តារាចម្រៀង​រ៉ែប Kanye West ​បាន​ចុះ​ឈ្មោះ​​​ជា​បេក្ខ​ភាព​​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ជា​ផ្លូវ​ការ​រួច​ហើយ

តារាចម្រៀង​រ៉ែប Kanye West ​ចុះ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ជា​ផ្លូវ​ការ​រួច​ហើយ

លោក Kanye West ដែល​ជា​តារា​ចម្រៀង​រ៉ែប​ដ៏ល្បី​ឈ្មោះ​ មាន​លក្ខណ​គ្រប់​គ្រាន់​ក្នុង​ការ​បង្ហាញ​ខ្លួន​​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​​នៅ​ក្នុង​រដ្ឋ​ Oklahoma បន្ទាប់​ពី​បាន​ចុះ​ឈ្មោះ​ក្នុង​រដ្ឋ​នេះ​ជា​ផ្លូវ​ការ​។

តំណាង​ម្នាក់​របស់​លោក​ West បាន​ដាក់​ពាក្យ​​ជា​ផ្លូវ​ការ​ ព្រម​ទាំង​បាន​បង់​ប្រាក់​ចំនួន​35,000​ដុល្លារ​កាល​ពី​ល្ងាច​ថ្ងៃទី​15​កក្កដា​ ​ដើម្បី​ឱ្យ​លោក​ West ក្លាយ​ជា​បេក្ខ​ភាព​​សម្រាប់​ការ​បោះ​ឆ្នោតជ្រើស​រើស​​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​រដ្ឋ​ Oklahoma ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​​នា​ថ្ងៃទី​3វិច្ឆិកា​2020​។ នេះ​បើ​តាម​ Misha Mohr អ្នក​នាំ​ពាក្យ​របស់​​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​រដ្ឋ Oklahoma។

លោក​ស្រី​ Misha Mohr បន្ត​ថា លោក​ West អាយុ​43​ឆ្នាំ​ គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព​​ប្រធានាធិបតី​​ឯករាជ្យ​3​រូប​ដែល​បាន​បង់​ប្រាក់​មុន​កាល​កំណត់​។ ចំណែក​បេក្ខ​ភាព​2​រូប​ផ្សេង​ទៀត គឺ​លោកស្រី​​ Jade Simmons ដែល​​ជា​អ្នក​លេង​ព្យាណូ និង​លោក​​ Brock Pierce ជា​អ្នក​ជំនួញ។

ការ​ដាក់​ពាក្យ​ចុះ​ឈ្មោះខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​1ថ្ងៃ​បន្ទាប់​ពី​សារ​ព័ត៌មាន​ New York Magazin’s Intelligencer ដកស្រង់​សម្ដី​របស់​ Steve Kramer ដែល​ជាសមាជិក​ម្នាក់​នៃ​ក្រុម​គ្រប់​គ្រង​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក​ West បាន​ឱ្យ​ដឹង​ថា តារា​ចម្រៀង​រ៉ែម​រូប​នេះ​បាន​បោះ​បង់​ការ​ប្រកួត​ប្រជែង​ដណ្ដើម​តំណែង​ប្រធានាធិបតី​ទៅ​ហើយ​ ដោយ​សារ​តែ​អត្រា​នៃ​អ្នកគាំទ្រ​មាន​ចំនួន​តិច​ពេក​។ យោង​តាម​ការ​ស្ទង់មតិ​កាល​ពី​ថ្ងៃទី​17​កក្កដា​បាន​បង្ហាញ​ថា លោក​ West ទទួល​បាន​ការ​គាំទ្រ​ត្រឹម​តែ​2%​ប៉ុណ្ណោះ​។

លោក​ស្រី​ Jade Simmons ជា​បេក្ខ​ភាព​ប្រធានាធិបតី​អាមេរិក​

ប៉ុន្តែ ទំព័រ​TMZ បាន​ចេញ​ផ្សាយ​ថា មេដឹក​នាំ​​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក West កាល​ពី​ថ្ងៃទី​15​កក្កដា បាន​ដាក់ពាក្យ​ចុះ​ឈ្មោះ​ទៅកាន់​គណៈកម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​រួច​ហើយ​ ដោយ​បាន​ឱ្យ​ដឹង​ថា គណកម្ម​ការ​ Kanye 2020 នឹង​ធ្វើ​សកម្ម​ភាព​ដូច​ទៅ​នឹង​គណៈ​កម្ម​ការ​ឃោសនា​រក​សំឡេង​​ឆ្នោត​​ផ្លូវការ​សម្រាប់​បេក្ខ​ភាព​ Kanye West។

លោក​ West ដែល​ធ្លាប់​បាន​និយាយ​ថា ខ្លួន​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​ មាន​ជំងឺ​ផ្លូវ​ចិត្ត​បាយប៉ូឡា​ (ជំងឺបាយប៉ូឡា គឺជាប្រភេទនៃជំងឺអារម្មណ៍ ដែលមានបណ្តុំរោគសញ្ញាចំនួន​2​ឆ្លាស់គ្នាគឺ ជំងឺមេនៀ (Mania) និងជំងឺ​បាក់​ទឹកចិត្ត (depression)។​ បច្ចុប្បន្ន មិន​ទាន់​ដឹង​ច្បាស់​ថា អ្នកចម្រៀង​រូប​នេះ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ឬ​នៅ​ ក្នុងការ​ប្រមូលស្នាម​មេដៃ​​អ្នកគាំទ្រ​ឱ្យ​បាន​គ្រប់​ចំនួន​តាម​លក្ខណ​កំណត់​ ក៏ដូច​ជា​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ឬ​យ៉ាង​ណា​នៅឡើយ។

តារាចម្រៀង​រ៉ែប Kanye West ​ចុះ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ជា​ផ្លូវ​ការ​រួច​ហើយ
លោក​ស្រី​ Kim Kardashian និង​លោក​ Kanye West

លោក Kanye West កើត​នៅ​ឆ្នាំ​1977​ នៅ​ក្នុង​ទីក្រុង​ Atlanta រដ្ឋ​ Georgia សហរដ្ឋ​អាមេរិក​។ បច្ចុប្បន្ន​ លោក​រស់​នៅ​ជាមួយ​ភរិយា​​ជា​តារា​ទូរទ្សន៍​ដ៏ល្បី​ល្បាញ​ម្នាក់​ គឺ​​លោក​ស្រី​ Kim Kardashian នៅតំបន់​​ Hidden Hills ក្នុង​ទីក្រុង Los Angeles។ ទស្សនាវដ្ដី​ Forbes កាល​ពី​ខែ​មេសា​2020​ បាន​ទទួល​ស្គាល់​ថា លោក​ West គឺជា​មហា​សេដ្ឋី​ម្នាក់​ដែល​មាន​ទ្រព្យ​សរុប​ប្រមាណ​ជា​1.3​ពាន់​លាន​ដុល្លារ​អាមេរិក​៕

អត្ថបទ​ទាក់​ទង៖

>ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​របស់​ Kanye West គូ​​ប្រជែង​ថ្មី​របស់​លោក​ Trump សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​​ឆ្នាំ​នេះ 

>អ្នក​ចម្រៀង​រ៉ែប​ Kanye West ស្វាមី​របស់​ Kim Kardashian ប្រកាស​ដណ្ដើម​សន្លឹក​ឆ្នោត​ពី​​លោក​ Trump ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​​ក្នុង​ឆ្នាំ​នេះ​

>តើ​ការ​ចូល​រួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​ Kanye West គឺ​ពិត​ជា​អាច​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត? 

Advertisement