អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសដាក់ពន្ធនាគារ20ឆ្នាំ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសដាក់ពន្ធនាគារ20ឆ្នាំ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសដាក់ពន្ធនាគារ20ឆ្នាំ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ទើបតែត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល20ឆ្នាំ ដោយ​សារ​អំពើ​ពុករលួយនិងប្រើអំណាចខុសច្បាប់។

តុលាការកំពូលរបស់កូរ៉េខាងត្បូង កាលពីម្សិលមិញ (10កក្កដា) បានសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគារ30ឆ្នាំ មកនៅត្រឹម20ឆ្នាំ ចំពោះអតីតប្រធានាធិបតី Park Geun-hye។ សាលក្រមចុងក្រោយនេះ បានបញ្ចប់រឿងក្ដីដែលបានអូសបន្លាយជាច្រើនឆ្នាំរបស់លោកស្រី Park ដែលជាប្រធានាធិបតីភេទស្រីដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូង។

ទោសជាប់ពន្ធនាគារ20ឆ្នាំរបស់លោកស្រី Park រួមមាន 15ឆ្នាំជាទោសទទួលសំណូក និង5ឆ្នាំជាទោសរំលោភអំណាច​(ប្រើប្រាស់អំណាចខុសច្បាប់) រួមជាមួយនឹងទោសព្រហ្មទណ្ឌមួយចំនួនទៀត។ លោកស្រី Park អាយុ68 ក៏ត្រូវបង់ប្រាក់ពិន័យចំនួន18ពាន់លានវ៉ុន (ប្រហែល15លានដុល្លារ) និងត្រូវបានរឹបអូសទ្រព្យសម្បត្តិ​ចំនួន3.5ពាន់លានវ៉ុនផងដែរ។

លោកស្រី Park ត្រូវបានទម្លាក់ពីតំណែងប្រធានាធិបតីកាលពីឆ្នាំ2017 និងត្រូវបានកាត់ទោសទាក់ទិននឹងការឃុបឃិតជាមួយមិត្តជិតស្និទ្ធម្នាក់​ឈ្មោះ Choi Soon-sil នៅ​ក្នុង​ករណី​បង្ខំ​បណ្ដាក្រុមហ៊ុនធំៗដែលក្នុងនោះក៏មាន Samsung ផងដែរ ដើម្បី​ឱ្យ​ឧបត្ថម្ភប្រាក់ចំនួន77.4ពាន់លានវ៉ុនទៅឱ្យអង្គការចំនួន2ដែលអ្នកស្រី Choi កាន់កាប់។

ក្រោយមក លោកស្រី Park ក៏ត្រូវបានប្ដឹងកាលពីឆ្នាំ2018 ទាក់ទងនឹងការទទួលសំណូក3.5ពាន់លានវ៉ុន ពីមេដឹកនាំ3រូបនៃអង្គភាពយកការណ៍សម្ងាត់កូរ៉េខាងត្បូង ចាប់ពីឆ្នាំ2013ដល់ឆ្នាំ2016។

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសដាក់ពន្ធនាគារ20ឆ្នាំ
លោក​ស្រី​ Park Geun-hye កាល​ពី​នៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាង​ត្បូង

នៅកូរ៉េខាងត្បូង ក្រៅពីលោកស្រី Park Geun-hye ក៏មានប្រធានាធិបតីមួយចំនួនផ្សេងទៀត ត្រូវជាប់ពន្ធនាគារក្រោយពីបានបញ្ចប់តំណែង។ នេះភាគច្រើនគឺជាលទ្ធផលនៃការស៊ើបអង្កេតដែលចាប់ផ្ដើមដោយបណ្ដាគូប្រជែងនយោបាយក្នុងប្រទេស។

អ្នកកាន់តំណែងជំនាន់មុនរបស់លោកស្រី​ Park គឺអតីតប្រធានាធិបតី Lee Myung-bak ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ17ឆ្នាំ ចាប់ពីថ្ងៃទី19កុម្ភៈ ក្រោមបទចោទ​ប្រកាន់​ថា​បាន​កេងបន្លំថវិកាជាតិ និងស៊ីសំណូក។ លោក Lee Myung-bak ត្រូវបានកាត់ទោសពីបទបង្កើត “មូលនិធីខ្មៅ” តម្លៃរាប់សិបលានដុល្លារ និងទទួលសំណូកពីក្រុមហ៊ុន Samsung Electronics ជាថ្នូរ​នឹងការលើកលែងការចោទប្រកាន់ចំពោះលោក Lee Kun-hee ដែលជាប្រធានក្រុមហ៊ុននេះ។ លោក Lee Kun-hee ក៏ត្រូវជាប់ពន្ធនាគារផងដែរ ដោយសារទោសគេចពន្ធ។

អតីតមេដឹកនាំមួយរូបផ្សេងទៀតរបស់កូរ៉េខាងត្បូង នោះគឺលោក Roh Moo-hyun ក៏បានធ្វើអត្តឃាត ក្រោយពីត្រូវបានសួរចម្លើយនៅក្នុងការស៊ើបអង្កេតមួយលើបញ្ហាពុករលួយដែលជាប់ទាក់ទិននឹងគ្រួសាររបស់លោក៕

ប្រភព៖ Yonhap

Advertisement