(វីដេអូ)ឆេះ​យន្ត​ហោះ​ដឹក​ទំនិញ​នៅ​ព្រលាន​យន្ត​ហោះ​ប្រទេស​ចិន បណ្ដាល​ឱ្យ​យន្ត​ហោះ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ

យន្ត​ហោះ​ដឹក​ទំនិញ​ Boeing 777F របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អេត្យូពី បាន​ឆាប់​ឆេះ​សន្ធោ​សន្ធៅ​នៅក្នុង​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ Pudong (Shanghai Pudong International Airport) នៅ​ប្រទេស​ចិន​​ មុន​នេះ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​។

អណ្ដាត​ភ្លើង​បាន​ឆាប​ឆេះ​ចេញ​ពី​ផ្នែក​ខាង​ក្រោយ​នៃ​​យន្តហោះ​ពណ៌​ស​ដែល​កំពុង​ចត​នៅក្នុង​ព្រលាន​យន្ត​ហោះ​ នាវេលា​ម៉ោង​15​ល្ងាច​ (ម៉ោង​14​នៅ​ភ្នំ​ពេញ​) ថ្ងៃ​ទី​22​កក្កដា​នេះ​ ប៉ុន្តែត្រូវ​បាន​ពន្លត់​រួច​រាល់​ហើយ​។ ករណី​អគ្គិភ័យ​ឆាប់​ឆេះ​យន្តហោះ​ពាណិជ្ជកម្ម​នេះ​ មិន​បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ ឬ​របួង​នោះទេ ប៉ុន្តែ​ យន្ត​ហោះ​ត្រូវ​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​ទំនង​ជា​នឹង​មិន​អាច​ហោះ​ហើរ​បាន​ទៀត​ទេ​។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​អេត្យូពី (Ethiopia) ទទួល​បាន​យន្ត​ហោះ​ Boeing 777F នេះ កាល​ពី​ខែ​តុលា​2014​។ Boeing 777F បាន​ហោះ​ហើរ​ពី​ទីក្រុង​ Brussels ប្រទេស​បែល​ហ្សិក​ និង​បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ Shanghai Pudong International Airport នៃ​ប្រទេស​ចិន​នៅ​​ព្រឹកមិញ​​នេះ។ មុន​ពេល​ឆាប់​ឆេះ យន្ត​ហោះ​នេះ​កំពុង​ត្រៀម​រៀប​ចំ​ចាក​ចេញ​ទៅ​កាន់​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល​។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​​អេត្យូពី បច្ចុប្បន្នប្រើ​ប្រាស់​យន្ត​ហោះ​ Boeing 777F​ ចំនួន​10​គ្រឿង​ និង​យន្ត​ហោះ Boeing 737-800F ចំនួន​2​គ្រឿង​។

ប្រភព​សារ​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​ចិន​កំពុង​តែ​ស៊ើប​អង្កេត​លើ​ការណី​ឆាប់​ឆេះ​យន្ត​ហោះ​នេះ​ហើយ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement