​ចិន​នឹង​បិទ​ស្ថាន​កុង​ស៊ុល​អាមេរិកាំង​​នៅ​ទីក្រុង​ Chengdu ដែល​ធ្វើ​សកម្ម​ភាព​ទូទាំង​​តំបន់​ភាគ​និរតី​ប្រទេស​ចិន

​ចិន​នឹង​បិទ​ស្ថាន​កុង​ស៊ុល​អាមេរិកាំង​​នៅ​ទីក្រុង​ Chengdu ដែល​ធ្វើ​សកម្ម​ភាព​ទូទាំង​​តំបន់​ភាគ​និរតី​ប្រទេស​ចិន
ស្ថាន​ភាព​​នៅ​ខាង​ក្រៅ​ស្ថាន​កុង​ស៊ុល​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ទីក្រុង​ Chengdu ប្រទេស​ចិន​

ប្រទេស​ចិន​កំពុង​តែ​ពន្លឿន​​ដំណើរ​ការ​ដើម្បី​បិទ​ស្ថាន​កុង​ស៊ុល​អាមេរិកាំង​នៅ​ទីក្រុង​ Chengdu ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដែល​ទីក្រុង​វ៉ាស៊ីង​តោន​​បញ្ជា​ឱ្យ​បិទ​​ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​ទីក្រុង Houston រដ្ឋ​ Texas។

សហរដ្ឋអាមេរិក​មាន​ស្ថាន​កុង​ស៊ុល​ចំនួន​5​នៅ​លើ​ទឹក​ដី​ប្រទេស​ចិន​ រួម​មាន​នៅ​ Guangzhou, Shanghai, Chengdu, Wuhan, Shenyang និង​ស្ថាន​កុង​ស៊ុល​មួយ​កន្លែង​ទៀត​សម្រាប់​ Hong Kong​ និង​ Macau។

ប្រភព​ព័ត៌មាន​របស់​ South China Morning Post បាន​អះអាង​ថា ស្ថាន​កុង​ស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ Chengdu ក្នុង​ខេត្ត​ Sichuan គឺជា​ជម្រើស​ដំបូង​របស់​ប្រទេស​ចិន​ដើម្បី​យក​មក​សង​សឹក​ ហើយ​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​ភាព​តាន​តឹង​រវាង​អាមេរិកាំង​ និង​ចិន​ បន្ត​ឡើង​កម្ដៅ​។

ដំបូង​ឡើយ​ ប្រភព​មួយ​ចំនួន​យល់​ថា ចិន​នឹង​បិទ​ទ្វារ​ស្ថាន​កុង​ស៊ុល​អាមេរិកាំង​នៅ​ទីក្រុង​ Wuhan ក្រោយ​ពី​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​សង​សឹក​។ ប៉ុន្តែ និពន្ធ​នាយក​របស់​ Global Times យល់​ថា ការ​បិទ​ស្ថាន​កុង​ស៊ុល​អាមេរិកាំង​នៅ​ Wuhan មិន​មាន​ភាព​ខ្លាំង​ក្លា​គ្រប់​គ្រាន់​នោះ​ទេ​ ព្រោះ​​ថា​សហរដ្ឋ​អាមេរិក​បាន​ជម្លៀស​បុគ្គលិក​របស់​ខ្លួន​ចេញ​អស់​រួច​ហើយ​កាលពី​ COVID-19 កំពុង​ឆ្លង​រាលដាល​ខ្លាំង​។​

ស្ថាន​កុង​ស៊ុល​របស់​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ Chengdu បាន​បើ​ក​ទ្វារ​កាល​ពី​ឆ្នាំ​1985​ និង​មាន​សារ​សំខាន់​ជា​យុទ្ធ​សាស្ត្រ​ ដោយ​សារ​តែ​​វា​ទទួល​ខុស​ត្រូវ​រាល់​បេសក​កម្ម​ផ្នែក​កុង​ស៊ុល​នៅ​ក្នុង​តំបន់​ភាគ​និរតី​នៃ​​ប្រទេស​ចិន​ រួម​មាន​ខេត្ត Sichuan, Yunnan, Guizhou, តំបន់​ស្វយ័ត Tibet និង Chongqing។ ស្ថាន​កុង​ស៊ុល​អាមេរិកាំង​នៅ​ទីក្រុង​ Chengdu ធ្លាប់​ជា​ទី​ចាប់អារម្មណ៍​របស់​ចិន​កាល​ពី​ពេល​អតីត​មេប៉ូលិស​ និង​ជា​អភិបាលរង​​ក្រុង​ Chongqing លោក​ Wang Lijun​ បាន​ចូល​ទៅ​សុំ​សិទ្ធិ​ជ្រោក​កោន​កាល​ពីថ្ងៃទី​6​កុម្ភៈ​2012​ នៅក្នុង​កិច្ច​ខិត​ខំ​ដើម្បី​ភៀស​ខ្លួន​។

