រ៉ុក​កែត​ Falcon 9 របស់​លោក​ Elon Musk នឹង​នាំ​​មនុស្ស​ទៅកាន់​អវកាស​ជា​លើក​ទី​2​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​

រ៉ុក​កែត​ Falcon 9 របស់​លោក​ Elon Musk នឹង​នាំ​​មនុស្ស​ទៅកាន់​អវកាស​ជា​លើក​ទី​2​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​

ជាន់​ទី​មួយ​នៃ​រ៉ុក​កែត​ Falcon 9 ដែល​ប្រើ​ប្រាស់​សម្រាប់​ជើង​ហោះ​ហើរ​ Crew-1 ត្រូវ​បាន​ដឹក​ទៅកាន់​រដ្ឋ​ Florida កាល​ពី​ថ្ងៃទី​14​កក្កដា​2020​ ដើម្បី​ត្រៀម​សម្រាប់​ជើង​ហោះ​ហើរ​ដឹក​មនុស្ស​ទៅ​កាន់​អវកាស​ជា​លើក​ទី​2​នា​ពេល​ខាងមុខ​។

តាម​គម្រោង​ Falcon 9 នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌលអវកាស​ Kennedy (KSC) របស់​ទីភ្នាក់​ងារ​អវកាស​អាមេរិក​ NASA នៅ​ថ្ងៃទី​30​សីហា​ ឆ្នាំ2020។ ក្បាលរុញ​ច្រាន​របស់​រ៉ុកកែត​នេះ​ត្រូវ​បាន​ដឹក​ពី​មូលដ្ឋាន​របស់​ SpaceX នៅ​តំបន់ McGregor ក្នុង​ Texas ដោយ​មាន​ស្រទាប់​ការ​ពារ​​ពណ៌​ខ្មៅ​ដែល​ត្រូវ​បាន​គ្រប​ដណ្ដប់​ពី​លើ​។

រ៉ុកកែត​ Falcon 9 កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​រៀប​ចំ​ខ្លួន​ នៅ​មុន​ពេល​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​ទីតាំង​​របស់ SpaceX ស្ថិត​នៅក្នុង​​មូលដ្ឋាន​ទ័ព​​អាកាស​ Cape Canavera ក្បែរ​ KSC។ នៅក្នុង​ជើង​ហោះ​ហើរ​ The Crew-1 នឹងមាន​វត្តមាន​របស់​ក្រុម​អវកាស​ចរ​​ NASA គឺ​លោក Victor Glover លោក​ Michael Hopkins និង​លោកស្រី​​ Shannon Walker រួម​នឹង​អវកាស​ចរ​ជប៉ុន​ លោក​ Soichi Noguchi។ ពួកគេ​នឹង​ធ្វើ​ដំណើរ​តាម​យាន​អវកាស​ Crew Dragon របស់​ក្រុម​ហ៊ុន​ SpaceX ឡើង​ទៅ​កាន់ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS)។

រ៉ុក​កែត​ Falcon 9 របស់​លោក​ Elon Musk នឹង​នាំ​​មនុស្ស​ទៅកាន់​អវកាស​ជា​លើក​ទី​2​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​
ក្បាលរុញ​ច្រាន​របស់​រ៉ុកកែត​នេះ​ត្រូវ​បាន​ដឹក​ពី​មូលដ្ឋាន​របស់​ SpaceX នៅ​តំបន់ McGregor ក្នុង​ Texas ដោយ​មាន​ស្រទាប់​ការ​ពារ​​ពណ៌​ខ្មៅ​ដែល​ត្រូវ​បាន​គ្រប​ដណ្ដប់​ពី​លើ​។

Crew-1 នឹង​ជា​ជើង​ហោះ​ហើរ​ដំបូង​បង្អស់​នៅក្នុង​បេសក​កម្ម​យ៉ាង​តិច​ចំនួន​6​ ដែល​ SpaceX នឹង​ត្រូវ​ដំណើរ​ការ​ទៅ​តាម​កិច្ច​សន្យា​​​តម្លៃ​2.6​ពាន់​លាន​ដុល្លារ​ ដែល​ក្រុម​ហ៊ុន​នេះ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ NASA កាល​ពី​ឆ្នាំ​2014។ ក៏ប៉ុន្តែ នេះ​មិន​មែនជា​ជើង​ហោះ​ហើរ​ដឹក​អ្នក​អវកាស​ឡើង​ទៅ​លើ​ “មេឃ” ជា​លើក​ទី​1​របស់​ក្រុម​ហ៊ុន​ SpaceX នោះ​ទេ​។ មុន​នេះ​ ជើង​ហោះ​ហើរ​សាក​ល្បង​ដំបូង​​ដែល​ហៅ​ថា Demo-2 ក៏​បាន​នាំ​អវកាស​ចរ​2​រូប​​របស់​ NASA គឺ​លោក​ Bob Behnken និង​លោក​ Doug Hurley ឡើង​ទៅកាន់​ ISS កាល​ពី​ចុង​ខែ​ឧសភា​2020​ម្ដង​រួច​ហើយ។ Demo-2 គឺជា​ជើង​ហោះហើរ​​ដែល​មាន​ដឹក​មនុស្ស​ហោះ​ចេញពី​ទឹក​ដី​សហរដ្ឋ​អាមេរិក​​ជាលើក​ដំបូង​បង្អស់​ រាប់​ចាប់​ពី​ក្រោយ​សម័យ​​យាន​អវកាស​ Space Shuttle របស់​ NASA ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​និវត្តន៍​កាល​ពី​ខែ​កក្កដា​2011​ ហើយ​ចាប់​ពី​ពេល​នោះ​មក ការ​ហោះ​ហើរ​ពី​ផែន​ដី​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ គឺ​សុទ្ធ​តែ​ពឹង​ទៅ​លើ​យាន​អវកាស​ Soyuz របស់​រុស្ស៊ី​។

រ៉ុក​កែត​ Falcon 9 របស់​លោក​ Elon Musk នឹង​នាំ​​មនុស្ស​ទៅកាន់​អវកាស​ជា​លើក​ទី​2​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​
យាន​អវកាស​ Space Shuttle របស់​ NASA ​​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​និវត្តន៍​កាល​ពី​ខែ​កក្កដា​2011​

យោង​តាម​កាល​បរិច្ឆេទ អវកាស​ចរ​ Behnken និង Hurley នឹង​ត្រលប់​មក​កាន់​ផែន​ដី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។ បើ​សិនជា​ជើង​ហោះ​ហើរ​ Demo-2 ទទួល​បាន​ជោគជ័យ​ នោះ​ SpaceX នឹង​ត្រូវ​បាន​អនុម័ត​ឱ្យ​បាញ់​បង្ហោះ​យាន​ Crew-1 ជាក់​ជា​មិន​ខាន​៕

ប្រភព៖ Space

Advertisement