វៀតណាម​រកឃើញ​អ្នក​ផ្ទុក​COVID-19 សរុប​ជាង​500​នាក់​! ក្រុម​អ្នក​ជំនាញ​​អាមេរិក​ និង​អូស្ត្រាលី​​អះអាង​ថា នេះ​មិន​ទាន់​ក្លាយ​ជា​រលកទី2នៃ​វីរុស​COVID-19 នៅឡើយ

ទីក្រុង​ហាណូយ​បាន​ធ្វើ​តេស្ត​លឿន​បាន​ចំនួន​​ជិត​52,000​លើកទៅលើ​ពលរដ្ឋ​ដែល​ជាប់​សង្ស័យ​ថា​អាច​មាន​ផ្ទុក​វីរុស​COVID-19 ក្នុង​ពេល​ដែល​​ទីក្រុង​ហូជីមិញ​បាន​បញ្ចេញ​​លទ្ធ​ផល​ធ្វើ​តេស្ត​​​ចំនួន​1,351​នាក់​។

នៅ​ទីក្រុង​ហាណូយ ក្នុងចំណោម​សំណាក​ចំនួន​21,000​ករណី​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​លឿន គឺ​មាន​2​ករណី​បង្ហាញ​ថា​វិជ្ជមាន​ជាមួយ​នឹង​COVID-19 ប៉ុន្តែលទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​បច្ចេកទេស​ PCR សុទ្ធ​តែ​បង្ហាញ​លទ្ធ​ផល​អវិជ្ជមាន​។

លោក Khong Minh Tuan នាយក​រង​នៃ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​នៃ​ក្រុង​ហាណូយ​បាន​ឱ្យ​ដឹង​ថា CDC របស់​ទីក្រុង​នេះ​ បាន​ធ្វើ​តេស្ត​លឿន​សរុប​ជិត​52,000​លើក​​នៅក្នុង​ខណ្ឌ​ចំនួន​30​។ គិត​ដល់ថ្ងៃ​នេះ​ (31​កក្កដា) ទីក្រុង​ហាណូយ​បាន​ធ្វើ​តេស្ត​លឿន​ទៅលើ​​ពលរដ្ឋ​ដែល​មក​ពី​ទីក្រុង​ដាណាំង​នៅក្នុង​ខែ​កក្កដា​ ចំនួន​21,732​នាក់។

នៅក្នុង​ថ្ងៃ​នេះ ទីក្រុង​ហាណូយ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​2​ករណី​តែប៉ុណ្ណោះ​ ដែល​អ្នកទាំង​នេះ​មាន​ជាប់​ពាក់​ព័ន្ធនឹង​ទីក្រុង​ដាណាំង​។

ចំណែក​នៅ​ទីក្រុង​ហូជីមិញ​វិញ គិត​មក​ដល់​ពេល​នេះ​ កំពុង​ធ្វើ​តេស្ត​លើ​សំណាក​របស់​ពលរដ្ឋ​ចំនួន​14,000​នាក់​​ ក្នុងចំណោម​មនុស្ស​ចំនួន​22,000​នាក់​ដែល​បាន​មក​រាយការណ៍​ បន្ទាប់​ពី​បាន​ត្រលប់​មក​ពី​ទីក្រុង​ដាណាំង រាប់​ចាប់​ពី​ថ្ងៃទី​1​កក្កដា​។ ក្នុង​ចំណោម​សំណាក​ចំនួន​14,000​ករណី​ដែល​​កំពុង​ធ្វើ​តេស្ត​ គឺ​មាន​លទ្ធ​ផលអ​វិជ្ជមាន​ចំនួន​1,351​នាក់ ក្រៅ​ពី​នេះ​ កំពុង​រង់​ចាំ​លទ្ធ​ផល​។

បច្ចុប្បន្ន​ ទីក្រុង​ហូជីមិញ​កំពុង​ព្យាបាល​អ្នកជំងឺ​COVID-19 ថ្មី​ ចំនួន​2​នាក់​ ដែល​ជា​ជនជាតិ​អាមេរិកាំង​។ ទីក្រុង​នេះ​កំពុង​តាម​ដាន​មនុស្ស​ចំនួន​470​នាក់​ ចំណែក​​1,113​នាក់​ផ្សេង​ទៀត​កំពុង​ដាក់​ឱ្យ​នៅដោយ​ឡែក​ ខណៈ​3,350​នាក់​ទៀត​កំពុង​បង្ខាំង​ខ្លួន​នៅក្នុង​ផ្ទះ​។

គិត​មក​ដល់​បច្ចុប្បន្ន​ ប្រទេស​វៀតណាម​បាន​រកឃើញ​អ្នកជំងឺ​សរុប​ចំនួន​ 509​នាក់​ ក្នុង​នោះ​មាន​136​នាក់​កំពុង​ទទួលការ​ព្យាបាល​ និង​373​នាក់បាន​ជាសះស្បើយ។ ទីក្រុង​ចំនួន​3​ដែល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ច្រើន​ជាង​គេ​ រួម​មាន​រដ្ឋធានី​ហាណូយ​ (123នាក់) ទីក្រុង​ដាណាំង (85​នាក់) និង​ទីក្រុង​ហូជីមិញ (64​នាក់)។

ទាក់​ទិន​នឹងតួលេខ​នៃ​ករណី​រកឃើញ​អ្នក​ផ្ទុក​វីរុសCOVID-19 ​នៅ​វៀត​ណាម​ក្នុង​ពេល​ថ្មី​ៗ​នេះ ក្រុម​ជំនាញ​ផ្នែក​សុខាភិបាល​នៃ​សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី បាន​អះអាង​ថា ស្ថាន​ភាព​ COVID-19 នៅ​ប្រទេស​វៀតណាម​ មិនទាន់​ក្លាយ​ជា​រលក​នៃ​ការ​រាត​ត្បាត​ទី​2​របស់​វីរុស​នេះ​នៅឡើយ។ ក៏ប៉ុន្តែ ក្រុម​វេជ្ជ​បណ្ឌិត​ទាំងនេះ​បាន​ផ្ដល់​យោបល់​ថា​​​វៀតណាម​គួរ​តែ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ជាង​នេះ​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស

Advertisement