​ចិន​នឹង​បិទ​ស្ថាន​កុង​ស៊ុល​អាមេរិកាំង​​នៅ​ទីក្រុង​ Chengdu ដែល​ធ្វើ​សកម្ម​ភាព​ទូទាំង​​តំបន់​ភាគ​និរតី​ប្រទេស​ចិន
​ចិន​នឹង​បិទ​ស្ថាន​កុង​ស៊ុល​អាមេរិកាំង​​នៅ​ទីក្រុង​ Chengdu ដែល​ធ្វើ​សកម្ម​ភាព​ទូទាំង​​តំបន់​ភាគ​និរតី​ប្រទេស​ចិន

ក្រោយ​រយៈ​ពេល​30​នាទី​នៅក្នុង​អគារ​របស់​ស្ថាន​កុង​ស៊ុល​អាមេរិក​ក្នុង​ទីក្រុង​ Chengdu លោក​ Wang Lijun ក៏​បាន​សម្រេច​ចិត្ត​បោះ​បង់​ការ​ភៀស​ខ្លួន​ និង​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​បង្ហាញ​ភ័ស្តុតាង​ចោទ​ប្រកាន់​អតីត​លេខា​ក្រុង​ Chongqing លោក Bo Xilai នៅក្នុង​កិច្ច​ប្រជុំ​​មួយ​ជា​មួយ​មន្ត្រី​អាមេរិកាំង​ខណៈលោក​កំពុង​​ស្ថិត​នៅ​ក្នុង​អគារ​ស្ថាន​កុង​ស៊ុល​​នេះ។ លោក​ Bo Xilai ក្រោយ​មក​ក៏​ត្រូវ​បាន​ដក​ហូត​តំណែង​ និង​កាត់​ទោស​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ ពី​​បទ​​ស៊ី​សំណូក​ និង​​ប្រើ​អំណាច​ខុស​ច្បាប់។ ចំណែក​ភរិយា​របស់​លោក Bo Xilai លោក​​ស្រី​ Gu Kailai ក៏ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ធ្វើ​ឃាត​អ្នកជំនួញ​អង់គ្លេស​ លោក Neil Heywood។

ចំពោះ​​លោក Wang Lijun វិញ​ ក៏ត្រូវ​បាន​កាត់​​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​1​5ឆ្នាំ​ពី​បទរំលោភ​​អំណាច​ ស៊ី​សំណូក​ និង​ទោស​ភៀស​ខ្លួន​។

សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​21​កក្កដា បាន​បញ្ជា​ឱ្យ​បិទ​​ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​ទីក្រុង Houston​ ដោយ​ទុក​ពេល​ឱ្យ​72​ម៉ោងសម្រាប់​រៀប​ចំ​។ ទង្វើ​នេះ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​អះអាង​ថា គឺ​​ដើម្បី​ “ការ​ពារ​កម្មសិទ្ធិ​បញ្ហា​ និង​ព័ត៌មាន​ឯកជន​របស់​ជន​ជាតិ​អាមេរិកាំង”។ សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ថា ស្ថាន​អគ្គកុងស៊ុល​ចិន​នៅ​ទីក្រុង​ Houston គឺជា​មជ្ឈមណ្ឌល​ចារកម្ម​របស់​កង​ទ័ព​ចិន​។

ចំណែក​ប្រទេស​ចិន​វិញ បាន​ហៅ​ករណី​នេះ​ថា​ជា “ការ​បង្កើន​ភាព​តាន​តឹង​ដែលមិន​ធ្លាប់​មាន​ពី​មុន​មក​” និង​ថាជា “ការ​បង្កហេតុ​ផ្នែក​នយោបាយ​ជា​ឯកតោ​ភាគី​” និង “បំផ្លាញ​ទំនាក់​ទំនង​ទ្វេភាគី​” ហើយ​ថា “ចិន​នឹង​ឆ្លើយ​តប​ជា​ចាំ​បាច់​”៕

ប្រភព៖ SCMP

Advertisement