ត​អគ្គិសនីទាំង​ស្រុង។

ការ​ផ្ទុះ​ដ៏ខ្លាំង​ក្លា​នេះ​ ហាក់​កើត​ឡើង​នៅ​ជិត​ឃ្លាំង​​របស់​មូលដ្ឋាន​មីស៊ីល​​នៃ​កង​កម្លាំង​ឆ្មាំ​បដិវត្ត​​ឥស្លាម​អ៊ីរ៉ង់​ ប៉ុន្តែ​ក្រុម​មន្ត្រី​អ៊ីរ៉ង់​ក៏​មិន​ទាន់​បាន​បញ្ចេញ​មតិ​អ្វី​ជុំវិញ​ករណី​នេះ​នៅឡើយ​។

ប្រទេស​អ៊ីរ៉ង់​បាន​ជួប​ហេតុ​ការណ៍​ផ្ទុះ​ជា​ច្រើន​លើក​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ នុយក្លេអែរ​ និង​ឧស្សាហ​កម្ម​ ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​​ថ្មី​​ៗនេះ​។ ការ​ផ្ទុះ​មួយ​ដ៏ធំ​បាន​បំផ្លាញ​រោង​ចក្រ​​ផលិត​ម៉ាស៊ីន​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​តំបន់ Natanz ភាគ​កណ្ដាល​ប្រទេស​នេះ​​កាល​ពី​សប្ដាហ៍​មុន​។ ក្រៅពី​នេះ​ ក៏មាន​ការ​ផ្ទុះ​ធុង​ឧស្ម័ន​ដ៏ធំមួយ​នៅ​ក្នុង​តំបន់​ Parchin ជាយ​ក្រុង​តេហេរ៉ង់​ផងដែរ​ កាល​ពីថ្ងៃទី​26​មិថុនា​ បណ្ដាល​ឱ្យ​ផ្ទៃ​មេឃ​របស់​រដ្ឋ​ធានី​នេះ​ភ្លឺ​​ចិញ្ចាច​ក្នុង​រាត្រី និង​បង្កើត​ជា​ផ្សែង​ពេញ​ផ្ទៃមេឃ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement