រថយន្ត​ដឹក​អ្នក​ដំណើរ​38​នាក់​ ​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​6​នាក់​បាន​បាត់​បង់ជីវិត

រថយន្ត​ក្រុង​ពីរ​ជាន់​មួយ​គ្រឿង​ដែល​មាន​ដឹក​អ្នកដំណើរ​38​នាក់ ធ្វើ​ដំណើរ​ពី​ភាគ​ខាង​ជើង​ទៅ​កាន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀត​ណាម​ បាន​ធ្លាក់​ចូល​ជ្រោះ​ជម្រៅ​ប្រហែល​20​ម៉ែត្រ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​6​នាក់​ និង​រង​របួស​ធ្ងន់​ជា​ច្រើន​នាក់​ផងដែរ​។

នៅ​វេលា​ម៉ោង​ប្រហែល​4​ទៀប​ភ្លឺ​ ថ្ងៃទី​11​កក្កដា​នេះ រថយន្ត​ដឹក​អ្នក​ដំណើរ​ប្រភេទ​48​កៅអីមួយ​គ្រឿង​ ធ្វើ​ដំណើរ​ពី​តំបន់​ភាគ​ខាង​ជើង​ ទៅកាន់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​វៀត​ណាម​។ នៅ​ពេល​ឆ្លងកាត់​តំបន់​ភ្នំ​​ក្នុង​ខេត្ត​ Kon Tum ស្រាប់​តែ​រថយន្ត​នេះ​បាន​រអិល​ចេញ​ពី​ផ្លូវ​​ និង​ធ្លាក់​ចូល​ទៅក្នុង​​ជ្រោះ​ដែល​មានជម្រៅ​​ប្រហែល​20​ម៉ែត្រ​ ធ្វើ​ឱ្យ​រថយន្ត​នោះ​បាក់​ជា​ពីរ​កំណាត់។

អាជ្ញា​ធរខេត្ត​ Kon Tum បាន​ឱ្យ​ដឹង​ថា គិត​ដល់​ម៉ោង​9និង​35​នាទី​ព្រឹក​នេះ មាន​ជន​រង​គ្រោះ​ចំនួន​6​នាក់​ហើយ​ដែល​បាន​បាត់​បង់​ជីវិត​ និង​28​នាក់​ផ្សេង​ទៀត​​រង​របួស​ធ្ងន់​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ មាន​26​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​មន្ទីរ​បង្អែក​​ ចំណែក​2​នាក់​ទៀត​ដែល​មាន​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ Kon Tum។

រថយន្ត​ដឹក​អ្នក​ដំណើរ​38​នាក់​ ​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​6​នាក់​បាន​បាត់​បង់ជីវិតកន្លែង​កើត​ហេតុ​ខាង​លើ​នេះ គឺជា​តំបន់​ក្បែរ​ព្រំ​ដែន​ជាប់​ជា​មួយ​នឹង​កម្ពុជា​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​រំដោះ​​​ជន​រង​គ្រោះ​ដែល​នៅ​ជាប់​ក្នុង​រថយន្ត​​ យ៉ាង​ញាប់​ដៃ​ញាប់​ជើង​បំផុត​។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ដំណឹង​បឋម​​បាន​បញ្ជាក់​ថា នៅលើ​រថយន្ត​ខាង​លើ​នេះ​ មាន​ដឹក​អ្នក​ដំណើរ​ចំនួន​38​នាក់​ ក្នុងនោះ​មាន​កុមារ​ចំនួន​6​នាក់​ផងដែរ​។

រថយន្ត​ដឹក​អ្នក​ដំណើរ​38​នាក់​ ​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​6​នាក់​បាន​បាត់​បង់ជីវិត
ផែន​ទីនៃ​កន្លែង​កើត​ហេតុ

ប្រជាជន​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា រថយន្ត​នេះ​ប្រហែល​ជា​ដឹក​អ្នក​ដំណើរ​ពី​ខេត្ត Thanh Hoa មក​កាន់​ខេត្ត​ Kon Tum និង​ខេត្ត Gia Lai ដើម្បី​រកស៊ី​។

ឧបនាយករដ្ឋមន្ត្រី​​វៀតណាម​ លោក Truong Hoa Binh ដែល​ជា​ប្រធាន​គណកម្ម​សុវត្ថិ​ភាព​ចរាចរណ៍​​ជាតិ​នៃ​ប្រទេស​នេះ​ បាន​ស្នើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ខេត្ត​​ Kon Tum និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​​ យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​លើ​បញ្ហា​នេះ​ផងដែរ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement