អូស្ត្រាលី ប្រកាសដាក់ប្រទេសក្នុងសភាវគ្រោះវិបត្តិ ដាក់បម្រាមគោចរ ក្រោយជួប “ករណីអាថ៌កំបាំង”

អូស្ត្រាលី ប្រកាសដាក់ប្រទេសក្នុងសភាវគ្រោះវិបត្តិ ដាក់បម្រាមគោចរ ក្រោយជួប “ករណីអាថ៌កំបាំង”

រដ្ឋវិកតូរៀ របស់ប្រទេសអូស្ត្រាលី បានប្រកាសសភាវគ្រោះវិបត្តិទូទាំងរដ្ឋ និងហាមប្រជាជនក្នុងទីក្រុងមែលប៊ន ចេញពីផ្ទះនៅពេលរាត្រី ក្រោយជួប “ករណីអាថ៌កំបាំង” មានមនុស្សជាច្រើនរយអ្នកឆ្លងមេរោគកូវីដ-19 ដោយមិនអាចតាមដានបាន។

ខណៈដែលទូទាំងពិភពលោក រួមទាំងអាមេរិក អង់គ្លេស និងអេស្ប៉ាញផង បានត្រឡប់មកដាក់បញ្ជាឱ្យប្រើវិធានការតឹងរ៉ឹងក្នុងកម្រិតផ្សេងៗនោះ លោក ឌែនៀល អ៊ែនឌ្រូស៍ អភិបាលរដ្ឋវិកតូរៀ បានប្រកាសកាលពីថ្ងៃអាទិត្យ(ទី2សីហា)ឱ្យបង្កើនវិធានការដាក់កំហិតក្នុងកម្រិតខ្ពស់បំផុត ដើម្បីទប់ស្កាត់ចំនួនអ្នកឆ្លងមេរោគដែលកើនឡើងយ៉ាងឆាប់រហ័ស និងមិនអាចតាមដានបាន។

លោកបានថ្លែងថា បើមិនដាក់បញ្ជាឱ្យប្រើវិធានការបិទទីក្រុងកម្រិត4 រយៈពេល 6សប្ដាហ៍ទេនោះ រដ្ឋវិកតូរៀ នឹងត្រូវប្រថុយប្រថានក្នុងការបិទទីក្រុងកម្រិត3 រយៈពេល 6ខែ ដោយសារតែមិនអាចគ្រប់គ្រងការឆ្លងរាលដាលបាន និងថែមទាំងជាការបង្កើនបន្ទុកយ៉ាងធ្ងន់ដល់ប្រព័ន្ធសេវាសុខាភិបាលទៀតផង។

ក្រោមវិធានការបិទទីក្រុងកម្រិត4 នេះ ប្រជាជនមិនអាចធ្វើដំណើរចេញទៅឆ្ងាយក្រៅរង្វង់ 5គីឡូម៉ែត្រពីផ្ទះបានទេ ហាត់ប្រាណនៅក្រៅផ្ទះបាន 1ថ្ងៃ 1ម៉ោង និងគ្រួសារនីមួយៗ នឹងអាចមានតែមនុស្សម្នាក់គត់ ដែលចេញទៅទិញអីវ៉ន់បានក្នុង 1ថ្ងៃ 1ដង និងជាពិសេស ទីក្រុងមែលប៊ន នឹងដាក់បញ្ជាឱ្យប្រើវិធានការបម្រាមគោចរចាប់ពីម៉ោង 8យប់ ដល់ 5ភ្លឺទៀតផង។

សម្រាប់ការប្រកាសសភាវគ្រោះវិបត្តិនេះ នឹងធ្វើឱ្យប៉ូលិស និងអាជ្ញាធរផ្សេងៗ មានអំណាចច្រើនឡើង និងអាចបញ្ជាឱ្យប្រើច្បាប់ថ្មីផ្សេងៗបានយ៉ាងឆាប់រហ័ស។

រដ្ឋនីវសៅថ៍វេលស៍ ជារដ្ឋដែលមានប្រជាជនច្រើនបំផុតក្នុងប្រទេសអូស្ត្រាលី បានលើកកម្ពស់ការប្រកាសអាសន្នដូចគ្នា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគកូរ៉ូណា ដោយបានអំពាវនាវឱ្យប្រជាជនពាក់ម៉ាស់អនាម័យការពារនៅពេលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ និងទៅផ្សារ។

នៅសហរដ្ឋអាមេរិក អ្នកយកព័ត៌មាន មិនបានទទួលការអនុញ្ញាតឱ្យចូលយកព័ត៌មានពីកិច្ចប្រជុំកម្រិតជាតិរបស់គណបក្ស រីផាប្លិកាន់ ដែលរៀបចំឡើងនៅចុងខែនេះ នៅរដ្ឋ ណូស ឃែរ៉ូឡៃណា ហើយនឹងមានការប្រកាសដាក់ឈ្មោះលោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតីអាណត្តិទី2ទៀតផង ដោយអ្នកនាំពាក្យរបស់គណបក្ស បានបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមនេះ គឺដើម្បីការពារការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា។

លោកត្រាំ បាននិយាយវាយប្រហារថា អ្វីដែលលោក អ៊ែនថូនី ហ្វៅហ្ស៊ី អ្នកជំនាញការផ្នែកជំងឺឆ្លង និងជាទីប្រឹក្សាសំខាន់ក្នុងការក្នុងការតស៊ូប្រឆាំងនឹងកូវីដ-19 របស់មន្ទីរសេតវិមាន និយាយថា អាមេរិកមានអ្នកជំងឺកូវីដ-19ច្រើនជាងគេបំផុតក្នុងពិភពលោក គឺជាង 4.5លាននាក់ គឺដោយសារតែរដ្ឋបាលកណ្ដាល និងរដ្ឋបាលក្នុងតំបន់ ទប់ទល់មិនតឹងរ៉ឹងនោះ “មិនមែនជាការពិតទេ” តែ គឺដោយសារតែមានការពិនិត្យរកអ្នកឆ្លងមេរោគបានច្រើនជាងប្រទេសឯទៀតៗប៉ុណ្ណឹងឯង។

តាមរយៈទិន្នន័យរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ បានឱ្យដឹងថា ខណៈនេះមានអ្នកឆ្លងមេរោគកូវីដ-19 ជិត 17.8លាននាក់ និងស្លាប់ជាង 683,000នាក់ ទូទាំងពិភពលោក៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement