ករណីឆ្លងCOVID-19 នៅ​ទូទាំងពិភពលោក​ បាន​កើន​1​លាន​នាក់​ក្នុង​រយៈ​ពេល​​100​ម៉ោង​ចុង​ក្រោយ​នេះ​

ករណីឆ្លងCOVID-19 នៅ​ទូទាំងពិភពលោក​ កើន​1​លាន​នាក់​ក្នុង​រយៈ​ពេល​100​ម៉ោង​

សារព័ត៌មាន​ Reuters បាន​រកឃើញ​ជា​លើក​ដំបូងថា ករណីឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​ បាន​កើន​1​លាន​នាក់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​100​ម៉ោង​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​តួលេខ​សរុប​បាន​កើន​លើស​​ពី​​14​​លាន​នាក់​​ កាល​ពី​ថ្ងៃទី​17​កក្កដា​កន្លង​ទៅ។

ក្រោយ​រយៈ​ពេល​3ខែ​ បន្ទាប់​​ពី​ករណី​ឆ្លង​វីរុស​COVID-19 ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​​កាលពី​ដើម​ខែ​មករា​ ពិភពលោក​ពេល​នោះ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ត្រឹម​តែ​1​លាន​នាក់​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ គិត​ចាប់​ពី​ថ្ងៃទី​13​កក្កដា​ដល់​ថ្ងៃទី​17កក្កដា​ ពោល​គឺ​រយៈ​ពេល​4​ថ្ងៃ​ ពិភពលោក​បាន​រកឃើញ​ករណី​​​ផ្ទុក​វីរុស​ថ្មី​ដល់​ទៅ​1​លាន​នាក់​ ដោយ​កើន​ពី​13​លាន​នាក់​ ឡើង​ដល់​14​លាន​នាក់​។

យោង​តាម​ការ​ស្រង់​ស្ថិតិ​របស់​ Reuters ដែល​បាន​ដក​ស្រង់​ពី​របាយការណ៍​របស់​រដ្ឋាភិបាល​នានា​ បាន​បង្ហាញ​ថា ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​នេះ​ កំពុង​តែ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ទ្វីប​អាមេរិក​ ដោយ​មាន​ករណី​ឆ្លង​ច្រើន​ជាង​ពាក់​កណ្ដាល​បើ​ធៀប​នឹង​ពិភពលោក​ទាំង​មូល​។

គិត​មក​ដល់​បច្ចុប្បន្ន​ សហរដ្ឋ​អាមេរិក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​​3,770,012​​នាក់​​ និង​អ្នក​ស្លាប់ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​​142,064​នាក់​។

ប្រទេស​ប្រេស៊ីល​ឈរ​លំដាប់​ទី​2​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ដោយ​មាន​អ្នកជំងឺជាង​​2,048,600នាក់​ ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​ Jair Bolsonaro ផងដែរ។ ចំណែក​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​COVID-19 របស់​ប្រទេស​នេះ​ មាន​ជាង​78,000នាក់​។

ឥណ្ឌាដែល​ជា​សម្បុក​វីរុស​COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​1,040,457​​នាក់​ ក្នុង​នោះ​មានអ្នក​​ស្លាប់​26,285​នាក់​។ ក្នុង​រយៈ​ពេល​1សប្ដាហ៍​កន្លង​ទៅ​ កំណើន​នៃ​អ្នក​ឆ្លង​វីរុស​បាន​កើន​ជាមធ្យម​30,000​នាក់​ក្នុង​1​ថ្ងៃ​ៗ នៅ​ប្រទេស​នេះ​៕

ប្រភព​៖ Reuters

Advertisement