ចោរ​ប្រដាប់​អាវុធ​ប្លន់​យក​ប្រាក់​ពី​ធនាគារ​វៀត​ណាម​​បាន​សម្រេច​ រួច​ចេញ​មក​ក្រៅ​ប្លន់​យក​ម៉ូតូមួយ​គ្រឿង​ជិះ​គេច​ខ្លួន​បាត់ស្រមោល

ចោរ​ប្រដាប់​អាវុធ​ប្លន់​យក​ប្រាក់​ពី​ធនាគារ​វៀត​ណាម​​បាន​សម្រេច​ រួច​ចេញ​មក​ក្រៅ​ប្លន់​យក​ម៉ូតូមួយ​គ្រឿង​ជិះ​គេច​ខ្លួន​បាត់ស្រមោល

បុរស2​នាក់​ពាក់​ម៉ាស់​ ប្រដាប់​ដោយ​កាំភ្លើង​ សម្រុក​ចូល​ក្នុង​ធនាគារ​ BIDV នៅ​រដ្ឋធានី​ហាណូយ​​នៃ​ប្រទេស​វៀត​ណាម ​ហើយ​ក៏​​បាន​ប្លន់​យក​ប្រាក់​​រាប់​រយ​លាន​ដុង​ពី​ធនាគារ​ និង​ម៉ូតូ​1​គ្រឿង​ទៀត​ពី​អតិថិ​ជន​របស់​ធនាគារ​នេះ​ផងដែរ។

ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​9​និង50​នាទី​ ថ្ងៃ​ទី​27​កក្កដា​នេះ នៅ​ធនាគារ​ BIDV ក្នុងតំបន់​ Huynh Thuc Khang ​ទីក្រុង​ហាណូយ​។ នៅ​ពេល​បុគ្គលិក​ធនាគារ​កំពុង​តែ​ជាប់​ដៃ​ទទួល​អតិថិ​ជន​ ចោរ​ប្លន់​2​នាក់​បាន​សម្រុក​ចូលធនាគារ​ រួច​​​បាន​ផ្ទុះ​អាវុធ​ គំរាម​មនុស្ស​គ្រប់​គ្នា​។

ភាគី​ខាង​ធនាគារ​បាន​បញ្ជាក់​ថា ចោរ​​ប្រដាប់​អាវុធ​2​នាក់​នេះ​ បាន​ប្លន់​យក​ប្រាក់​អស់​រាប់​រយ​លាន​ដុង​​ពី​កន្លែង​ប្រតិបត្តិ​ការ​​របស់​ធនាគារ​។ មក​ដល់​បច្ចុប្បន្ន ធនាគារ​ BIDV សាខា​ Ngoc Khanh ដែល​ត្រូវ​ចោរ​ប្លន់​នេះ​ បាន​និង​កំពុង​​ដំណើរ​ការ​ជា​ធម្មតា​ឡើង​វិញ​ហើយ​។

ប៉ូលិស​ខណ្ឌ​ Dong Da ​នៃ​រដ្ឋធានី​ហាណូយ​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ចាក​ចេញ​ពី​ធនាគារ​ ចោរ​ប្រដាប់​អាវុធ​2​នាក់​នេះ​ថែម​ទាំង​បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ​របស់​អតិថិ​ជន​ម្នាក់​ដែល​កំពុង​ដក​ប្រាក់​នៅ​ក្នុង​ទូ ATM នៅ​ខាង​មុខ​ទ្វារ​ធនាគារនេះ​​ រួច​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​។ បច្ចុប្បន្ន​ សមត្ថ​កិច្ច​​កំពុង​តាម​រក​​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ​ហើយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement