ប្រទេសក្រៗ អត់!! អាមេរិកត្រៀមចំណាយ 1,950លានដុល្លារ កក់ថ្លៃវ៉ាក់សាំងប្រឆាំងកូវីដ-19 ជាង 100លានដូស

រដ្ឋបាលសហរដ្ឋអាមេរិក នឹងចំណាយប្រាក់ចំនួន 1,950លានដុល្លារ សម្រាប់ទិញអនាគតវ៉ាក់សាំងប្រឆាំងកូវីដ-19 របស់ ហ្វៃហ្ស៊ើរ អ៊ិងក៍ ក្រុមហ៊ុនផលិតឱសថ សញ្ជាតិអាមេរិក និងបៃអូអេនថេក ក្រុមហ៊ុនតិចណូឡូជីសរីរាង្គ របស់ប្រទេសអាល្លឺម៉ង់ ចំនួន 100លានដូស បើសិនជាវ៉ាក់សាំងរបស់ពួកគេ បានទទួលការពិសោធរួចហើយថា មានសុវត្ថិភាព និងមានប្រសិទ្ធភាព។

កិច្ចសន្យាមួយនេះ គឺជាកិច្ចសន្យាដែលមានតម្លៃសរុបខ្ពស់បំផុតមិនធ្លាប់មាន ដែលសហរដ្ឋអាមេរិក យល់ព្រមនឹងចំណាយទៅលើវ៉ាក់សាំងមួយ ដោយសារតែកិច្ចព្រមព្រៀងកន្លងៗមក រដ្ឋបាល ច្រើនតែចុះហត្ថលេខាជួយចេញថ្លៃចំណាយផ្នែកការអភិវឌ្ឍ ទៅបណ្ដាអ្នកផលិតវ៉ាក់សាំងភាគច្រើន។

យ៉ាងណាក៏ដោយ ក្រោមកិច្ចសន្យានេះ ហ្វៃហ្ស៊ើរ និង បៃអូអេនថេក នឹងមិនបានទទួលប្រាក់អ្វីទាំងអស់ ពីរដ្ឋបាលអាមេរិក រហូតទាល់តែវ៉ាក់សាំងរបស់ពួកគេឆ្លងផុតការពិសោធរួចហើយថា មានសុវត្ថិភាព និងប្រសិទ្ធភាព រួមទាំងទទួលបានជោគជ័យក្នុងផ្នែកការផលិត។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន ហ្វៃហ្ស៊ើរ។

ក្រសួងសុខភាព និងសេវាកម្មមនុស្ស និងក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ថែមទាំងបើកផ្លូវឱ្យសហរដ្ឋអាមេរិក អាចទិញវ៉ាក់សាំងបន្ថែមទៀតបាន 500លានដូស ខណៈដែលក្រសួងសុខភាព និងសេវាកម្មមនុស្ស បានឱ្យដឹងថា ជនជាតិអាមេរិកនឹងទទួលបានវ៉ាក់សាំងដោយមិនចាំបាច់ចំណាយប្រាក់អ្វីទាំងអស់ តែការធានារ៉ាប់រងសុខភាពរបស់ពួកគេ អាចនឹងគិតថ្លៃចាយវាយ។

ក្នុងការសាកល្បងខាងគ្លីនិក(ការព្យាបាល)គឺ វ៉ាក់សាំងសាកល្បងរបស់ហ្វៃហ្ស៊ើរ និង បៃអូអេបថេក ចាំបាច់ត្រូវប្រើវ៉ាក់សាំង 2ដូសក្នុងការព្យាបាល នោះមានន័យថា តាមរយៈការបញ្ជាទិញ 100ដូស នឹងមានជនជាតិអាមេរិកបានទទួលវ៉ាក់សាំង 50លាននាក់ និងតាមរយៈកិច្ចព្រមព្រៀង បានបញ្ជាក់ថា វ៉ាក់សាំង 2ដូស មានតម្លៃ 39ដុល្លារ។

បច្ចុប្បន្នទូទាំងពិភពលោក មានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី ច្រើនជាង 150ប្រភេទ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ដោយប្រើតិចណូឡូជីដ៏សម្បូរបែប ក្នុងនោះរួមមាន 24ប្រភេទ បានចូលដល់ដំណាក់កាលសាកល្បងនៅលើមនុស្សហើយ ហើយរដ្ឋបាលនៃប្រទេសផ្សេងៗ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយបណ្ដាអ្នកផលិតថ្នាំ ដើម្បីបញ្ជាទិញអនាគតវ៉ាក់សាំងទាំងនោះជាបណ្ដើរៗហើយ។

ចំណែកសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗ សម្រាប់គាំទ្រគ្រោងការអភិវឌ្ឍន៍វ៉ាក់សាំងរបស់ក្រុមហ៊ុនជាច្រើន ក្នុងនោះរួមទាំង ម៉ូឌើណា, អេស្ត្រាសេនេកា និងណូវ៉ាវ៉េកស៍ ជាដើម។

តែវ៉ាក់សាំងរបស់ហ្វៃហ្ស៊ើរ និង បៃអូអេនថេក គឺជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងដែលត្រៀមចូលទៅរកការសាកល្បងក្នុងក្រុមមនុស្សដ៏ធំ ក្រោយពីវាមានលទ្ធផលចេញមកក្នុងន័យវិជ្ជមាន ក្នុងការសាកល្បងលើមនុស្សក្រុមតូចៗក្នុងដំណាក់កាលដំបូង។

ហ្វៃហ្ស៊ើរ នឹងប្រគល់វ៉ាក់សាំង បើសិនជាវាបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ឬបានទទួលលិខិតអនុញ្ញាតពីអង្គការអាហារ និងថ្នាំ នៃសហរដ្ឋអាមេរិក ក្នុងករណីដែលវាបានពិសោធហើយថា មានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការសាកល្បងខាងគ្លីនិក(ការព្យាបាល)ក្រុមធំ ឬដំណាក់កាលទី3។

ក្រុមហ៊ុនទាំង2 (ហ្វៃហ្ស៊ើរ និងបៃអូអេនថេក) រំពឹងថា វ៉ាក់សាំងរបស់ពួកគេ នឹងត្រៀមជាស្រេច សម្រាប់ការសុំការអនុម័តពីអង្គភាពដែលគ្រប់គ្រងច្បាប់ បានយ៉ាងលឿនបំផុតក្នុងខែតុលា បើសិនការសិក្សាស្រាវជ្រាវដែលកំពុងដំណើរការ បានទទួលជោគជ័យ។

បច្ចុប្បន្ន ខាងហ្វៃហ្ស៊ើរ និង បៃអូអេនថេក រំពឹងថា ពួកគេនឹងអាចផលិតវ៉ាក់សាំងបានខ្ពស់បំផុត 100លានដូសទូទាំងពិភពលោក ក្នុងអំឡុងដំណាច់ឆ្នាំ2020 និងមានភាពអាចទៅរួចក្នុងការអាចផលិតបានច្រើនជាង 1,300លានដូស ក្នុងអំឡុងដាច់ឆ្នាំ2021។

កាលពីថ្ងៃចន្ទ(ទី20កក្កដា) ហ្វៃហ្ស៊ើរ និង បៃអូអេនថេក បានព្រមព្រៀងក្នុងការចាត់ការស្វែងរកអនាគតវ៉ាក់សាំងប្រឆាំងកូវីដ-19 ចំពោះសហរាជអាណាចក្រ 30លានដូស តែមិនមានការបង្ហើបឱ្យដឹងអំពីតម្លៃឡើយ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement