សហរដ្ឋអាមេរិកលេងមែនទែន!! បញ្ជាឱ្យបិទស្ថានកុងស៊ុលចិន ក្នុងទីក្រុងហ៊ូស្តុន ជាការផ្ញើសារប្រាប់ក្រុងប៉េកាំងឱ្យ ឈប់លួចការសម្ងាត់របស់អាមេរិក

មន្ត្រីជាន់ខ្ពស់​ម្នាក់​រប​ស់​ក្រសួងការបរទេស​អាមេរិក បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃ​សុក្រ(ទី24កក្កដា)ម្សិលមិញ​ថា ការបិទ​ស្ថាន​កុងស៊ុល​ចិន​ក្នុង​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ គឺជា​ការផ្ញើ​សារ​ទៅកាន់​ក្រុង​ប៉េកាំង ឱ្យ​បញ្ឈប់​ប្រតិបត្តិការផ្សេងៗក្នុងការ​លួច​ការសម្ងាត់​ខាង​វិទ្យាសាស្ត្រ និង​តិច​ណូ​ឡូ​ជី​របស់​អាមេរិក។

មន្ត្រីជាន់ខ្ពស់​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូបនោះ បាន​ថ្លែងថា “វា​ដល់​ពេលដែល​អ្នក​ត្រូវតែ​និយាយថា ល្មម​ហើយ! ព្រោះ​ក្រុង​ប៉េកាំង​បាន​ប្រព្រឹត្តល្មើស​យ៉ាង​អាក្រក់​បំផុត​ចំពោះ​សង្គម​អាមេរិក ដែល​អាច​ចូលដល់​បាន​យ៉ាង​ឥស្សរៈ និង​សេរី​បំផុត ដោយ​ការគ្រប់គ្រង​ប្រតិបត្តិការផ្សេងៗ សម្រាប់​លួច​ទ្រព្យសម្បត្តិ​ខាង​បញ្ញា របស់​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់ ហើយ​ការបិទ​ស្ថាន​កុងស៊ុល​ក្នុង​ក្រុង​ហ៊ូ​ស្តុ​ន​នេះ គឺជា​ការបង្ហាញ​ឱ្យដឹង​យ៉ាង​ម៉ឺងម៉ាត់​ថា យើង​នឹងធ្វើ​មែនទែន​ប៉ុនណា”

កាលពី​ថ្ងៃ​អង្គារ(ទី21កក្កដា) ក្រសួងការបរទេស​អា​មេ​រិ​ក បានចេញ​បញ្ជា បិទ​ស្ថាន​កុងស៊ុល​របស់​ចិន នៅក្នុង​ទីក្រុង​ដ៏​ធំ​បំផុត​របស់​រដ្ឋ​តិច​សាស់ ដោយ​ទុកពេល​ឱ្យ​ក្រុង​ប៉េកាំង​រហូតដល់​ថ្ងៃ​សុក្រ(ទី24កក្កដា) សម្រាប់​ការបិទ​ស្ថាន​កុង​ស៊ុន​នេះ​ជា​ស្ថាពរ។

ទីភ្នាក់ងារ​ព័ត៌មាន អា អេ​ហ្វ ប៉េ បាន​រាយការណ៍​ថា គេ​បាន​មើលឃើញ​រថយន្ត​ភិ​ក​អាប់​បើក​ចេញ-ចូល​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ដឹកជញ្ជូន​វត្ថុ​របស់រប​រ និង​ឧបករណ៍ផ្សេងៗ ហើយ​នៅ​ថ្ងៃ​ពុធ(ទី22កក្កដា) គេ​មើលឃើញ​មាន​ផ្សែងខ្មៅ​អណ្ដែត​ឡើង​ចេញពី​តួ​អគារ ដែល​គេ​សន្និដ្ឋានថា បណ្ដា​ក្រុមមន្ត្រី​ចិន​កំពុង​ដុត​ឯកសារ​មួយចំនួន​ចោល។

នៅ​ព្រឹក​ថ្ងៃ​សុក្រ(ទី24កក្កដា) គេ​មើលឃើញ​ក្រុមមន្ត្រី​ចិន​ជាច្រើន​នាក់ ដោយ​ទាំងអស់​មាន​ពាក់​ម៉ាស់​អនាម័យ​ការពារ​វីរុស​ផង កំពុង​លើក​ថង់ធំៗឡើង​រថយន្ត​ដឹកជញ្ជូន តែមាន​មួយចំនួន ត្រូវបាន​បោះចោល​ទៅក្នុង​ធុងសំរាម​ដែល​នៅក្បែរនោះ។

មន្ត្រី​នៃ​ក្រសួងយុត្តិធម៌​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្នុងខណៈដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បានគិត​រួចស្រេច​ទៅហើយ​ថា ប្រហែលជា​ត្រូវ​ជួបនឹង​ការធ្វើ​ចារកម្ម និង​ការ​លួច​ទ្រព្យសម្បត្តិ​ខាង​បញ្ញា ពី​បណ្ដា​អ្នកការទូត​បរទេស​នោះ តែ​សកម្មភាព​របស់​ស្ថាន​កុងស៊ុល​ចិន​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន បាន “ធ្វើ​ល្មើស​ហួសហេតុ​ពេក។

ក្នុងនោះ​រួមទាំង​ករណី​ដែល​ពួកគេ​បាន​បញ្ជា​ឱ្យ​បណ្ដា​ពួក​និស្សិត និង​អ្នកស្រាវជ្រាវ​របស់​ចិន រិះរក​វិធី​ចូល​ឱ្យដល់​ទិន្នន័យ​ព័ត៌មាន និង​តិច​ណូ​ឡូ​ជី ក្នុង​រូប​បែប​ណាមួយ​ក៏បាន កេណ្ឌ​ប្រមូល​ប្រជាជន​អាមេរិក​ឱ្យ​ចូលរួម​ក្នុង​គ្រោងការ​តិច​ណូ​ឡូ​ជីរ​បស់​ពួកគេ និង​តម្រង់​គោលដៅ​ចាត់ការ​ជន​ជាតិចិន​ក្រុមប្រឆាំង​រដ្ឋាភិបាល ដែល​ស្នាក់នៅ​ក្នុងប្រទេស​អាមេរិក​ទៀតផង។

ជាការ​ឆ្លើយតប​នឹង​រឿងនេះ កាលពី​ថ្ងៃ​សុក្រ(ទី24កក្កដា) ក្រុង​ប៉េកាំង​បានចេញ​បញ្ជា​ឱ្យ​សហរដ្ឋអាមេរិក បិទ​ស្ថាន​កុងស៊ុល​នៅក្នុង​ទីក្រុង​ឈឹង​ទូ មណ្ឌល​សេ​ឆួ​ន ដូចគ្នា៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement