កូរ៉ខាង​ត្បូង​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ លើ​ប្អូន​ស្រី​របស់លោក​​ Kim Jong-un

កូរ៉ខាង​ត្បូង​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ លើ​ប្អូន​ស្រី​របស់លោក​​ Kim Jong-un
លោក​ស្រី​ Kim Yo-jong ដែល​ជា​ប្អូន​ស្រីបង្កើត​​របស់​ប្រធាន​រដ្ឋ​កូរ៉េខាង​ជើង​

រដ្ឋ​អាជ្ញា​នៃ​តុលាការ​កូរ៉េខាង​ត្បូង​ បាន​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ពី​មុន​មក ទៅ​លើ​ប្អូន​ស្រី​របស់​ប្រធាន​រដ្ឋ​កូរ៉េខាង​ជើង​ គឺ​លោក​ស្រី​ Kim Yo-jong បន្ទាប់​ពី​ការិយាល័យ​ទំនាក់ទំនង​រវាង​កូរ៉េទាំង​ពីរ​ត្រូវ​បាន​កម្ទេច​ចោល​កាល​ពី​ខែ​មុន​។

ការិយាល័យ​រដ្ឋ​អាជ្ញា​នៅកណ្ដាល​ទីក្រុង​សេអ៊ូល កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​ថា ការិយាល័យ​នេះ​ទទួលបាន​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​ស្រី​ Kim Yo-jong ពី​មេធាវី​ម្នាក់​នៅ​សេអ៊ូល​។ កាល​ពីថ្ងៃទី16​កក្កដា​ ​ស្ថាប័ន​ខាង​លើ​នេះ​ បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ សំដៅ​ទៅលើ​លោក​ស្រី​ Kim Yo-jong ទាក់​ទិន​នឹង​ករណី​ដែល​កូរ៉េខាង​ជើង​បាន​បំផ្ទុះ​កម្ទេចចោល​​អគារ​​ការិយាល័យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​​កាល​ពី​ខែ​មីថុនា2020​។

ការ​ស៊ើប​អង្កេត​ខាង​លើ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ នឹង​ធ្វើ​ឱ្យ​ភាព​តាន​តឹង​រវាង​បង​ប្អូន​សត្រូវ​ទាំង​ពីរ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ កាន់​តែ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​។

សូម​រំឭក​ថា កាល​ពី​ខែ​មុន​ ទីក្រុង​ព្យុង​យ៉ាង​ បាន​បំផ្លាញ​ចោល​អគារ​ការិយាល័យ​ទំនាក់​ទំនង​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ ក្រោយ​ពី​លោក​ស្រី Kim Yo-jong ដែលជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ Kim Jong-un បាន​ប្រកាស​ថា អគារ​ “ឥតប្រយោជន៍​” នេះ​ នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​ទាំង​ស្រុង​នា​ពេល​ដ៏ខ្លី​ខាងមុខ។

កូរ៉ខាង​ត្បូង​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ លើ​ប្អូន​ស្រី​របស់លោក​​ Kim Jong-un
លោក​ស្រី​ Kim Yo-jong និង​លោក​ Kim Jong-un

មុន​ការ​លើក​ឡើង​របស់​លោក​ Kim Yo-jong កូរ៉េខាង​ជើង​ក៏ធ្លាប់​បាន​រិះ​គន់​យ៉ាង​ចាស់​ដៃ​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ ទាក់​ទិន​នឹង​ក្រុម​សកម្ម​ជន​ និង​អ្នក​រត់​ចោល​ស្រុក​​​កូរ៉េខាង​ជើង​​ដែល​បច្ចុប្បន្ន​នៅ​កូរ៉េខាង​ត្បូង​​តែង​តែ​បង្ហោះខិត្ត​ប័ណ្ណ​ទៅ​លើ​ទឹក​ដី​កូរ៉េខាង​ជើង​។ កូរ៉េខាង​ជើង​ក៏​បាន​ព្រមាន​ថា នឹង​ចាត់​វិធាន​ការ​កង​ទ័ព​ប្រឆាំង​កូរ៉េខាង​ត្បូង​។ ក៏ប៉ុន្តែ​ក្រោយ​មក ក៏​បាន​ផ្អាក​ផែន​ការ​ខាង​លើ​នេះ​ដើម្បី​កាត់បន្ថយ​ភាព​តាន​តឹង​។

នៅក្នុង​ពាក្យ​បណ្ដឹង​ខាងលើ​ មេធាវី​ Lee Kyung-jae យល់​ថា ការិយាល័យ​ទំនាក់​ទំនង​រវាង​កូរ៉េទាំង​ពីរ​ គឺជា​ទ្រព្យ​សម្បត្តិ​របស់​កូរ៉េខាង​ត្បូង​ ព្រោះ​វា​ប្រើ​ប្រាស់​ថវិកា​​របស់​កូរ៉េខាង​​ត្បូង​​ក្នុងការ​សាង​សង់​ បើ​ទោះ​ជា​ការិយាល័យ​នេះ​ស្ថិត​នៅ​លើ​ទឹក​ដី​កូរ៉េខាង​ជើង​ក៏​ដោយ​។

មេធាវី​ Lee Kyung-jae បាន​ចោទ​ប្រកាន់​លោក​ស្រី​ Kim Yo-jong ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​លោក​ Kim Jong-un ​ថា “បាន​ប្រើ​ប្រាស់​គ្រឿង​ផ្ទុះ​ដើម្បី​បំផ្លាញ​អគារ​ដែល​មាន​តួនាទី​ជា​អ្នក​បម្រើ​ឱ្យ​កិច្ច​ការ​បរទេស​ ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ​”។

កូរ៉ខាង​ត្បូង​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ លើ​ប្អូន​ស្រី​របស់លោក​​ Kim Jong-un
លោក​ Pak Jong Chon អគ្គមេបញ្ជា​ការ​កង​ទ័ព​កូរ៉េខាង​ជើង

ពាក្យ​បណ្ដឹង​របស់​លោក​ Lee Kyung-jae ក៏​ប្រឆាំង​ទៅ​នឹង​លោក​ Pak Jong Chon ដែលជា​អគ្គមេបញ្ជា​ការ​កង​ទ័ព​កូរ៉េខាង​ជើង​ផងដែរ​។

តាម​ជាក់​ស្ដែង កូរ៉េខាង​ត្បូងពិបាក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក​ស្រី​ Kim Yo-jong ឬ​លោក​ Pak Jong Chon បើ​ទោះ​ជា​ការ​ស៊ើប​អង្កេត​បង្ហាញ​​លទ្ធ​ផល​បែប​ណា​ក៏ដោយ​។ ប៉ុន្តែ លោក​ ​Lee Kyung-jae​ បាន​ថ្លែង​ថា លោក​ “ចង់​ប្រើ​ប្រាស់​សកម្ម​ភាព​នេះ​ដើម្បី​បង្ហាញ​ឱ្យ​ជនជាតិ​កូរ៉េខាង​ជើង​ យល់​អំពី​មេដឹកនាំ​របស់​ពួក​គេ​”៕

ប្រភព៖ AFP

Advertisement